ទាហានរុស្ស៊ី បន្ដបាញ់មីស៊ីល និង វាយប្រហារតាមអាកាសស្ទើររាប់ភ្លេច ត្រឹមតែ២៤ម៉ោង
ទាហានរុស្ស៊ី បន្ដបាញ់មីស៊ីល និង វាយប្រហារតាមអាកាសស្ទើររាប់ភ្លេច ត្រឹមតែ២៤ម៉ោង
រដ្ឋធានីវ៉ាស៊ីនតោន៖ កម្លាំងទាហានរុស្ស៊ី បានបាញ់មីស៊ីល ចំនួន៦០គ្រាប់ និង វាយប្រហារតាមអាកាស ចំនួន១៥ដង ប្រឆាំងនឹងអ៊ុយក្រែន នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។
ទីភ្នាក់ងារសារព័ត័ត៌មានជាតិអ៊ុយក្រែន Ukrinform បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ថា អគ្គនាយសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា ទាហានរុស្ស៊ី កាលពីថ្ងៃចន្ទ បានបាញ់មីស៊ីល ចំនួន៦០គ្រាប់ វាយប្រហារតាមអាកាស ចំនួន១៥ដង និង បាញ់គ្រាប់រ៉ុក្កែត ចំនួន៤៥ដងបន្ថែមទៀត។
សេចក្ដីរាយការណ៍ដដែលនោះ បានបន្ដ ថា កម្លាំងទាហានរុស្ស៊ី បានកំណត់គោលដៅ វាយប្រហារ ទៅលើទីតាំងជាង៥០ រួមមាន សូឡែដា (Soledar), វូឡែដា (Vuhledar), យ៉ាកូវលីវកា (Yakovlivka) និង វ៉ែសែឡែ (Vesele) ស្ថិតក្នុងតំបន់ដូណែតស្ក៍ នាភាគខាងកើត ប្រទេសអ៊ុយក្រែន។
ដោយឡែក យន្ដហោះរបស់កម្លាំងការពារអ៊ុយក្រែន ក៏បានវាយប្រហារ ចំនួន១៤ដង ទៅលើទីតាំងរបស់ទាហានរបស់រុស្ស៊ី នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។ ចំណែកតំបន់ប្រមូលផ្តុំគ្រឿងសព្វាវុធ និង សម្ភារយោធា ទីតាំងឈរជើងដ៏រឹងមាំ និង ទីតាំងប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី ក៏បានរងនូវការវាយប្រហារផងដែរ។ នៅក្នុងទិសដៅផ្សេងៗគ្នា អង្គភាពការពារដែនអាកាសអ៊ុយក្រែន ក៏បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ ចំនួន៤គ្រឿង ដ្រូនចំនួន២គ្រឿង និង គ្រូសមីស៊ីល ចំនួន៤៥ គ្រាប់ផងដែរ។
ទោះជាយ៉ាងណា សេចក្ដីរាយការណ៍ដដែលនោះ មិនបានអះអាង អំពីគ្រោះថ្នាក់ដល់មនុស្ស ជុំវិញសកម្មភាពយោធា រវាងភាគីរុស្ស៊ី និង អ៊ុយក្រែន វាយប្រហារសងសឹកគ្នានោះឡើយ៕