ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ី ស្ទើរទាំងអស់
ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ី ស្ទើរទាំងអស់
រដ្ឋធានីកៀវ៖ ប្រធានាធិបតីរុស្ស៊ី បានបញ្ជាឲ្យបាញ់មីស៊ីល សងសឹក ប្រឆាំងនឹងក្រុងកៀវ ប៉ុន្ដែនៅក្នុងចំណោមមីស៊ីលទាំងនោះ ត្រូវបានប្រព័ន្ធការពារដែនអាកាសរបស់កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ដែលផ្គត់ផ្គង់ ដោយបស្ចិមលោក ស្ទាក់ចាប់បាន ស្ទើរតែទាំងអស់។
ទីភ្នាក់ងារសារព័ត៌មានជាតិអ៊ុយក្រែន Ukrinform បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ថា ប្រព័ន្ធការពារដែនអាកាសរបស់ក្រុងកៀវ កាលពីព្រឹក ថ្ងៃចន្ទ បានបាញ់ទម្លាក់មីស៊ីល ចំនួន៤៤គ្រាប់ នៅក្នុងចំណោមមីស៊ីលចំនួន៥០គ្រាប់ ដែលកម្លាំងទាហានរុស្ស៊ី បានវាយប្រហារ មកលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ នៅក្នុងប្រទេសអ៊ុយក្រែន។
កងទ័ពអាកាសអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន នៅលើបណ្ដាញសង្គមតេឡេក្រាម ថា «កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃចន្ទ កម្លាំងទាហានរុស្ស៊ី បានវាយប្រហារដោយមីស៊ីលយ៉ាងច្រើន កំណត់គោលដៅមកលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅតាមទីក្រុងនានារបស់ប្រទេសអ៊ុយក្រែន។ ប៉ុន្ដែប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន បានបាញ់ទម្លាក់ ចំនួន៤៤គ្រាប់ នៅក្នុងចំណោមមីស៊ីលទាំង៥០គ្រាប់»។
លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានញ្ជាក់ ថា ការវាយប្រហាររបស់រុស្ស៊ី ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន និង ការសម្រេចចិត្តបង្កកការចូលរួម នៅក្នុងកម្មវិធីនាំចេញគ្រាប់ធញ្ញជាតិ តាមច្រកសមុទ្រខ្មៅ គឺជាការឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន មកលើកងនាវាប្រចាំសមុទ្រខ្មៅរបស់ក្រុងមូស្គូ គ្រប់គ្រង នៅមូលដ្ឋានទីក្រុងសេវ៉ាស្ដូប៉ូល (Sevastopol) នៅឧបទ្វីបគ្រីមៀ។ លោក ពូទីន បានស្ដីបន្ទោសដល់អ៊ុយក្រែន ជុំវិញការវាយប្រហារ មកលើមូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួន។
ប្រធានាធិបតីរុស្ស៊ី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទ ថា ការវាយប្រហារថ្មីៗ អាចនឹងធ្វើឡើងបន្ថែមទៀត ខណៈអ៊ុយក្រែន នៅតែបដិសេធ ថា ក្រុងកៀវ មិនមានការជាប់ពាក់ព័ន្ធនឹងការវាយប្រហារ នៅតំបន់គ្រីមៀ ហើយក៏មិនបានប្រើប្រាស់ផ្លូវទឹក តតាមនៅច្រកសមុទ្រខ្មៅ សម្រាប់ដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ក្លាយជាបុព្វហេតុយោធានោះដែរ។
កម្លាំងទាហានរុស្ស៊ី កាលពីថ្ងៃចន្ទ បានបន្ដបាញ់ស្រោចគ្រាប់មីស៊ីល ទៅលើតំបន់ចំនួន ៦ របស់អ៊ុយក្រែន ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលជាច្រើន រហូតធ្វើកាត់ផ្ដាច់ចរន្តអគ្គិសនី និង ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត។
អាជ្ញាធរអ៊ុយក្រែន បានបញ្ជាក់ ថា ប្រជាជន ប្រហែល១៤០ ០០០នាក់ មិនមានអគ្គិសនីប្រើប្រាស់ ក្រោយពេលរុស្ស៊ី បានវាយប្រហារ មកលើហេដ្ឋរចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួន។ ប៉ុន្ដែប្រព័ន្ធការពារដែនអាកាសរបស់ក្រុងកៀវ បានស្ទាក់បាញ់ទម្លាក់មីស៊ីល ចំនួន៤៤គ្រាប់ នៅក្នុងចំណោម៥០គ្រាប់របស់រុស្ស៊ី៕