ក្រុងមូស្គូ ចោទប្រកាន់អង់គ្លេស ជួយអ៊ុយក្រែន វាយប្រហារលើមូលដ្ឋានទ័ពរុស្ស៊ី

ក្រុងមូស្គូ ចោទប្រកាន់អង់គ្លេស ជួយអ៊ុយក្រែន វាយប្រហារលើមូលដ្ឋានទ័ពរុស្ស៊ី

រដ្ឋធានីកៀវ៖ ក្រោយពេលមានការវាយប្រហារពីដ្រូន តាមផ្លូវអាកាស និង ក្រោមផ្ទៃទឹកសមុទ្រ ទៅលើមូលដ្ឋានកងទ័ពជើងទឹករុស្ស៊ី ប្រចាំសមុទ្រខ្មៅ ដែលកំពុងតែឈរជើង នៅលើឧបទ្វីបគ្រីមៀ ជាញឹកញាប់ នោះមក ក្រុងមូស្គូ ចោទប្រកាន់ ប្រឆាំងនឹងអង់គ្លេស ជាអ្នកជួយជ្រោមជ្រែង ដល់កងទ័ពការពារទឹកដីក្រុងកៀវ ឲ្យធ្វើសកម្មភាពប្រឆាំងនឹងកម្លាំងទាហានរបស់ខ្លួន។

សារព័ត៌មាន NDTV បានចេញផ្សាយ កាលពីថ្ងៃទី៣១ ខែតុលា ថា ក្រសួងការពារជាតិរុស្ស៊ី បានចោទប្រកាន់ ថា ចក្រភពអង់គ្លេស បានបញ្ជូនអ្នកជំនាញយោធា មកជួយដល់កងទ័ពអ៊ុយក្រែន ដើម្បីបណ្តុះបណ្តាល និង ត្រួតពិនិត្យ ដល់ការវាយប្រហារ មកលើមូលដ្ឋានយោធារបស់រុស្ស៊ី នៅលើឧបទ្វីបគ្រីមៀ (Crimea)។ ជាមួយជំនួយការពីបរទេសបែបនេះ ទើបធ្វើឲ្យក្រុងកៀវ មានលទ្ធភាព វាយប្រហារភេរវកម្ម មកលើកងនាវាប្រចាំតំបន់សមុទ្រខ្មៅ និង កប៉ាល់ស៊ីវិល ធ្វើដំណើរចេញចូល តាមផ្លូវទឹក នៅមូលដ្ឋានទ័ពសេវ៉ាស្ដូប៉ូល (Sevastopol)។

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ថា ការវាយប្រហារមកលើមូលដ្ឋានកងទ័ពរបស់រុស្ស៊ី នោះ មានការប្រើប្រាស់ដ្រូនអាកាស ចំនួន៩គ្រឿង និង ដ្រូនសមុទ្រ ចំនួន៧គ្រឿង។ នេះជាការវាយប្រហារទ្រង់ទ្រាយធំ មកលើមូលដ្ឋានកងទ័ពរបស់រុស្ស៊ី នៅ Sevastopol ហើយការវាយប្រហារអំពើភេរវកម្ម និង ការបណ្តុះបណ្តាលបុគ្គលិកយោធា នៅមជ្ឈមណ្ឌលប្រតិបត្តិការពិសេសកងម៉ារីនលេខ៧៣ ត្រូវបានធ្វើឡើង ក្រោមការត្រួតពិនិត្យ ដោយផ្ទាល់ពីក្រុមអ្នកជំនាញយោធារបស់ចក្រអង់គ្លេស។

លោក អ៊ីហ្គ័រ កូណាសែនកូ (Igor Konashenko) ប្រធានអ្នកនាំពាក្យ ក្រសួងការពារជាតិរុស្ស៊ី បានចោទប្រកាន់ ថា មានអ្នកជំនាញម្នាក់ មកពីចក្រភពអង់គ្លេស បានជួយរៀបចំ អំពើភេរវកម្ម និង ជួយបង្វឹកបុគ្គលិកយោធារបស់អ៊ុយក្រែន នៅក្នុងមជ្ឈមណ្ឌលប្រតិបត្តិការពិសេសកងម៉ារីនលេខ៧៣ នៅក្នុងមូលដ្ឋានអ័រចាគីវ (Orchakiv) ស្ថិតក្នុងតំបន់ម៉ៃខូឡាវ ប្រទេសអ៊ុយក្រែន។ ចំណែសកម្មភាពយោធារបស់អ៊ុយក្រែន បានកំណត់គោលដៅ វាយប្រហារជាញឹកញាប់ មកលើមូលដ្ឋាន Sevastopol ជាទីស្នាក់ការកណ្តាលរបស់កងនាវា និង ជាកន្លែងដឹកជញ្ជូនរបស់រុស្ស៊ី សម្រាប់ការធ្វើប្រតិបត្តិការ នៅតំបន់គ្រីមៀ ប្រឆាំងនឹងក្រុងកៀវ។

ក្រៅពីការចោទប្រកាន់ទៅលើចក្រភពអង់គ្លេស នោះ រុស្ស៊ី បានអួតអាង ថា កម្លាំងទាហានរបស់ក្រុងមូស្គូ បានកម្ទេចយន្តហោះគ្មានមនុស្សបើក ឬ ដ្រូនវាយប្រហារពីលើអាកាស ចំនួន៩គ្រឿង និង ដ្រូនវាយប្រហារពីក្នុងទឹកសមុទ្រចំនួន៧គ្រឿង កាលពីព្រឹក ថ្ងៃសៅរ៍ ទី២៩តុលានៅមូលដ្ឋានកងទ័ពជើងទឹក Sevastopol ។

មួយរយៈចុងក្រោយនេះ កងទ័ពអ៊ុយក្រែន បានកំណត់គោលដៅ វាយប្រហារជាបន្ដបន្ទាប់ ទៅលើមូលដ្ឋានកងទ័ពរុស្ស៊ី នៅតំបន់ឈូងសមុទ្រខ្មៅ ។ កាលពីដើមខែតុលា ស្ពានតភ្ជាប់ពីតំបន់គ្រីមៀ ទៅកាន់ដីគោករបស់ប្រទេសរុស្ស៊ី ត្រូវបានបើកសម្ពោធ ដោយផ្ទាល់ពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅក្នុងឆ្នាំ២០១៨ បានរងការវាយប្រហារប្រហារ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ។ ចំណែកមេដឹកនាំវិមានក្រឹមឡាំង បានចោទប្រកាន់ ដោយត្រង់ៗ មកលើអ៊ុយក្រែន ហើយបានបញ្ជាឲ្យបាញ់ស្រោចមីស៊ីល ទៅលើទីក្រុងនានារបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវ ផងដែរ។

មូលដ្ឋានកងទ័ពអាកាសរបស់កងទ័ពជើងទឹករុស្ស៊ី នៅភាគលិចឧបទ្វីបគ្រីមៀ និង នៅភាគខាងជើងឧបទ្វីបនេះ កាលពីខែសីហា ក៏បានរងការវាយប្រហារផងដែរ។ ប៉ុន្ដែមុនដំបូង អ៊ុយក្រែន មិនបានប្រកាសទទួលស្គាល់ ពីសកម្មនេះឡើយ លុះក្រោយមក ទើបប្រកាសទទួលស្គាល់ថា កងទ័ពរបស់ខ្លួន ជាអ្នកអនុវត្ដវាយប្រហារ។ ជាមួយនឹងការវាយប្រហារ កាលពីថ្ងៃទី២៩ ខែតុលា ដោយការប្រើប្រាស់ដ្រូនអាកាស និង ដ្រូនក្រោមទឹកសមុទ្រ បាននាំឱ្យរុស្ស៊ី ដកខ្លួន ចេញកិច្ចព្រមព្រៀងនាំគ្រាប់ធញ្ញជាតិអ៊ុយក្រែន ទៅកាន់ទីផ្សាររបស់ពិភពលោក ដោយសំអាងលើកត្តាអសន្តិសុខ នៅតំបន់ឈូងសមុទ្រខ្មៅ។

ដោយឡែក អ៊ុយក្រែន បានប្រតិកម្មតបតភ្លាមៗ ថា រុស្ស៊ី កំពុងតែបង្កើតលេសថ្មីៗ រារាំងដល់ច្រករបៀងនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ទៅទីផ្សាររបស់ពិភពលោក។

លោក ឌីមីទ្រូ គូឡែបា (Dmytro Kuleba) រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា «អ៊ុយក្រែន បានព្រមាន អំពីផែនការរបស់រុស្ស៊ី ចង់បំផ្លិចបំផ្លាញគំនិតផ្តួចផ្តើម នាំគ្រាប់ធញ្ញជាតិ តាមច្រកសមុទ្រខ្មៅ។ ឥឡូវនេះ ក្រុងម៉ូស្គូ កំពុងតែប្រើលេសក្លែងក្លាយមួយ សម្រាប់បិទច្រករបៀង ដឹកចេញគ្រាប់ធញ្ញជាតិចេញ ដើម្បីធានាដល់សន្តិសុខស្បៀងអាហារ សម្រាប់ការជួយផ្គត់ផ្គង់ដល់ប្រជាជនរាប់លាននាក់ នៅលើពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង