នាយករដ្ឋមន្រ្ដីថ្មីរបស់ចក្រភពអង់គ្លេស ចាប់ដៃជាមួយសហរដ្ឋអាមេរិក គាំទ្រអ៊ុយក្រែន

នាយករដ្ឋមន្រ្ដីថ្មីរបស់ចក្រភពអង់គ្លេស ចាប់ដៃជាមួយសហរដ្ឋអាមេរិក គាំទ្រអ៊ុយក្រែន

រដ្ឋាធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក បានហៅទូរស័ព្ទ ទៅកាន់នាយករដ្ឋមន្រ្ដីថ្មីរបស់ចក្រភពអង់គ្លេស ហើយបានឯកភាពគ្នា បន្ដកិច្ចគាំទ្រ ជួយដល់ប្រទេសអ៊ុយក្រែន ដែលកំពុងតែធ្វើសង្គ្រាម ដើម្បីរំដោះទឹកដី និង ការពារសេរីភាពរបស់ពួកគេ ហើយមេដឹកនាំប្រទេសមហាអំណាចទាំង២នេះ ក៏ប្ដេជ្ញា ទប់ទល់នឹងឥទ្ធិពលរបស់មហាយក្សចិន ដែលកំពុងតែបង្កើនអំណាចយោធាផងដែរ។

គេហទំព័រសេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៥ ខែតុលា ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃនេះ (ថ្ងៃអង្គារ) បានថ្លែងទៅកាន់លោក រីស៊ី ស៊ូណាក់ (Rishi Sunak) នាយករដ្ឋមន្រ្ដីថ្មីរបស់ចក្រភពអង់គ្លេស ដើម្បីស្វាគមន៍ ដល់ការតែងតាំងរូបគាត់។ មេដឹកនាំប្រទេសមហាអំណាចទាំង២ នេះ បានអះអាងជាថ្មី អំពីទំនាក់ទំនងយ៉ាងពិសេស រវាងប្រទេសទាំង២ ដោយបានគូសបញ្ជាក់ អំពីបំណងប្រាថ្នារបស់ពួកគេ នៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើបញ្ហាសំខាន់ៗ សម្រាប់សន្តិសុខ និង វិបុលភាពរបស់ពិភពលោក។

ជាមួយគ្នានេះ មេដឹកនាំទាំង២ បានឯកភាពលើសារៈសំខាន់ នៃការធ្វើការរួមគ្នា ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន ហើយនៅតែទាមទារឲ្យប្រទេសរុស្ស៊ី ត្រូវតែទទួលខុសត្រូវ ចំពោះការឈ្លានពានរបស់កក្រុងមូស្គូ មកលើប្រទេសជិតខាង, ដោះស្រាយបញ្ហាប្រឈម បង្កឡើងដោយប្រទេសចិន និង ធានាបាននូវធនធានថាមពល ប្រកបដោយនិរន្តរភាព ហើយមានតម្លៃសមរម្យ។ ជាមួយគ្នានេះ មេដឹកនាំទាំង២ ក៏បានពិភាក្សាគ្នា អំពីការប្តេជ្ញាចិត្តរួមគ្នា នៅក្នុងការការពារផលប្រយោជន៍ នៃកិច្ចព្រមព្រៀង Belfast/Good Friday និង តម្រូវការថែរក្សាសន្ទុះឆ្ពោះ ទៅរកកិច្ចព្រមព្រៀងចរចា ជាមួយសហភាពអឺរ៉ុប ស្តីពីពិធីសារអៀរឡង់ដ៍ខាងជើង។

មន្រ្ដីសេតវិមាន បានបញ្ជាក់ ថា ប្រធានាធិបតីសហរដ្ឋអាមេរិក និង នាយករដ្ឋមន្រ្ដីថ្មីរបស់ចក្រភពអង់គ្លេស បានឯកភាព ថា នឹងដោះស្រាយបញ្ហាប្រឈមទាំងឡាយ បង្កឡើងដោយប្រទេសចិន ខណៈក្រុងវ៉ាស៊ីនតោន តែងតែចាត់ទុកជាគូប្រជែងភូមិសាស្ត្រនយោបាយដ៏ធំបំផុតរបស់ខ្លួន នៅក្នុងសតវត្សទី២១។ ចក្រភពអង់គ្លេស ជាសម្ពន្ធមិត្តអឺរ៉ុបដ៏សំខាន់បំផុតរបស់សហរដ្ឋអាមេរិក នៅក្នុងការបំពាក់គ្រឿងសព្វាវុធ និង ផ្ដល់ជំនួយយោធា ជួយដល់អ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី៕

អត្ថបទដែលជាប់ទាក់ទង