ពូទីន ចាប់ផ្ដើមព្រមានពីគ្រោះថ្នាក់របស់ពិភពលោក ចំពេលទាហានរុស្ស៊ីបាក់ទ័ពជាបន្ដបន្ទាប់

ពូទីន ចាប់ផ្ដើមព្រមានពីគ្រោះថ្នាក់របស់ពិភពលោក ចំពេលទាហានរុស្ស៊ីបាក់ទ័ពជាបន្ដបន្ទាប់

រដ្ឋធានីមូស្គូ៖ នៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ អស់រយៈពេល២៤៧ថ្ងៃកន្លងមកនេះ គិតត្រឹមថ្ងៃទី២៨ ខែតុលា ហើយការវាយប្រយុទ្ធគ្នា កំពុងតែបន្ដ ខណៈកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ហាក់កំពុងតែមានប្រៀបជាងទាហានរុស្ស៊ី នៅលើសមរភូមិ ប៉ុន្ដេនៅពេលនេះ ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានចាប់ផ្ដើមព្រមានពីគ្រោះថ្នាក់បំផុតរបស់ពិភពលោក។

សារព័ត៌មាន RNZ បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៨ ខែតុលា ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានព្រមាន ថា ពិភពលោកបានប្រឈមមុខនឹងទសវត្សរ៍ដ៏គ្រោះថ្នាក់បំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២ ខណៈមេដឹកនាំបណ្ដាប្រទេសបស្ចិមលោក ចបានព្យាយាមទប់ស្កាត់ការដួលរលំ ដែលមិនអាចចៀសបាន ពីការគ្រប់គ្រងពិភពលោករបស់សហរដ្ឋអាមេរិក និង សម្ពន្ធមិត្តរបស់ខ្លួន។

ប្រធានាធិបតីរុស្ស៊ី បានចោទប្រកាន់ដល់សហរដ្ឋអាមេរិក អំពីការញុះញង់ នាំឱ្យមានជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែន។ បណ្ដាប្រទេសលោកខាងលិច កំពុងតែលេង អ្វីដែលគាត់ហៅថា ជាការដើរតួជាល្បែងភូមិសាស្ត្រនយោបាយ ប្រកបដោយ «គ្រោះថ្នាក់ បង្ហូរឈាម និង ជាទង្វើដ៏កខ្វក់» កំពុងតែសាបព្រោះនូវភាពវឹកវរ នៅទូទាំងពិភពលោក។

មេដឹកនាំវិមានក្រឹមឡាំង រូបនេះ បានព្យាយាម បង្ហាញ អំពីភាពត្រឹមត្រូវ ចំពោះការលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ដែលជាសកម្មភាពមួយ ធ្វើឱ្យប្រទេសរបស់គាត់ ត្រូវនៅឯកោ ពីឆាកអន្តរជាតិ។

នៅក្នុងចំណោមប្រទេស១៩៣ នៃមហាសន្និបាត អង្គការសហប្រជាជាតិ មានប្រទេសចំនួន១៤៣ រួមទាំង ប្រទេសអារ៉ាប៊ីសាអូឌី ជាសម្ពន្ធមិត្តដ៏យូរលង់ណាស់មកហើយជាមួយនឹងក្រុងមូស្គូ កាលពីថ្ងៃទី១២ ខែតុលា បានបោះឆ្នោតថ្កោលទោសរុស្ស៊ី ជុំវិញការកាត់យកតំបន់ចំនួន៤របស់អ៊ុយក្រែន មកធ្វើជាទឹកដីរបស់ខ្លួន។ ចំណែកប្រទេស បានបោះឆ្នោតប្រឆាំងនឹងការថ្កោលទោសនេះ មានតែ៥ប្រទេសប៉ុណ្ណោះ រួមទាំងរុស្ស៊ី ខ្លួនឯង និង ប្រទេសជាសម្ពន្ធមិត្ដចំនួន៤ទៀត មានដូចជា បេឡារុស (Belarus), នីការ៉ាហ្គ័រ (Nicaragua), កូរ៉េខាងជើង (North Korea) និង ស៊ីរី (Syria) ។ សូម្បីតែប្រទេសចិន ឥណ្ឌា និង អាហ្វ្រិកខាងត្បូង …ជាដើម ក៏ស្ថិតក្នុងចំណោមប្រទេសចំនួន៣៥ ដែលបោះឆ្នោតអនុបវាទ។

ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន ក៏បានចោទប្រកាន់ដល់បស្ចិមលោក អំពីការបង្កាច់បង្ខូចនុយក្លេអ៊ែរ ប្រឆាំងនឹងរុស្ស៊ី ដើម្បីបង្ខំសម្ពន្ធមិត្ត ឱ្យងាកចេញពីក្រុងម៉ូស្គូ។ ប្រទេសមហាអំណាចលោកខាងលិច បានបរិហារដល់ការគំរាមកំហែង អំពីការប្រើប្រាសអាវុធនុយក្លេអ៊ែរដ៏អាថ៌កំបាំង កាលពីពេលថ្មីៗនេះ បង្កឡើង ដោយវិមានក្រឹមឡាំង។

សម្ពន្ធមិត្តយោធារបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ណាតូ កាលពីដើមសប្ដាហ៍នេះ បានថ្កោលទោស ដល់ការអះអាង ដោយគ្មានហេតុផល លើកឡើងដោយរុស្ស៊ី បានចោទប្រកាន់ ថា អ៊ុយក្រែន អាចនឹងប្រើប្រាស់ «គ្រាប់បែកកខ្វក់» ដែលជាគ្រឿងបំផ្ទុះធម្មតា មានផ្ទុកសារធាតុវិទ្យុសកម្ម វាយប្រហារមកលើទឹកដីរបស់ខ្លួន។ ប៉ុន្ដែអង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោកមួយនេះ បានចាត់ទុកការចោទប្រកាន់របស់ក្រុងមូស្គូ ជាលេសមួយ សម្រាប់ការឈានដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងអ៊ុយក្រែន។

លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការ អង្គការណាតូ បានសង្កត់ធ្ងន់ ថា សមាជិកសម្ពន្ធមិត្តយោធារបស់អង្គការនេះ បានទាត់ចោលការចោទប្រកាន់របស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។ ក្រុងមូស្គូ មិនត្រូវបង្កើតលេសបែបនេះ សម្រាប់ការបង្កើនជម្លោះបន្ថែមទៀត នោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង