អាល្លឺម៉ង់ ចាប់ផ្ដើមដាក់សម្ពាធកាន់តែខ្លាំងទៅលើប្រទេសជាសម្ពន្ធមិត្តរបស់រុស្ស៊ី

អាល្លឺម៉ង់ ចាប់ផ្ដើមដាក់សម្ពាធកាន់តែខ្លាំងទៅលើប្រទេសជាសម្ពន្ធមិត្តរបស់រុស្ស៊ី

រដ្ឋធានីប៊ែរឡាំង៖ ដោយសារតែបណ្ដាប្រទេសជាច្រើន នៅតំបន់សមុទ្របាល់កង់ខាងលិច ចាប់ផ្ដើមមានទំនោរងាកទៅរកភាពជាសម្ពន្ធមិត្តរបស់បស្ចិមលោកនោះ ទើបអាល្លឺម៉ង់ បានជំរុញឲ្យប្រទេសស៊ែប៊ី គិតពិចារណា ស្វែងរកជម្រើសថ្មី ថាតើត្រូវចាប់យករុស្ស៊ី ឬ លោកលិច មកធ្វើជាសម្ពន្ធមិត្ត។

ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ថា អាល្លឺម៉ង់ បានណែនាំដល់រដ្ឋាភិបាលប្រទេសស៊ែប៊ី អំពីការសម្រេចចិត្តឲ្យបានច្បាស់លាស់ អំពីគោលនយោបាយរបស់ខ្លួន នៅក្នុងការជ្រើសសម្ពន្ធមិត្ត ថាតើត្រូវមករួមរស់នៅជាមួយនឹងសហភាពអឺរ៉ុប ឬ រុស្ស៊ី។ ការបង្ហាញពីជម្រើសរបស់ក្រុងប៊ែរឡាំង សម្រាប់រដ្ឋាភិបាលបែលហ្កាដ (Belgrade) នេះ បានកើតឡើងត្រឹមតែរយៈពេល២ថ្ងៃ ក្រោយពេលប្រទេសចំនួន៦ នៅតំបន់បាល់កង់ភាគខាងលិច គ្រោងនឹងពិភាក្សា អំពីកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ នៅក្នុងទីក្រុងប៊ែរឡាំង។

មន្រ្ដីរដ្ឋាភិបាលអាល្លឺម៉ង់ បានថ្លែងសំអាងទៅលើសង្គ្រាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ថា «ជាមួយនឹងការវិវឌ្ឍស្ថានការណ៍ភូមិសាស្ត្រនយោបាយ ទើបតម្រូវឲ្យមានការសម្រេចចិត្តយ៉ាងច្បាស់លាស់មួយ សម្រាប់ប្រទេសស៊ែប៊ី ធ្លាប់តែជាសម្ពន្ធមិត្តរបស់រុស្ស៊ី តាំងពីអតីតសហពន្ធន៍យូហ្គោស្លាវី»។

ប្រទេសស៊ែប៊ី ធ្លាប់បានរងការទម្លាក់គ្រាប់បែក ពីសម្ពន្ធមិត្តយោធារបស់អង្គការណាតូ កាលពី២ទសវត្សរ៍មុន។ ប៉ុន្តែឥឡូវ ប្រទេសធ្លាប់រួមរស់នៅក្រោមដំបូលសហព័ន្ធន៍យូហ្គោស្លាវី មុនការរលំរលាយបាត់ពីផែនទីពិភពលោកមួយនេះ កំពុងស្វែងរកការចូលរួមជាមួយសហភាពអឺរ៉ុប ហើយបានតស៊ូជាយូរមកហើយ ដើម្បីធ្វើឱ្យមានតុល្យភាព រវាងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាប្រវត្តិសាស្ត្រជាមួយរុស្ស៊ី នៅក្នុងបំណងប្រាថ្នា សម្រាប់សមាហរណកម្មសេដ្ឋកិច្ច និងនយោបាយ ជាមួយលោកខាងលិច។

អ្នកតំណាងរដ្ឋាភិបាលអាល្លឺម៉ង់ រូបនេះ បានបន្ថែម ថា កិច្ចព្រមព្រៀង រវាងស៊ែប៊ី និង រុស្ស៊ីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ គឺគួរឱ្យភ្ញាក់ផ្អើល និង ខកចិត្តយ៉ាងខ្លាំង ដោយកិច្ចព្រមព្រៀងនេះ បានប្រាសចាក អំពីការរំពឹងទុក សម្រាប់បេក្ខភាពចូលជាសមាជិកសហភាពអឺរ៉ុប ដែលគួរតែដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសរុស្ស៊ី។

ប្រទេសស៊ែប៊ី ជាបេក្ខភាពចូលជាសមាជិក តាំងពីឆ្នាំ២០១២ បានសម្រេចចិត្ត កាលពីខែកញ្ញា ដើម្បីពិគ្រោះយោបល់លើគោលនយោបាយការបរទេសទ្វេភាគី និង ពហុភាគីជាទៀងទាត់ជាមួយរុស្ស៊ី។ សកម្មភាពរបស់រដ្ឋាភិបាលបែលហ្គាដ ក៏បានជំរុញឲ្យមានការរិះគន់យ៉ាងខ្លាំង ពីសហភាពអឺរ៉ុប ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង