អាមេរិក បញ្ជូនប្រព័ន្ធការពារដែនអាកាសទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ប្រឈមនឹងការលំបាកខ្លាំង

អាមេរិក បញ្ជូនប្រព័ន្ធការពារដែនអាកាសទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ប្រឈមនឹងការលំបាកខ្លាំង

រដ្ឋធានីវ៉ាស៊ីនតោន៖ ដោយសារតែកម្លាំងទាហានរុស្ស៊ី បង្កើនការបាញ់ផ្លោង ដោយមីស៊ីល និង វាយប្រហារតាមអាកាសឥតឈប់ឈរ ស្រោចទៅលើទីក្រុងនានារបស់អ៊ុយក្រែន ទើបសហរដ្ឋអាមេរិក បានសម្រេចបញ្ជូនប្រព័ន្ធការពារដែនអាកាស ទៅឲ្យក្រុងកៀវ ដើម្បីការពារខ្លួន ហើយការសម្រេចចិត្តរបស់ក្រុងវ៉ាស៊ីនតោន បែបនេះ នឹងធ្វើឲ្យក្រុងមូស្គូ កាន់តែប្រឈមនឹងការលំបាកខ្លាំងឡើង និង មិនអាចទទួលបានជោគជ័យ នៅក្នុងសង្គ្រាមនេះឡើយ។

សារព័ត៌មាន The Kyiv Independent បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ថា ក្រសួងការពារជាតិសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានបញ្ជាក់ នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួន ថា មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក នឹងបញ្ជូនប្រព័ន្ធការពារដែនអាកាស ប្រភេទNASAMS ចំនួន២គ្រឿង ជាលើកដំបូង ទៅឱ្យអ៊ុយក្រែន នៅក្នុងពេលដ៏ឆាប់ៗនេះ។

មន្រ្តីជាន់ខ្ពស់មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ ថា សហរដ្ឋអាមេរិក បានប្តេជ្ញាផ្តល់ប្រព័ន្ធការពារដែនអាកាស NASAMS សរុប៨គ្រឿង រួមជាមួយគ្រាប់រំសេវរបស់វា។ ប៉ុន្ដែសហរដ្ឋអាមេរិក នឹងផ្ដល់ជាលើកដំបូង ចំនួន២គ្រឿង បញ្ជូនកាន់ប្រទេសអ៊ុយក្រែន ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ក្រៅពីនេះ សហរដ្ឋអាមេរិកក៏នឹងផ្តល់គ្រឿងបន្លាស់ផ្សេងៗ សម្រាប់ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ដែលបន្សល់តាំងពីសម័យសូវៀត ព្រមទាំងប្រព័ន្ធការពារ ប្រឆាំងនឹងដ្រូនជាច្រើនប្រភេទបន្ថែមទៀត។


ក្រុមអ្នកជំនាញ បានអះអាង ថា ប្រព័ន្ធការពារដែនអាកាស NASAMS បានអភិវឌ្ឍឡើង ដោយក្រុមហ៊ុនផលិតសព្វាវុធសហរដ្ឋអាមេរិក រេធីអន តិចណូឡូជី (Raytheon Technologies) ហើយប្រើប្រាស់គ្រាប់ប្រភេទ AIM-120 ឬក៏ AMRAAM សម្រាប់បាញ់ នៅក្នុងចម្ងាយខ្លី ប្រឆាំងនឹងដ្រូន ឬមីស៊ីល និង យន្តហោះ។

លោក ចន ឃើប៊ី (John Kirby) អ្នកនាំពាក្យ ទីប្រឹក្សាសន្ដិសុខជាតិអាមេរិក បានបញ្ជាក់ ថា សហរដ្ឋអាមេរិក បានប្រកាសពីលើកដំបូងថា នឹងប្រគល់ប្រព័ន្ធការពារដែនអាកាស NASAMS នេះ ទៅឱ្យអ៊ុយក្រែន កាលពីខែកញ្ញាកន្លងទៅ។ ប៉ុន្ដែដំណើរការប្រគល់ NASAMS នឹងត្រូវពន្លឿន ក្រោយពេលទាហានរុស្ស៉ីបានចាប់ផ្តើមយុទ្ធនាការ វាយប្រហារ ដោយដ្រូន និង មីស៊ីល ប្រឆាំងនឹងអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង