សហរដ្ឋអាមេរិក សម្រេចផ្ដល់ប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន ទប់ទល់រុស្ស៊ី
សហរដ្ឋអាមេរិក សម្រេចផ្ដល់ប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន ទប់ទល់រុស្ស៊ី
រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេល កងទ័ពការពារទឹកដីរបស់ក្រុងកៀវ កំពុងតែបង្កើនការវាយរំដោះទឹកដីរបស់ពួកគេ ទាំងនៅតំបន់ភាគខាងកើត និង ភាគខាងត្បូង ហើយចំពេលទាហានរុស្ស៊ី បន្ដវាយប្រហារ ដោយមីស៊ីលយ៉ាងសាហាវនោះមក សហរដ្ឋអាមេរិក កំពុងតែពិចារណា ផ្ដល់ប្រព័ន្ធមីស៊ីលការពារដែនអាកាសសេរ៊ីចាស់ ធ្លាប់ប្រើប្រាស់ នៅសម័យសង្គ្រាមវៀតណាម ទៅឲ្យអ៊ុយក្រែន សម្រាប់ការពារខ្លួន។
សារព័ត៌មាន The Defense Post បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៥ ខែតុលា ថា ក្រុមមន្រ្ដីសហរដ្ឋអាមេរិក បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខមួយ ថា ក្រុងវ៉ាស៊ីនតោន កំពុងតែពិចារណា បញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស រយៈចម្ងាយមធ្យមស៊េរីចាស់ ប្រភេទ ហាក (HAWK) ទៅឱ្យអ៊ុយក្រែន ដើម្បីទប់ទល់ ប្រឆាំងនឹងយន្ដហោះគ្មាមនុស្សបើក ឬដ្រូន និង មីស៊ីលគ្រូសរបស់រុស្ស៉ី។
មន្ត្រីសហរដ្ឋអាមេរិក ចំនួន២រូប សុំលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា រដ្ឋបាលរបស់លោក ចូ បៃដិន (Joe Biden) នឹងប្រើប្រាស់សិទ្ធិអំណាចប្រធានាធិបតី (Presidential Drawdown Authority) ហៅកាត់ PDA ដើម្បីបញ្ជូនប្រព័ន្ធការពារដែនអាកាស HAWK ធ្លាប់ប្រើប្រាស់ នៅក្នុងសម័យសង្រ្គាមវៀតណាម ទៅកាន់ប្រទេសអ៊ុយក្រែន។ ប៉ុន្តែប្រព័ន្ធមីស៊ីលទាំងនោះ ត្រូវបានយកមកកែកុនឡើងវិញ ជាច្រើនលើករួចមកហើយ។
បើសិទ្ធិអំណាចរបស់ PDA នេះ នឹងអនុញ្ញាតឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក អនុម័តលើការបញ្ជូនគ្រឿងសព្វាវុធ ចេញពីឃ្លាំងស្ដុកគ្រឿងយុទ្ធភណ្ឌរបស់សហរដ្ឋអាមេរិក ដោយមិនចាំបាច់ឆ្លងកាត់ការអនុម័ត ពីសភាអាមេរិក ជាមុន ដើម្បីឆ្លើយតបនឹងគ្រាអាសន្ន ឬបន្ទាន់។
សហរដ្ឋអាមេរិក បានផ្ដល់ជំនួយយោធា មានទំហំទឹកប្រាក់ជាង ១៧,៦ពាន់លានដុល្លារ ទៅជួយដល់រដ្ឋាភិបាលក្រុងកៀវ ចាប់តាំងពីរុស្ស៊ី បានលើកកងទ័ព ចូលលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមក៕