ទ័ពអាកាសរុស្ស៊ី បន្ដធ្លាក់យន្ដហោះចម្បាំង លើអគារលំនៅឋាន

ទ័ពអាកាសរុស្ស៊ី បន្ដធ្លាក់យន្ដហោះចម្បាំង លើអគារលំនៅឋាន

រដ្ឋធានីមូស្គូ៖ ត្រឹមតែរយៈពេល៥ថ្ងៃកន្លងមកនេះ កងទ័ពអាកាសរបស់រុស្ស៊ី បានធ្លាក់យន្ដហោះទម្លាក់គ្រាប់បែក Su-34 និង យន្ដហោះចម្បាំងដ៏ទំនើប សរុប២គ្រឿង ប៉ុន្ដែការធ្លាក់ នៅតំបន់ស៊ីបេរី បានសម្លាប់អាកាសយានិក ចំនួន២នាក់។

សារព័ត៌មាន Euro News បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២៣ ខែតុលា ថា យន្ដហោះចម្បាំងរបស់រុស្ស៊ី ចំនួនមួយគ្រឿង ប្រភេទ Sukhoi Su-30 បានធ្លាក់ទៅលើអគារលំនៅឋានចំនួន២ជាន់ ស្ថិតក្នុងទីក្រុងអៀរគូតស្ក៍ (Irkutsk) នាភាគខាងត្បូងស៊ីបេរី ប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ។ នៅក្នុងហេតុការណ៍នោះ បានបណ្ដាលឲ្យអាកាសយានិក នៅក្នុងយន្ដហោះនោះចំនួន២នាក់ បានបាត់បង់ជីវិត។ នេះជាឧបទ្ទហេតុស្រដៀងគ្នាលើកទី២ គិតក្នុងរយៈពេលត្រឹម៦ថ្ងៃកន្លងមកនេះ។

លោក អ៊ីហ្គ័រ កូបហ្សេវ (Igor Kobzev) អភិបាលក្រុងអៀរគូតស្ក៍ បានឱ្យដឹងថា មុនពេលជួបនូវឧបទ្ទវហេតុដ៏អាក្រក់បែបនេះ យន្តហោះចម្បាំង Sukhoi Su-30 មួយគ្រឿង បានហោះហើរសាកល្បង ហ្វឹកហ្វឺន តាមទម្លាប់របស់កងទ័ពអាកាសរុស្ស៊ី។ ប៉ុន្ដែក្រោយមក ស្រាប់តែយន្ដហោះនោះ បានធ្លាក់មកលើអគារលំនៅឋានមួយខ្នង មានកម្ពស់២ជាន់។

ជាមួយគ្នានេះដែរ លោកអភិបាលក្រុង ក៏បានបង្ហោះឃ្លីបវីដេអូបង្ហាញ អំពីសកម្មភាព ក្រុមទីភ្នាក់ងារពន្លត់អគ្គិភ័យ ចេញទៅធ្វើអន្ដរាគមន៍ នៅកន្លែងកើតហេតុនោះ។ លោកអភិបាលក្រុង បានអះអាង ថា អ្នកនៅលើដី ពុំមានអ្នកណាម្នាក់រងគ្រោះថ្នាក់នោះទេ។ ដោយ អាកាសយានិក នៅលើយន្តហោះនោះ ទាំង២នាក់បានបាត់បង់ជីវិត។

យន្តហោះទម្លាក់គ្រាប់បែកមួយគ្រឿងរបស់រុស្ស៊ី ប្រភេទ Sukhoi Su-34 កាលពីថ្ងៃទី១៧ បានធ្លាក់ចំពីលើអគារអាផាតមិន១កន្លែង ស្ថិតក្នុងទីក្រុងយ៉ីស្កិ៍ (Yeysk) ភាគខាងត្បូង ប្រទេសរុស្ស៉ី ក្បែរព្រំដែនអ៊ុយក្រែន បង្កឲ្យកើតគ្រោះអគ្គិភ័យឆាបឆេះឡើងយ៉ាងខ្លាំង។ នៅក្នុងហេតុការណ៍នោះ បានសម្លាប់មនុស្ស យ៉ាងតិច១៥នាក់ ប៉ុន្ដែអាកាសយានិកម្នាក់ នៅក្នុងយន្ដហោះ បានចុចបាញ់ឆត្រលោតចេញ ទាន់ពេលវេលា រួចផុតពីសេចក្ដីស្លាប់៕

អត្ថបទដែលជាប់ទាក់ទង