ទាហានរុស្ស៊ី លែងធ្វើអ្វីកើត បានត្រឹមតែទប់ការវាយលុកពីកងទ័ពការពារទឹកដីអ៊ុយក្រែន

ទាហានរុស្ស៊ី លែងធ្វើអ្វីកើត បានត្រឹមតែទប់ការវាយលុកពីកងទ័ពការពារទឹកដីអ៊ុយក្រែន

រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ កងទ័ពការពារទឹកដីអ៊ុយក្រែន កំពុងតែមានសន្ទុះ វាយរុលចូលទៅមុខ ទម្លុះខ្សែត្រៀមការពាររបស់កម្លាំងទាហានរុស្ស៊ី នៅក្នុងតំបន់ឃើរសុន ខណៈមានសេចក្ដីរាយការណ៍ ពីការបញ្ជូនកម្លាំងបន្ថែម សម្រាប់ការពារតំបន់កាន់កាប់របស់ពួកគេរៀងៗខ្លួន។

ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២៦ ខែតុលា ថា ក្រុមមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន បានប៉ាន់ប្រមាណ ថា «ការប្រយុទ្ធយ៉ាងខ្លាំងក្លាបំផុត» នឹងចូលទៅដល់ក្នុងតំបន់ឃើរសុន (Kherson) ស្ថិតនៅភាគខាងត្បូង ប្រទេស ដែលបានធ្លាក់ ទៅក្រោមការគ្រប់គ្រងរបស់កម្លាំងទាហានរុស្ស៊ី ចាប់តាំងពីក្រុងមូស្គូ បានបើកការឈ្លានពាន មិនបានប៉ុន្មានថ្ងៃផង។ ជាមួយនឹងការវាយលុកយ៉ាងខ្លាំងក្លា ពីកងទ័ពការពារទឹកដីអ៊ុយក្រែន នោះ ធ្វើឲ្យទាហានរុស្ស៉ី បង្កើនការទប់ទល់។

លោក អូឡេចស៊ី អារ៉េស្តូវ៉ិក (Oleksiy Arestovych) ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន បានថ្លែង តាមវីដេអូ កាលពីរាត្រី ថ្ងៃអង្គារ ថា «បើយើងនិយាយ អំពីតំបន់ឃើរសុន គឺអ្វីៗគ្រប់យ៉ាង ពិតជាច្បាស់ណាស់ថា រុស្ស៊ី កំពុងតែបន្ថែមកម្លាំងទាហាន ដើម្បីពង្រឹងតំបន់ការពារ នៅទីនោះ។ នេះមានន័យថា គ្មានភាគីណាមួយ កំពុងតែរៀបចំដកថយឡើយ។ ប៉ុន្ដែផ្ទុយទៅវិញ ការប្រយុទ្ធយ៉ាងខ្លាំងក្លា រវាងកងទ័ពការពារទឹកដីអ៊ុយក្រែន និង កម្លាំងទាហានរុស្ស៊ី នឹងកើតឡើង នៅក្នុងតំបន់នេះ»។

ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីខែកញ្ញា បានប្រកាសដាក់បញ្ចូលតំបន់ចំនួន៤របស់អ៊ុយក្រែន ដែលកម្លាំងទាហានក្រុងមូស្គូ កាន់កាប់ជាទឹកដីរបស់រុស្ស៊ី។ តំបន់ទាំងនោះ រួមមាន ឃើរសុន (Kherson) តំបន់ហ្សាប៉ូរីសហ្សា (Zaporizhzhia) ដែលតំបន់ទាំង២នេះ ស្ថិតនៅភាគខាងត្បូង ប្រទេស ហើយតំបន់ដូណែតស្ក៍ (Donetsk) និង លូហានស្ក៍ (Luhansk) ដែលនៅភាគខាងកើត៕

អត្ថបទដែលជាប់ទាក់ទង