គណៈរដ្ឋមន្រ្ដីថ្មីរបស់ចក្រភពអង់គ្លេស នឹងប្រកាសនៅថ្ងៃនេះ
គណៈរដ្ឋមន្រ្ដីថ្មីរបស់ចក្រភពអង់គ្លេស នឹងប្រកាសនៅថ្ងៃនេះ
រាជធានីឡុងដ៍៖ ក្រោយពេលអតីតនាយករដ្ឋមន្រ្ដី លោក បូរីស ចនសុន (Boris Johnson) បានដកខ្លួនចេញរួចមក នៅទីបំផុត បុរសមានឪពុកម្ដាយ ជាជនជាតិឥណ្ឌា នឹងក្លាយនាយករដ្ឋមន្រ្ដីថ្មីរបស់ចក្រភពអង់គ្លេស ហើយរដ្ឋាភិបាលរបស់គាត់ ក៏នឹងត្រូវប្រកាស នៅថ្ងៃអង្គារ បន្ទាប់ពីការចូលគាល់ព្រះមហាក្សត្រ ឆាលស៍។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៤ ខែតុលា ថា លោក រីស៊ី ស៊ូណាក់ (Rishi Sunak) អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទ (វេលាក្នុងតំបន់) បានក្លាយជានាយករដ្ឋមន្រ្ដី នៃប្រទេសមហាអំណាចបស្ចិមលោកមួយនេះ ក្រោយពេលបេក្ខជនផ្សេងៗទៀត នៅក្នុងគណបក្សអភិរក្សនិយមរបស់គាត់ បានបោះបង់ចោលការប្រកួតប្រជែង សម្រាប់តំណែងមេបក្សមួយនេះ ខណៈប្រទេសកំពុងបែកបាក់គ្នាយ៉ាងខ្លាំង បង្កឡើងដោយសារតែវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត មិនធ្លាប់មានពីមុនមក។
បុរសដើមកំណើតឥណ្ឌារូបនេះ នឹងចូលគាល់ព្រះមហាក្សត្រ ចក្រភពអង់គ្លេស ឆាលស៍ (Charles) នៅក្នុងព្រះបរមរាជវាំងបាក់ឃីងហាម (Buckingham Palace) នាព្រឹក ថ្ងៃអង្គារ មុននឹងឡើងកាន់តំណែង ជានាយករដ្ឋមន្រ្ដី។ ចំណែករដ្ឋាភិបាលរបស់គាត់ ក៏នឹងត្រូវបានប្រកាស នៅថ្ងៃអង្គារនេះ ដែរ ក្រោយពេលគាត់ធ្វើដំណើរ ទៅចូលគាល់ព្រះមហាក្សត្រ Charles ។
ស្របគ្នានេះដែរ លោកស្រី លីស ត្រាស់ (Liz Truss) ក៏នឹងធ្វើជាអធិបតី នៅក្នុងកិច្ចប្រជុំចុងក្រោយ នៃគណៈរដ្ឋមន្រ្ដីរបស់លោកស្រី នៅវេលាម៉ោង៩ព្រឹក ថ្ងៃអង្គារ (វេលានៅក្នុងតំបន់) រួចហើយលោកស្រី នឹងថ្លែងសុន្ទរកថា នៅខាងក្រៅវិមានរដ្ឋាភិបាល Downing Street ។ បន្ទាប់មក លោកស្រី លីស ត្រាស់ នឹងអញ្ជើញទៅកាន់ព្រះបរមរាជវាំងបាក់ឃីងហាម (Buckingham Palace) ដើម្បីធ្វើសវនាការជាមួយនឹងព្រះមហាក្សត្រ ផងដែរ។
នាយករដ្ឋមន្រ្ដីថ្មីរបស់ចក្រភពអង់គ្លេស លោក រីស៊ី សូណាក់ (Rishi Sunak) កើតនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៨០។ គាត់ជាអ្នកនយោបាយរបស់អង់គ្លេស មានដើមកំណើតឥណ្ឌា ធ្លាប់បម្រើការងារ ជារដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថុ ចន្លោះពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២០ និង ជាសមាជិកសភា ចាប់តាំងពីឆ្នាំ២០១៥ រហូតមក។
លោក Sunak ជាអ្នកនយោបាយដ៏មានបំផុតម្នាក់ នៅក្នុងតំបន់ Westminster នឹងត្រូវបានស្នើសុំ ដោយព្រះមហាក្សត្រ Charles ដើម្បីបង្កើតរដ្ឋាភិបាលមួយ ជំនួសមេដឹកនាំ ដែលបានចាកចេញ គឺលោកស្រី Liz Truss ក្រោយការកាន់តំណែងបានត្រឹមតែ៤៥ថ្ងៃប៉ុណ្ណោះ។
លោក Sunak បានចាញ់លោកស្រី Liz Truss នៅក្នុងការប្រជែងតំណែងនាយករដ្ឋមន្ត្រី សម្រាប់ការស្នងតំណែង ពីលោក បូរីស ចនសុន (Boris Johnson) ក្រោយការប្រកាសលាលែងពីតំណែង កាលពីខែកញ្ញាកន្លងទៅ។ ប៉ុន្ដែក្រោយពេលទទួលបានជ័យជម្នះ នៅក្នុងការប្រកួតប្រជែងរួចមក លោកស្រី Liz Truss បានក្លាយជានាយករដ្ឋមន្ត្រី ត្រឹមតែរយៈពេលដ៏ខ្លីជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ចក្រភពអង់គ្លេស ក៏ត្រូវប្រកាសលាលែងពីតំណែង ដោយសារតែវិបត្ដិនយោបាយ និង សេដ្ឋកិច្ច៕