មីយ៉ាន់ម៉ា កាត់ទោសអតីតតំណាងរាស្រ្ដម្នាក់ ដាក់ពន្ធនាគារជាង១៧០ឆ្នាំ

មីយ៉ាន់ម៉ា កាត់ទោសអតីតតំណាងរាស្រ្ដម្នាក់ ដាក់ពន្ធនាគារជាង១៧០ឆ្នាំ

រដ្ឋធានីណៃពិដោរ៖ រហូតមកដល់ពេលនេះ តុលាការ នៃរបបសឹកមីយ៉ាន់ម៉ា បានសម្រេចកាត់ទោស ប្រឆាំងនឹងអតីតតំណាងរាស្ដ្រម្នាក់ មកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោស្រី អ៊ោង សាន់ស៊ូជី (Aung San Suu Kyi) ដែលត្រូវបណ្ដេញចេញពីអំណាច ដាក់ពន្ធនាគារ រយៈពេលជាង១៧០ឆ្នាំ។

សារព័ត៌មាន The Diplomat បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ថា តុលាការនៃរបបយោធា គ្រប់គ្រង នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ បានកាត់ទោស ប្រឆាំងនឹងអតីតតំណាងរាស្រ្ដម្នាក់ មកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ក្រោមការចោទប្រកាន់ ពីបទប្រព្រឹត្ដអំពើភេរវកម្ម ហើយបានផ្តន្ទាទោសគាត់ ដាក់ក្នុងពន្ធនាគារ រយៈពេល១៤៨ឆ្នាំ។ ការសម្រេចរបស់តុលាការ នៅក្នុងប្រទេសអាស៊ានមួយនេះ បានកើតឡើង ស្របពេលរបបយោធារបស់លោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាំង បង្កើនការបង្ក្រាបទៅលើចលនាតស៊ូប្រឆាំងនឹងអំពើរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

ជាមួយការកាត់ទោសដាក់ពន្ធនាគារ រយៈពេល១៤៨ឆ្នាំ កាលពីថ្ងៃចន្ទ ប្រឆាំងនឹងលោក វីន ម្យីន ហ្លាំង (Win Myint Hlaing) អាយុ៥២ឆ្នាំ ជាអតីតសមាជិកសភា មកពី NLD របស់លោស្រី អ៊ោង សាន់ស៊ូជី បូករួមនឹងការកាត់ទោសពីមុនផង ធ្វើឲ្យគាត់ ត្រូវជាប់ពន្ធនាគារសរុប មានរយៈពេល១៧៣ឆ្នាំ។ នេះជាការកាត់ទោស ដាក់ពន្ធនាគារ មានរយៈពេលវែងបំផុត សម្រាប់អតីតសមាជិក នៃរដ្ឋាភិបាលរបស់លោកស្រី Aung San Suu Kyi និង គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី ចាប់តាំងពីលោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing) បានដឹកនាំកងទ័ព ធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក៕

អត្ថបទដែលជាប់ទាក់ទង