សហរដ្ឋអាមេរិក ឃើញបង្រ្កាបលើបាតុករ ដាក់ទណ្ឌកម្មប្រឆាំងនឹងមន្រ្ដីជាន់ខ្ពស់អ៊ីរ៉ង់
សហរដ្ឋអាមេរិក ឃើញបង្រ្កាបលើបាតុករ ដាក់ទណ្ឌកម្មប្រឆាំងនឹងមន្រ្ដីជាន់ខ្ពស់អ៊ីរ៉ង់
រដ្ឋធានីវ៉ាស៊ីនតោន៖ ដោយសារតែភាពតានតឹង រវាងក្រុងវ៉ាស៊ីនតោន និង ក្រុងតេអ៊ីរ៉ង់ កំពុងតែមានស្រាប់ផង ហើយបន្ថែមពីលើនេះ អាជ្ញាធរអ៊ីរ៉ង់ បានបង្ក្រាបទៅលើក្រុមអ្នកតវ៉ា ជុំវិញការសស្លាប់ស្រ្ដីម្នាក់ នៅក្នុងពន្ធនាគារផងនោះ ទើបសហរដ្ឋអាមេរិក បានសម្រេចដាក់ទណ្ឌកម្ម ប្រឆាំងនឹងអ្នកទទួលខុសត្រូវ នៅក្នុងពន្ធនាគារអេវិន (Evin) ។
ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ថា សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានសម្រេចដាក់គោលដៅ ទៅលើមន្ត្រីអ៊ីរ៉ង់ មួយចំនួន ពាក់ព័ន្ធនឹងពន្ធនាគារអេវិន Evin ស្ថិតក្នុងទីក្រុងតេហេរ៉ង់ (Tehran) ។ ទណ្ឌកម្មថ្មីរបស់ក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងអ៊ីរ៉ង់ ក៏ផ្ដោតទៅលើបទល្មើសបច្ចេកវិទ្យា និង ការបង្ក្រាបលើការតវ៉ា ពីសំណាក់ក្រុមប៉ូលិស នៃប្រទេសមជ្ឈិមបូព៌ាមួយនេះផងដែរ។
លោក អេនតូនី ប្លីនខែន (Antony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា «យើងនឹងបន្តស្វែងរកមធ្យោបាយគាំទ្រ ជួយដល់ប្រជាជនអ៊ីរ៉ង់ ដែលតវ៉ាដោយសន្តិវិធី ការពារសិទ្ធិ និង សេរីភាពជាមូលដ្ឋានរបស់ពួកគេ។ ចំណែកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក នឹងបន្តដាក់បន្ទុក ទៅលើបុគ្គល និង អង្គភាព នៃប្រទេសអ៊ីរ៉ង់ ដែលចូលរួមគាបសង្កត់យ៉ាងឃោរឃៅ មកលើពលរដ្ឋស្លូតត្រង់»។
ការផ្ទុះឡើងបាតុកម្ម នៅតាមបណ្ដាទីក្រុងមួយចំនួន នៅក្នុងប្រទេសអ៊ីរ៉ង់ បានកើតឡើង ក្រោយពេលនារីវ័យក្មេងម្នាក់ ឈ្មោះ ម៉ាស់សា អាមីនី (Mahsa Amini) អាយុ២២ឆ្នាំ ត្រូវបានបូលិសសីលធម៌ ចាប់យកទៅឃុំឃាំង ហើយស្លាប់នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ ការស្លាប់យ៉ាងអយុត្ដិធម៌របស់នារីរងគ្រោះ បានបង្កឲ្យក្លាយជាបញ្ហាប្រឈមមុខដ៏ខ្លាំងក្លាបំផុត នៅក្នុងការដឹកនាំរបស់មេដឹកនាំអ៊ីរ៉ង់ ចាប់តាំងពីបដិវត្តន៍ នាឆ្នាំ១៩៧៩មក៕