មេដឹកនាំចិន ចង់សហការល្អជាមួយសហរដ្ឋអាមេរិក សម្រាប់ផលប្រយោជន៍រួម

មេដឹកនាំចិន ចង់សហការល្អជាមួយសហរដ្ឋអាមេរិក សម្រាប់ផលប្រយោជន៍រួម

រដ្ឋធានីប៉េកាំង៖ ស្របពេលចំណងទំនាក់ទំនងការទូត និង ពាណិជ្ជកម្ម រវាងក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង កាន់តែតានតឹងខ្លាំងឡើង ជុំវិញបញ្ហាសង្គ្រាមពាណិជ្ជកម្មបន្សល់ទុក តាំងពីរដ្ឋការរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និង បញ្ជាកោះតៃវ៉ាន់ រកទីបញ្ចប់មិនឃើញនោះ ប៉ុន្ដែនៅក្នុងអាណត្ដិរយៈពេល៥ឆ្នាំ លើកទី៣របស់លោក ស៊ី ជិនពីង ក៏ចង់បន្ធូរបន្ថយស្ថានការណ៍នេះ ដោយការអះអាង ថា ចិន ចង់ធ្វើការល្អ ជាមួយសហរដ្ឋអាមេរិក ដើម្បីផលប្រយោជន៍ទៅវិញទៅមក និង ពិភពលោក។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ថា លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន បានបញ្ជាក់ ថា ចិន មានគោលបំណងធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីរកវិធីផ្លូវដើរ នៅក្នុងរយៈពេលវែង សម្រាប់ផលប្រយោជន៍ ទៅវិញទៅមក។ លោកប្រធានាធិបតី បានថ្លែងបែបនេះ ត្រូវបានបណ្ដាញទូរទស្សន៍ គ្រប់គ្រងដោយសារដ្ឋចិន រាយការណ៍ នៅមុនពេលកិច្ចប្រជុំជាមួយនឹងសមភាគីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

បណ្ដាញទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋចិន CCTV បានផ្សាយថា លោកប្រធានាធិបតី ស៊ី បានបញ្ជាក់ ថា «ពិភពលោកសព្វថ្ងៃ មិនទាន់មានសន្តិភាព ឬ វិបុលភាពពេញលេញនៅឡើយទេ។ ប៉ុន្ដែក្នុងនាមជាមហាអំណាចកំពូល ចិនត្រូវតែពង្រឹងនូវការទាក់ទង និង កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក។ ចំណងទំនាក់ទំនង រវាងមហាអំណាចទាំង២នេះ នឹងជួយបង្កើនស្ថិរភាព និង ភាពប្រាកដប្រជា ជាសកលលោក ហើយលើកកម្ពស់ដល់សន្តិភាព និង ការអភិវឌ្ឍពិភពលោក ថែមទៀតផង»។

លោកប្រធានាធិបតីចិន បានបន្ថែម ថា «ចិន មានសុច្ឆន្ទៈជានិច្ច ធ្វើកិច្ចសហការជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើតការគោរព និង ផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ព្រមទាំងស្វែងរកមធ្យោបាយ សម្រាប់សម្រុះស្រួលគ្នា ហើយរួមរស់ជាមួយគ្នា ប្រកបដោយភាពសុខសាន្ត នៅក្នុងយុគសម័យថ្មី។ បើធ្វើយ៉ាងដូច្នេះបាន វាមិនត្រឹមមានផលប្រយោជន៍ល្អ សម្រាប់ប្រទេសមហាអំណាចទាំងពីរទេ ប៉ុន្ដែវាជាផលប្រយោជន៍ ដល់ពិភពលោកទាំងមូលថែមទៀតផង»៕

អត្ថបទដែលជាប់ទាក់ទង