ក្រុងសេអ៊ូល បាញ់ព្រមាន បញ្ឆេះកំហឹងកូរ៉េខាងជើង បាញ់តបវិញ១០០គ្រាប់

ក្រុងសេអ៊ូល បាញ់ព្រមាន បញ្ឆេះកំហឹងកូរ៉េខាងជើង បាញ់តបវិញ១០០គ្រាប់

រដ្ឋធានីសេអ៊ូល៖ ក្រោយពេលកូរ៉េខាងត្បូង បានបាញ់កាំភ្លើងផ្លោង ចំនួន១០គ្រាប់ តបតនឹងកូរ៉េខាងជើង បានបាញ់ប្រហារមីស៊ីល យ៉ាងតិច ចំនួន១០គ្រាប់នោះមក ធ្វើឲ្យក្រុងព្យុងយ៉ាងបន្ដបាញ់កាំភ្លើងធំ ចំនួន១០០គ្រាប់ ធ្លាក់នៅក្បែរខ្សែបន្ទាត់ព្រំដែនទឹក រវាងប្រទេសទាំង២ ដើម្បីគំរាមដល់ការធ្វើសមយុទ្ធទ័ពអាកាសរបស់សហរដ្ឋអាមេរិក ជាមួយនឹងសម្ពន្ធមិត្ត នៅអាស៊ីបូព៌ា។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២ ខែវិច្ឆិកា ថា ប្រទេសកូរ៉េទាំង២ បានបាញ់មីស៊ីលសងសឹក ដាក់ឆ្នេរសមុទ្រគ្នាទៅវិញ នៅជាលើកដំបូង។ ក្រុងសេអ៊ូល កាលពីថ្ងៃពុធ បានបាញ់សងសឹក ត្រឹមតែរយៈពេល៣ម៉ោង ក្រោយពេលក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលមួយគ្រាប់ធ្លាក់មកជិតខ្សែបន្ទាត់ព្រំដែនទឹក ដែលមានចម្ងាយមិនដល់៦០គីឡូម៉ែត្រ ពីទីក្រុងសូកចូ (Sokcho)។

ដោយឡែក ទីភ្នាក់ងារសារព័ត៌មាន AFP វិញ បានចេញផ្សាយ កាលពីរសៀល ថ្ងៃពុធ ថា កងទ័ពកូរ៉េខាងត្បូង បានអះអាង ថា កូរ៉េខាងជើង បានបាញ់កាំភ្លើងធំ ចំនួន១០០គ្រាប់ ធ្លាក់ចូលទៅក្នុងតំបន់ទ្រនាប់ក្បែរខ្សែបន្ទាត់ព្រំដែនទឹក រវាងប្រទេសទាំងពីរ ត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលជាច្រើនប្រភេទប្រហែល១០គ្រាប់ ទៅកាន់តំបន់ភាគខាងកើត និង ខាងលិចប្រទេសកូរ៉េខាងជើង។ ប៉ុន្ដែក្នុងចំណោមមីស៊ីលទាំងនោះ មានមីស៊ីល១គ្រាប់ បានធ្លាក់នៅក្បែរដែនទឹករបស់កូរ៉េខាងត្បូង។

សេចក្តីថ្លែងការណ៍របស់យោធាកូរ៉េខាងត្បូង បានឲ្យដឹង ថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំប្រហែល១០០គ្រាប់ ចេញពីតំបន់កូសុង (Kosong) នៃខេត្តកាងវ៉ុន (Kangwon) ធ្លាក់ចូលទៅក្នុងតំបន់ទ្រនាប់ នៅភាគខាងជើងនៃខ្សែបន្ទាត់ NLL ដែលជាព្រំប្រទល់សមុទ្រក្រៅផ្លូវការ រវាងកូរ៉េខាងត្បូង និង កូរ៉េខាងជើង។

កូរ៉េខាងត្បូង កាលពីព្រឹក ថ្ងៃពុធ បានបាញ់មីស៊ីល ចំនួន៣គ្រាប់ ចេញពីយន្តហោះចម្បាំង ធ្លាក់នៅចំណុចមួយក្បែរខ្សែបន្ទាត់ NLL ដើម្បីជាការឆ្លើយតប ចំពោះការបាញ់សាកល្បងមីស៊ីលជាច្រើនប្រភេទ សរុប១០គ្រាប់ ពីកូរ៉េខាងជើង កាលពីប៉ុន្មានម៉ោងមុននោះ។ ចំណែកការបាញ់តេស្តមីស៊ីលរបស់ក្រុងព្យុងយ៉ាង គឺក្រុងសេអ៊ូល បានរកឃើញថា មានមីស៊ីល១គ្រាប់ បានធ្លាក់នៅក្បែរដែនទឹកកូរ៉េខាងត្បូង ជាលើកដំបូង។

ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង បានកើតមានឡើង ក្រោយពេលក្រុងព្យុងយ៉ាង កាលពីថ្ងៃអង្គារ បានស្នើដល់សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ត្រូវតែបញ្ឈប់ការធ្វើសមយុទ្ធទ័ពអាកសទ្រង់ទ្រាយធំរបស់ពួកគេ។ កូរ៉េខាងជើង បានចាត់ទុកសកម្មភាពបែបនេះ ជាទង្វើបង្កហេតុ នឹងជំរុញឱ្យមានការចាត់វិធានការឆ្លើយតប ពីក្រុងព្យុងយ៉ាង។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិងកំពុងធ្វើសមយុទ្ធទ័ពអាកាសរួមគ្នា ដោយមានការចូលរួមពីយន្ដហោះចម្បាំងសរុបជាង ២៤០គ្រឿង ហើយនឹងត្រូវបិទបញ្ចប់ នៅថ្ងៃសុក្រនេះ៕

អត្ថបទដែលជាប់ទាក់ទង