ក្រុងមូស្គូ រំពឹងលើក្រុងវ៉ាស៊ីនតោន មានសុច្ឆន្ទៈដោះស្រាយសង្គ្រាម នៅអ៊ុយក្រែន
ក្រុងមូស្គូ រំពឹងលើក្រុងវ៉ាស៊ីនតោន មានសុច្ឆន្ទៈដោះស្រាយសង្គ្រាម នៅអ៊ុយក្រែន
រដ្ឋធានីមូស្គូ៖ ស្របពេលសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានអូសបន្លាយ អស់រយៈពេល២៥០ថ្ងៃ គិតត្រឹម ថ្ងៃទី៣១ ខែតុលា ខណៈការវាយប្រយុទ្ធគ្នា កំពុងតែបន្ដ រកទីបញ្ចប់មិនទាន់ឃើញនោះ ប្រមុខការទូតរុស្ស៊ី រំពឹងលើមេដឹកនាំសហរដ្ឋអាមេរិក នឹងមានសុច្ឆន្ទៈ ដោះស្រាយជម្លោះនេះ។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៣០ ខែតុលា ថា លោក ស៊ើហ្គេ ឡាវរ៉ូវ (Sergei Lavrov) រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៉ី បានបញ្ជាក់ ថា ស្ថានភាពជម្លោះនាពេលនេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងវិបត្ដិគុយបា នាឆ្នាំ១៩៦២ ដោយសារចំណុចសំខាន់បំផុត គឺរុស្ស៊ី បានរងនូវការគំរាមកំហែង ពីអាវុធបស្ចិមលោក នៅក្នុងប្រទេសអ៊ុយក្រែន។
ប្រមុខការទូតរុស្ស៊ី រូបនេះ បានសង្កត់ធ្ងន់ ថា គាត់មានក្ដីសង្ឃឹម ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីអាមេរិក នឹងមានសុច្ឆន្ទៈ នៅក្នុងការដោះស្រាយបញ្ហាប្រឈមមុខដាក់គ្នា ដូចគ្នាទៅនឹងការដោះស្រាយវិបត្តិមីស៊ីលគុយបា នាឆ្នាំ១៩៦២។
ការឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន បានបង្កឱ្យមានអរិភាពយ៉ាងធ្ងន់ធ្ងរបំផុត រវាងក្រុងមូស្គូ និង បណ្ដាបស្ចិមលោក ចាប់តាំងពីមានវិបត្តិគុយបា ខណៈសហភាពសូវៀត និង សហរដ្ឋអាមេរិក បានខិតចូល កាន់តែជិត រហូតឈានដល់សង្រ្គាមនុយក្លេអ៊ែរ។
ប្រមុខការទូតរុស្ស៊ី លោក ឡាវរ៉ូវ បានអះអាង នៅក្នុងបទសម្ភាសន៍មួយ ជាមួយបណ្ដាញទូរទស្សន៍គ្រប់គ្រង ដោយរដ្ឋរុស្ស៉ី ស្តីពីវិបត្តិមីស៊ីល ថា ស្ថានភាពជម្លោះ នាពេលនេះ មានលក្ខណៈស្រដៀងគ្នា ទៅនឹងវិបត្ដិគុយបា នៅក្នុងអំឡុងឆ្នាំ១៩៦២ ព្រោះរុស្ស៉ី កំពុងតែរងការគំរាមកំហែង ដោយអាវុធរបស់លោកខាងលិច នៅក្នុងប្រទេសអ៊ុយក្រែន។
លោក ស៊ើហ្គេ ឡាវរ៉ូវ (Sergei Lavrov) រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៉ី បានបញ្ជាក់ទៀត ថា ««ខ្ញុំនៅតែសង្ឃឹម ថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) នឹងមានឱកាសកាន់តែច្រើន ដើម្បីយល់ថា តើនរណាជាអ្នកបង្គាប់បញ្ជា និងរបៀប ដែលត្រូវបានបង្គាប់បញ្ជា។ ស្ថានភាពបែបនេះ វា ពិតជារំខានខ្លាំងណាស់»។
ប្រមុខការទូតរុស្ស៊ី រូបនេះ បានបន្ដថា ភាពផ្ទុយគ្នា រវាងស្ថានភាពបច្ចុប្បន្ន និង ឆ្នាំ១៩៦២ នោះ ក៏ដោយសារតែមេដឹកនាំសហភាពសូវៀត លោក នីគីតា គ្រូសឆេវ (Nikita Khrushchev) និង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចន ខេននេឌី (John F. Kennedy) បានបង្ហាញពីសុច្ឆន្ទៈ និង ការទទួលខុសត្រូវ។ ប៉ុន្ដែឥឡូវ សហរដ្ឋអាមេរិក នៅមិនទាន់បានត្រៀមលក្ខណៈនៅឡើយ។
ទោះជាយ៉ាងណា អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បានបដិសេធធ្វើអត្ថាធិប្បាយ លើការលើកឡើងរបស់ប្រមុខការទូតរុស្ស៊ី។ ប៉ុន្ដែមន្រ្ដីសហរដ្ឋអាមេរិក គ្រាន់តែលើកឡើង ថា ក្រុងវ៉ាស៊ីនតោន នៅតែរក្សាទំនាក់ទំនង បើកចំហ ជាមួយនឹងក្រុងមូស្គូ៕