យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដរបស់អាមេរិក ទៅកាន់អូស្រ្ដាលី ជាសារព្រមានចិន រារាំងវាយប្រហារតៃវ៉ាន់
យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដរបស់អាមេរិក ទៅកាន់អូស្រ្ដាលី ជាសារព្រមានចិន រារាំងវាយប្រហារតៃវ៉ាន់
រាជធានីកង់បេរ៉ា៖ ជាមួយនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើង ពីក្រុងប៉េកាំង អាចនឹងលើកទ័ព ចូលលុកលុយ ទៅលើដែនកោះតៃវ៉ាន់ នោះ កងទ័ពអាកាសរបស់សហរដ្ឋអាមេរិក បានរៀបចំផែនការដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ ជាច្រើនគ្រឿង ទៅកាន់ប្រទេសអូស្រ្ដាលី ដើម្បីជាសារយ៉ាងធ្ងន់ព្រមានដល់ចិន។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៣១ ខែតុលា ថា បើតាមសារព័ត៌មានអូស្រ្ដាលី ABC បានរាយការណ៍ កាលពីថ្ងៃចន្ទ ថា សហរដ្ឋអាមេរិក កំពុងតែរៀបចំគម្រោង ដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ B-52 ជាច្រើនគ្រឿង មានសមត្ថភាព បំពាក់នុយក្លេអ៊ែរ ចំនួន៦គ្រាប់ នៅក្នុងមូលដ្ឋានកងទ័ពអាកាស នាភាគខាងជើង ប្រទេសអូស្រ្ដាលី។ សកម្មភាពយោធារបស់ក្រុងវ៉ាស៊ីនតោន អាចនឹងបង្កើនភាពតានតឹងជាមួយនឹងក្រុងប៉េកាំង បន្ថែមទៀត។
មន្រ្ដីកងទ័ពអាកាសសហរដ្ឋអាមេរិក ត្រូវបានដកស្រង់សម្ដី ដោយថ្លែង នៅក្នុងរបាយការណ៍នោះ ថា សមត្ថភាពដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក រយៈចម្ងាយឆ្ងាយ មកកាន់ប្រទេសអូស្រ្ដាលី ដើម្បីបញ្ជូនសារខ្លាំងៗ ទៅកាន់សត្រូវ អំពីសមត្ថភាពរបស់ក្រុងវ៉ាស៊ីនតោន ដើម្បីពង្រីកអំណាចដែនអាកាសដ៏សាហាវបំផុតរបស់ខ្លួន។
លោកស្រី បែកកា វ៉ាសស័រ (Becca Wasser) មន្ត្រីជាន់ខ្ពស់ នៃមជ្ឈមណ្ឌលសន្តិសុខសហរដ្ឋអាមេរិក មានមូលដ្ឋាន នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី បានប្រាប់ដល់ ABC ថា ការដាក់ពង្រាយយន្តហោះ B-52 នៅក្នុងប្រទេសអូស្ត្រាលី អាចធ្វើឲ្យយន្ដហោះទាំងនេះ ហោះទៅដល់ ឬវាយប្រហារដល់ចិនដីគោក ប្រសិនបើមានការផ្ទុះសង្គ្រាម ហើយវានឹងក្លាយជាការព្រមានយ៉ាងធ្ងន់ៗ ដល់ក្រុងប៉េកាំង ខណៈមានការព្រួយបារម្ភកាន់តែខ្លាំង អំពីការវាយប្រហារពីចិន មកលើកោះតៃវ៉ាន់។
នៅក្នុងកម្មវិធីជ្រុងទាំង៤របស់សារជីវកម្មផ្សព្វផ្សាយរបស់អូស្រ្ដាលី (ABC) បានរាយការណ៍ ដោយយោងទៅលើឯកសារជាច្រើនរបស់សហរដ្ឋអាមេរិក អះអាង ថា គ្រឿងបរិក្ខារពិសេសៗ សម្រាប់យន្តហោះទម្លាក់គ្រាប់បែក B-52 នឹងត្រូវបំពាក់ នៅមូលដ្ឋានទីនដាល (Tindal) របស់កងទ័ពអាកាសអូស្ត្រាលី ស្ថិតនៅតំបន់ដាច់ស្រយាល មានចម្ងាយប្រហែល៣០០គីឡូម៉ែត្រ នាភាគខាងត្បូង ទីក្រុងដាវីន (Darwin) ជាទីក្រុងដ៏ធំ នៃតំបន់ភាគខាងជើង ប្រទេសអូស្ត្រាលី។
បណ្ដាញទូរទស្សន៍ ABC បានរាយការណ៍ទៀត ថា សហរដ្ឋអាមេរិក បានរៀបចំផែនការលម្អិត សម្រាប់អ្វីដែលខ្លួនហៅថា ជា «កន្លែងប្រតិបត្តិការកងទ័ព» សម្រាប់ប្រើប្រាស់ នៅក្នុងអំឡុងរដូវប្រាំង នាដែនដីភាគខាងជើង ជាមជ្ឈមណ្ឌលថែទាំរួមគ្នា និង កន្លែងសំចត សម្រាប់យន្ដហោះទម្លាក់គ្រាប់បែក B-52។
ដែនដី ភាគខាងជើង ប្រទេសអូស្រ្ដាលី បានរៀបចំកិច្ចសហប្រតិបត្តិការយោធា ជាញឹកញាប់ជាមួយសហរដ្ឋអាមេរិក។ រីឯកងម៉ារីនរបស់សហរដ្ឋអាមេរិក រាប់ពាន់នាក់ តែងតែចូលមកកាន់ដែនដីនោះ ជារៀងរាល់ឆ្នាំ សម្រាប់ការហ្វឹកហ្វឺន និង សមយុទ្ធរួមគ្នា ដោយបានចាប់ផ្តើមពីដំបូង ចាប់តាំងពីក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក ប៉ារ៉ាក់ អូបាម៉ា។
សហរដ្ឋអាមេរិក កាលពីដើមឆ្នាំនេះ បានដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ B-52 ចំនួន៤គ្រឿង ទៅកាន់មូលដ្ឋានកងទ័ពអាកាសអានដឺរសេន (Andersen) របស់ខ្លួន ស្ថិតនៅកោះហ្កាម (Guam) ។ ប៉ុន្ដែ កាលពីឆ្នាំមុន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង អូស្រា្ដលី បានបង្កើតកិច្ចព្រមព្រៀងសន្ដិសុខមួយ ដែលនឹងផ្ដល់បច្ចេកវិទ្យាដាក់ពង្រាយនាវាមុជទឹកដើរ ដោយថាមពលបរមាណូជាច្រើនគ្រឿង ទៅដល់ប្រទេសអូស្ដ្រាលី ដើម្បីទប់ទល់នឹងចិន។
ទោះជាយ៉ាងណា ការិយាល័យរបស់លោក រីឆាដ ម៉ាឡេស (Ricard Marles) រដ្ឋមន្រ្ដីក្រសួងការពារជាតិអូស្រ្ដាលី មិនបានឆ្លើយតបភ្លាមៗ សម្រាប់ការសុំអត្ថាធិប្បាយ ជុំវិញបញ្ហានេះឡើយ៕