កងទ័ពសហរដ្ឋអាមេរិក សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ
កងទ័ពសហរដ្ឋអាមេរិក សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ
រដ្ឋធានីវ៉ាស៊ីនតោន៖ កងទ័ពសហរដ្ឋអាមេរិក បានសាកល្បងគ្រាប់រ៉ុក្កែត មានល្បឿនលឿនជាងសំឡេងប្រកបដោយជោគជ័យ ស្របពេលរុស្ស៊ី បានជូនដំណឹងជាមុន ពីការធ្វើសមយុទ្ធយោធាកម្លាំងនុយក្លេអ៊ែរប្រចាំឆ្នាំរបស់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ថា កងទ័ពសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានសាកល្បងបាញ់គ្រាប់រ៉ុក្កែតផ្ទុកឧបករណ៍សាកល្បងផ្សេងៗ ប្រកបដោយជោគជ័យ។ នេះជាកិច្ចប្រឹងប្រែងអភិវឌ្ឍអាវុធមានល្បឿនលឿនជាងសំឡេង តាមកម្មវិធីរបស់ក្រុងវ៉ាស៊ីនតោន។
មន្រ្ដីកងទ័ពសហរដ្ឋអាមេរិក បានបញ្ជាក់ ថា គ្រាប់រ៉ុក្កែតស្រាវជ្រាវនេះ បានបាញ់បង្ហោះ នៅក្នុងមូលដ្ឋានធ្វើតេស្តរ៉ុក្កែត និង មីស៊ីល Wallops Flight Test Facility ស្ថិតក្នុងរដ្ឋវីជីនៀ (Virginia) សម្រាប់ប្រមូលទិន្នន័យ ស្តីអំពីសមាសធាតុផ្សំផ្សេងៗ នៃមីស៊ីលល្បឿនលឿនជាងសំឡេង រួមមាន ទាំងវត្ថុធាតុសម្រាប់ការពារកម្តៅ និង ប្រព័ន្ធអេឡេត្រូនិចទំនើបៗផ្សេងទៀត។ការសាកល្បងគ្រឿងសព្វាវុធនាពេលនេះ ក៏ដើម្បីគាំទ្រដល់កម្មវិធីអភិវឌ្ឍអាវុធល្បឿនលឿនជាសំឡេងរួមគ្នា រវាងកងទ័ពជើងគោក និង កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក។
កងទ័ពសហរដ្ឋអាមេរិក ធ្លាប់ធ្វើតេស្ដលើកទី១ កាលពីខែតុលា ឆ្នាំ២០២១ ហើយការបាញ់លើកទី២ បានធ្វើឡើង កាលពីថ្ងៃពុធ។ រីឯនៅថ្ងៃព្រហស្បតិ៍ (ពេលវេលានៅអាមេរិក) រ៉ុក្កែតស្រាវជ្រាវ១គ្រាប់ទៀត នឹងត្រូវបាញ់បង្ហោះ ដើម្បីប្រមូលព័ត៌មានបន្ថែម។ ចំណែកទិន្នន័យប្រមូល បានពីការធ្វើតេស្តទាំងនេះ នឹងជួយដល់ការអភិវឌ្ឍកម្មវិធី Conventional Prompt Strike របស់កងទ័ពជើងទឹកអាមេរិក ដោយផ្តោតលើការបាញ់មីស៊ីល ចេញពីនាវាចម្បាំង និង នាវាមុជទឹក ហើយកម្មវិធី Long Range Hypersonic Weapon របស់កងទ័ពជើងគោកសហរដ្ឋអាមេរិក។
កម្មវិធីទាំងពីរនេះ នឹងប្រើប្រាស់អាវុធមានល្បឿនលឿនជាងសំឡេង តាមអ្វីដែលគេហៅថា Common Hypersonic Glide Body កំពុងស្ថិតក្នុងការអភិវឌ្ឍ។ ជាមួយគ្នានេះ ក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងកំណត់យកកិច្ចប្រឹងប្រែងអភិវឌ្ឍអាវុធមានល្បឿនលឿនជាងសំឡេង ជាអាទិភាពចម្បងបំផុតមួយរបស់សហរដ្ឋអាមេរិក។
ការបាញ់សាកល្បងរបស់កងទ័ពសហរដ្ឋអាមេរិក បានធ្វើឡើង ក្រោយពេលចិនបានធ្វើតេស្តបាញ់សាកល្បងអាវុធ មានល្បឿនលឿនជាងសំឡង ដោយជោគជ័យ កាលពីឆ្នាំ២០២១។ ដោយឡែក រុស្ស៉ី បានចាប់ផ្តើមប្រើប្រាស់មីស៊ីល មានល្បឿនលឿនសំឡេង នៅក្នុងសង្រ្គាមនៅអ៊ុយក្រែន។ ចំណែអាវុធមានល្បឿនលឿនជាងសំឡេង ឬ Hypersonic Weapon នេះ អាចហោះនៅក្នុងលឿន ចន្លោះពីប្រហែលចន្លោះពី៦ ៥០០គីឡូម៉ែត្រ ក្នុង១ម៉ោងឡើងទៅ៕