បាក់ស្ពាននៅឥណ្ឌា ចំនួនអ្នកស្លាប់បន្ដកើនឡើង ដល់ជាង១៤០នាក់
បាក់ស្ពាននៅឥណ្ឌា ចំនួនអ្នកស្លាប់បន្ដកើនឡើង ដល់ជាង១៤០នាក់
រដ្ឋធានីញូវដេលី៖ ស្ពានបុរាណឆ្លងកាត់ទន្លេមួយកន្លែង ស្ថិតក្នុងប្រទេសឥណ្ឌា ត្រូវបានសាងសង់ឡើង នៅក្នុងអំឡុងសតវត្សទី១៩ ក្រោមអាណានិគមរបស់អង់គ្លេស បានបាក់ធ្លាក់ចូលទៅក្នុងទឹក បណ្ដាលឲ្យមនុស្សស្លាប់ បន្ដកើនឡើងដល់ ១៤១នាក់ ហើយចំនួនអ្នកស្លាប់ អាចនឹងបន្ដកើនឡើងបន្ថែមទៀត។
សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៣១ ខែតុលា ថា ក្រុមមន្រ្ដីឥណ្ឌា បានបញ្ជាក់ ថា ការបាក់ស្ពាន មានអាយុកាលប្រហែល១៥០ឆ្នាំ នៅភាគខាងលិច រដ្ឋហ្គូចារ៉ាត (Gujarat) ប្រទេសឥណ្ឌា បានធ្វើឲ្យមនុស្សរាប់រយនាក់ ធ្លាក់ចូលទៅក្នុងទឹក។ ប៉ុន្ដែរហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ បានបន្ដកើនឡើង ដល់១៤១នាក់។
បណ្ដាញផ្សព្វផ្សាយរបស់ឥណ្ឌា បានរាយការណ៍ ថា មានមនុស្សជាង៤០០នាក់ បានស្ថិតនៅលើស្ពាន ឆ្លងកាត់ទន្លេម៉ាឈូ (Machhu) ស្ថិតក្នុងម័រប៊ី (Morbi) កាលពីថ្ងៃអាទិត្យ ខណៈពេលស្ពាននោះ បានបាក់ធ្លាក់ចូលទៅក្នុងទឹក។ ស្ពាន ប្រវែង២៣០ម៉ែត្រ ត្រូវបានសាងសង់ឡើង នៅក្នុងអំឡុងសតវត្សទី១៩ ក្រោមអាណានិគមរបស់អង់គ្លេស នៅក្នុងប្រទេសឥណ្ឌា។
លោក ប៊ីជេស មែរចា (Brijesh Merja) រដ្ឋមន្រ្ដី ការងារ និង បរិស្ថាន រដ្ឋ Gujarat បានបញ្ជាក់ ថា «នៅក្នុងហេតុការណ៍នោះ មានមនុស្សយ៉ាង១៤១នាក់ បានស្លាប់ និង រាប់សិបនាក់ផ្សេងទៀត ត្រូវបានសង្គ្រោះ។ ចំណែកចំនួនអ្នកស្លាប់ អាចនឹងកើនឡើង ខណៈប្រតិបត្ដិការសង្គ្រោះ កំពុងតែបន្ដ»។
លោក ណារ៉ែនដ្រា មូឌី (Narendra Modi) ជារដ្ឋកំណើតរបស់គាត់ បានទៅកាន់ទីនោះ ចំនួន៣ថ្ងៃ ក្រោយពេលមានឧបទ្ទវហេតុដ៏រន្ធត់បែបនេះ កើតឡើង។
លោក បារហ្កាវ ប៉ារី (Bhargav Parikh) ជាអ្នកសារព័ត៌មានមួយរូប បានប្រាប់ដល់សារព័ត៌មាន Al Jazeera ថា អ្នកទេសចរ មានចំនួនច្រើន បានចូលមកកាន់រដ្ឋ Gujarat ដោយសារមានពិធីបុណ្យសាសនា។ ស្ពានមានអាយុកាល ប្រហែល១៥០ឆ្នាំមួយនេះ ក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរ មកទស្សនាជាច្រើន នៅក្នុងរដូវបុណ្យឌីវ៉ាលី (Diwali) និង ឆាតពូចា (Chhath Puja)៕