ចក្រភពអង់គ្លេស ព្រមានធ្ងន់ៗដាក់រុស្ស៊ី បើហ៊ានប្រើប្រាស់អាវុធមហាប្រល័យលោក
ចក្រភពអង់គ្លេស ព្រមានធ្ងន់ៗដាក់រុស្ស៊ី បើហ៊ានប្រើប្រាស់អាវុធមហាប្រល័យលោក
រាជធានីឡុងដ៍៖ ស្របពេលសង្គ្រាម បានអូសបន្លាយអស់រយៈពេលជាង២៥០ថ្ងៃ ហើយក្រុងមូស្គូ តែងតែគំរាមកំហែងជាញឹកញាប់ អំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះ ចក្រភពអង់គ្លេស បានព្រមដល់រុស្ស៊ី អំពីផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើហ៊ានវាយប្រហារ ដោយអាវុធដ៏គ្រោះថ្នាក់បំផុតបែបនេះ។
ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ថា ចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទ បានព្រមានដល់លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) អំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើក្រុងមូស្គូ ហ៊ានប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងសង្រ្គាមអ៊ុយក្រែន។
លោក ជែម ក្លេវឺលី (James Cleverly) រដ្ឋមន្ត្រីក្រសួងការបរទេសចក្រភពអង់គ្លេស បានបញ្ជាក់ នៅក្នុងសភាអង់គ្លេស ថា រុស្ស៉ី មិនត្រូវបង្កឲ្យមានឧបសគ្គណាមួយ ដល់ការនាំចេញ គ្រាប់ធញ្ញជាតិ ចេញពីប្រទេសអ៊ុយក្រែន តាមច្រកសមុទ្រខ្មៅ នោះឡើយ។
លោករដ្ឋមន្រ្ដី បន្ថែម ថា សេចក្ដីថ្លែងការណ៍គំរាមកំហែងរបស់វិមានក្រឹមឡាំង នាពេលកន្លងមក គ្រាន់តែជាការបង្វែរចំណាប់អារម្មណ៍ ចេញពីបរាជ័យរបស់ទាហានរុស្ស៊ី នៅក្នុងសង្រ្គាមនៅអ៊ុយក្រែន តែប៉ុណ្ណោះ។ ប៉ុន្ដែវាមិនមានប្រទេសណាមួយ កំពុងនិយាយ អំពីការប្រើអាវុធនុយក្លេអ៊ែរនោះឡើយ ហើយក៏មិនមានប្រទេសណាមួយ គំរាមកំហែងអាវុធដ៏គ្រោះថ្នាក់នេះ ដល់ប្រទេសរុស្ស៉ី ឬ លោក ពូទីន នោះដែរ។
លោករដ្ឋមន្រ្ដី បានបន្ដថា មេដឹកនាំវិមានក្រឹមឡាំង គួរណាស់តែដឹងឱ្យច្បាស់ ថា ចក្រភពអង់គ្លេស និង សម្ពន្ធមិត្តបស្ចិមលោក នឹងធ្វើឲ្យរុស្ស៊ី ប្រឈមមុខនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើមានការប្រើប្រាសអាវុធនុយក្លេអ៊ែរ អាចនឹងផ្លាស់ប្ដូរធម្មជាតិនៃជម្លោះនេះ។
ប្រមុខការទូតថ្មីរបស់ចក្រភពអង់គ្លេស រូបនេះ បានព្រមានដល់មេដឹកនាំវិមានក្រឹមឡាំង ក្រោយពេលក្រសួងការពារជាតិរុស្ស៉ី បានចោទប្រកាន់ចក្រភពអង់គ្លេស ជាអ្នកបំផ្ទុះបំផ្លាញ បំពង់ឧស្ម័ន Nord Stream កាលពីខែតុលាកន្លងទៅ និង ជាអ្នកជួយជ្រោមជ្រែង ដល់ការវាយប្រហារ ដោយដ្រូនរបស់អ៊ុយក្រែន ប្រឆាំងនឹងមូលដ្ឋានកងទ័ពរុស្ស៉ី នៅឧបទ្វីបគ្រីមៀ៕