ប្រធានាធិបតីអ៊ុយក្រែន រិះគន់ខ្លាំងៗ ទៅលើអ៊ីស្រាអែល
ប្រធានាធិបតីអ៊ុយក្រែន រិះគន់ខ្លាំងៗ ទៅលើអ៊ីស្រាអែល
រដ្ឋធានីកៀវ៖ ក្រោយពេលដាក់សំណើមួយដងជា២ដង សុំទិញប្រព័ន្ធការពារដែនអាកាសពីប្រទេសអ៊ីស្រាអែល យកមករារាំងដល់ការវាយប្រហារដោយមីស៊ីល និង ដ្រូន ពីកម្លាំងទាហានរុស្ស៊ី ហើយមិនទទួលបានលទ្ធផលជាវិជ្ជមានត្រឡប់មកវិញ មេដឹកនាំក្រុងកៀវ បានរិះគន់យ៉ាងខ្លាំងដល់អព្យាក្រឹតភាពរបស់ក្រុងជេរូហ្សឡឹម (Jerusalem) ។
សារព័ត៌មាន AFP បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៥ ខែតុលា ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានរិះគន់ដល់អព្យាក្រឹតភាពរបស់អ៊ីស្រាអែល ជុំវិញការធ្វើសង្គ្រាម រវាងក្រុងកៀវ និង ក្រុងមូស្គូ។ ការសម្រេចចិត្តរបស់មេដឹកនាំអ៊ីស្រាអែល មិនផ្ដល់គ្រឿងសព្វាវុធ មកឲ្យក្រុងកៀវ មិនខុសពីការលើកទឹកចិត្តដល់ភាពជាដៃគូយោធារបស់រុស្ស៉ី និង អ៊ីរ៉ង់ នោះឡើយ។
ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងទៅកាន់សន្និសីទមួយ រៀបចំឡើយ ដោយកាសែត Haaretz របស់អ៊ីស្រាអែល កាលពីថ្ងៃចន្ទ ថា ក្រុងកៀវ បានលើកឡើងនូវសំណើរម្ដទៀត ដាក់ទៅកាន់ប្រទេសអ៊ីស្រាអែល សម្រាប់ការសុំទិញប្រព័ន្ធការពារដែនអាកាសប្រឆាំងមីស៊ីល ប្រភេទ Iron Dome ដើម្បីមករារាំងការវាយប្រហារដោយមីស៊ីល ពីកម្លាំងទាហានរុស្ស៊ី។ ប៉ុន្តែ លោក បែននី ហ្គាន់ស៍ (Benny Gantz) រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានប្រាប់ដល់សមភាគីអ៊ុយក្រែន លោក អូឡែកស៊ី រ៉េសនីកូវ (Oleksiy Reznikov) ថា អ៊ីស្រាអែល នឹងមិនផ្តល់ប្រព័ន្ធសព្វាវុធទៅដល់ប្រទេសអ៊ុយក្រែន នោះឡើយ។
អ៊ីស្រាអែល ចង់រក្សាទំនាក់ទំនងយោធាយូរអង្វែងជាមួយនឹងរុស្ស៊ី ពាក់ព័ន្ធនឹងសង្គ្រាម នៅក្នុងប្រទេសស៊ីរី ហើយចង់រក្សាសុខុមាលភាពជនជាតិជ្វីប នៅរុស្ស៊ី ផងដែរ។ ដោយសារតែបញ្ហាទាំងនេះ ទើបអ៊ីស្រាអែល សុខចិត្តរក្សាភាពអព្យាក្រឹត នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន។
ទោះជាយ៉ាងណា អ៊ីស្រាអែល សុខចិត្តផ្ដល់ជំនួយមនុស្សធម៌ដល់ប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ី បានចូលឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមក។ ប៉ុន្តែអ៊ីស្រាអែល បានបដិសេធត្រឹមតែការផ្តល់ឧបករណ៍យោធា ដោយសារខ្លាចប៉ះពាល់ដល់ទំនាក់ទំនងជាមួយរុស្ស៊ី៕