ស៊ី ជីនពីង ទទួលអំណាចខ្លាំងនៅអាណត្ដិទី៣ នឹងដាក់សម្ពាធបន្ថែម លើតៃវ៉ាន់

ស៊ី ជីនពីង ទទួលអំណាចខ្លាំងនៅអាណត្ដិទី៣ នឹងដាក់សម្ពាធបន្ថែម លើតៃវ៉ាន់

ទីក្រុងតៃប៉ិ៖ នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ចិន បាន និង កំពុងតែបង្កើននូវការដាក់សម្ពាធយ៉ាងខ្លាំង មកលើតៃវ៉ាន់ ជាពិសេស ចាប់តាំងពីលោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក មកបំពេញទស្សនកិច្ច នៅទីក្រុងតៃប៉ិ ចន្លោះពីថ្ងៃទី២-៣ ខែសីហា ហើយនៅក្នុងអាណត្ដិទី៣ នៃការឆ្នោត ជាអគ្គលេខាធិការបក្សកុម្មុយនិស្តចិនរបស់លោក ស៊ី ជិនពីង ត្រូវគេគិតថា ក្រុងប៉េកាំង នឹងនៅតែបន្ដដាក់សម្ពាធកាន់តែខ្លាំងឡើងបន្ថែមទៀត។

សារព័ត៌មានសិង្ហបុរី AFP បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២៦ ខែតុលា ថា លោករដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ កាលពីថ្ងៃពុធ បានអះអាង ថា ក្រុងប៉េកាំង ទំនងជានឹងដាក់សម្ពាធទាំងផ្នែកនយោបាយ និង ការទូត មកលើតៃវ៉ាន់ បន្ដទៀត ក្រោយពេលលោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន បានជាប់ជាអគ្គលេខាធិការ បក្សកុម្មុយនិស្តចិន សម្រាប់អាណត្តិទី៣។
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន កាលពីថ្ងៃអាទិត្យមុន បោះឆ្នោតជ្រើសរើសលោក ស៊ី ជិនពីង ឱ្យធ្វើជាអគ្គលេខាធិការបក្សបន្ដ សម្រាប់អាណត្តិទី៣ ហើយលោក ស៊ី ក្លាយជាមេដឹកនាំដ៏មានឥទ្ធិពលបំផុត នៅក្នុងប្រទេសចិន ចាប់តាំងពីលោក ម៉ៅ សេទុង មក។

ក្រុងប៉េកាំង តែងតែអះអាង ថា តៃវ៉ាន់ ជាអាណាខេត្តមួយរបស់ចិន មិនអាចកាត់ផ្ដាច់ចេញពីប្រទេសមហាយក្ស នៅអាស៊ីមួយនេះ បានឡើយ។ ជាមួយនឹងការអះអាងរបស់ក្រុងប៉េកាំង នោះ លោក ស៊ី ជិនពីង តែងតែប្តេជ្ញានឹងបង្រួបបង្រួមគ្នាឡើងវិញ បើទោះជាត្រូវប្រើកម្លាំងយោធាក៏ដោយ ប្រសិនបើមានករណីចាំបាច់។ ក្រៅពីគំរាមប្រើប្រាស់កម្លាំងយោធានោះ ចិន ក៏បានចំណាយពេលជាច្រើនឆ្នាំកន្លងមកហើយ ដើម្បីបញ្ចុះបញ្ចូលសម្ពន្ធមិត្តការទូតរបស់តៃវ៉ាន់ ឲ្យកាត់ផ្ដាច់ចំណងការទូតជាមួយនឹងដែនកោះមួយនេះ ហើយវិលមកភ្ជាប់ទំនាក់ទំនងយ៉ាងរឹងមាំ ជាមួយនឹងក្រុងប៉េកាំងវិញ។

លោក ចូសេព វូ (Joseph Wu) រដ្ឋមន្ដ្រីក្រសួងការបរទេសតៃវ៉ាន់ បានបញ្ជាក់ ថា «បញ្ហានេះអាចទៅរួច ខណៈស្ថានការណ៍ការទូតរបស់យើង នឹងកាន់តែយ៉ាប់យ៉ឺនឡើង។ យើងទទួលបានព័ត៌មានគួរឱ្យបារម្ភមួយចំនួន។ ប៉ុន្តែយើងសង្ឃឹមថា ទំនាក់ទំនងការទូតរបស់យើង នឹងទទួលឥទ្ធិពល ដោយសារចិន»។

លោកប្រមុខការទូតតៃវ៉ាន់ បានបន្ថែម ថា ថ្វីបើស្ថិតក្នុងស្ថានភាពបែបនេះក្ដី ស្ថានទូត និង បេសកកម្មការទូតរបស់យើងទាំងអស់ កំពុងត្រៀមខ្លួនជាប់ជានិច្ច។ យើងនឹងផ្ទៀងផ្ទាត់ព័ត៌មានបន្ដទៀត ហើយយើងចាត់វិធានការ ពង្រឹងទំនាក់ទំនងការទូត ឱ្យកាន់តែរឹងមាំបន្ថែម។ ឥឡូវយើងមានប្រទេសចំនួន១៤ នៅតែភ្ជាប់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ប៉ុន្តែភាគច្រើនសុទ្ធតែជាប្រទេសដីកោះតូចៗប៉ុណ្ណោះ។

ក្រុងប៉េកាំង បានបង្កើនសម្ពាធយ៉ាងខ្លាំង មកលើកោះតៃវ៉ាន់ ក្រោយពេលលោកស្រី ណានស៊ី ផេឡូស៊ី ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក បានមកបំពេញទស្សនកិច្ច នៅលើដែនកោះមួយនេះ ចន្លោះពីថ្ងៃទី២-៣ ខែសីហា កន្លងទៅ។ ជាប្រតិកម្មខឹងសម្បាតបតនោះ ចិនបានបញ្ជូនកងទ័ព នាវាចម្បាំង និង យោធា ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ឡោមព័ទ្ធតៃវ៉ាន់។

ជាមួយនឹងការគំរាមកំហែងពីក្រុងប៉េកាំង និង ការប្រមើលមើលរបស់បស្ចិមលោក ជុំវិញលទ្ធភាពរបស់ចិន អាចនឹងវាយប្រហារដណ្ដើមយកតៃវ៉ាន់ នៅក្នុងឆ្នាំ២០២៧នោះ សហរដ្ឋមន្រ្ដីអាមេរិក ក៏កំពុងតែពិចារណា លើការផលិតគ្រឿងសព្វាវុធរបស់ខ្លួន រួមគ្នាជាមួយតៃវ៉ាន់ នៅលើដែនកោះនេះតែម្ដង។ ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក៏ដើម្បីបង្កើនល្បឿនដល់ការផ្គត់ផ្គង់គ្រឿងសព្វវុធដល់រដ្ឋាភិបាលរបស់លោកស្រី សៃ អ៊ីងវ៉ិន ប្រធានាធិបតីតៃវ៉ាន់ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង