រុស្ស៊ី វិលមករកកិច្ចព្រមព្រៀងនាំគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ចេញតាមច្រកសមុទ្រខ្មៅវិញ
រុស្ស៊ី វិលមករកកិច្ចព្រមព្រៀងនាំគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ចេញតាមច្រកសមុទ្រខ្មៅវិញ
រដ្ឋធានីមូស្គូ៖ ក្រុងមូស្គូ កាលពីថ្ងៃអាទិត្យមុន បានប្រកាសដកខ្លួន ពីកិច្ចព្រមព្រៀងនាំគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ចេញតាមច្រកសមុទ្រខ្មៅ ហើយសកម្មភាពបែបនេះ បានធ្វើឲ្យអង្គការសហប្រជាជាតិ មានក្ដីកង្វល់យ៉ាងខ្លាំង ព្រោះវានាំឲ្យកើតមានបញ្ហាអសន្ដិសុខស្បៀងអាហាររបស់ពិភពលោក ប៉ុន្ដែឥឡូវនេះ ស្ថានការណ៍ដ៏តានតឹងនោះ បានប្រែមកជាធូរស្បើយវិញ ក្រោយពេលរុស្ស៊ី វិលមកចូលរួមអនុវត្ដកិច្ចព្រមព្រៀងនេះឡើងវិញ។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២ ខែវិច្ឆិកា ថា ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ ថា ក្រុងមូស្គូ បានទទួលការធានាយ៉ាងពេញលេញ ពីក្រុងកៀវ ជុំវិញការមិនចល័តទ័ព នៅតាមច្រករបៀងសមុទ្រខ្មៅ។ ដោយសារតែមានការធានាបែបនេះ ទើបក្រុងមូស្គូ ព្រមព្រៀង នឹងចូលរួមអនុវត្ដកិច្ចព្រមព្រៀងនាំគ្រាប់ធញ្ញជាតិ ចេញពីកំពង់ផែនានារបស់អ៊ុយក្រែន នៅសមុទ្រខ្មៅ ក្រោមគំនិតផ្ដួចផ្ដើមឡើង ដោយអង្គការសហប្រជាជាតិ និង តួកគី។
ការងាកមកចូលរួមអនុវត្ដកិច្ចព្រមព្រៀងឡើងវិញរបស់រុស្ស៊ី នឹងនាំឲ្យមានសុវត្ថិភាព ដល់ការនាំចេញគ្រាប់ធញ្ញជាតិ ពីអ៊ុយក្រែន តាមច្រករបៀងសមុទ្រខ្មៅ។ ចំណែកការដឹកនាំធញ្ញជាតិ នឹងត្រូវបន្ដដំណើរការឡើងវិញ ចាប់ពីថ្ងៃពុធ តទៅ។
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ ថា ក្រុងមូស្គូ នឹងចូលរួមអនុវត្ដកិច្ចព្រមព្រៀងនេះឡើងវិញ ក៏ដោយសារតែខ្លួនបានទទួលការធានាយ៉ាងពិតប្រាកដ ពីក្រុងកៀវ ថា អ៊ុយក្រែន នឹងមិនប្រើប្រាស់ច្រករបៀងសមុទ្រខ្មៅ សម្រាប់ប្រតិបត្ដិការយោធា ប្រឆាំងនឹងរុស្ស៊ី នោះឡើយ។
លោក រេសេប តាយយីប អេដូហ្គេន (Recep Tayyip Erdogan) ប្រធានាធិបតីតួកគី បានបញ្ជាក់ នៅមុននេះ ថា លោក ស៊ើរហ្គេ ស៊យហ្គុ (Sergei Shoigu) រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី បានប្រាប់ដល់សមភាគីតួកគីរបស់គាត់ ថា កិច្ចព្រមព្រៀងនាំគ្រាប់ធញ្ញជាតិ ក្រោមគំនិតផ្ដួចផ្ដើម ពីអង្គការសហប្រជាជាតិ និង តួកគី នឹងបន្ដប្រតិបត្ដិការឡើងវិញ ចាប់ពីត្រឹមពាក់កណ្ដាលថ្ងៃពុធ តទៅ។
លោកប្រធានាធិបតីតួកគី បានប្រាប់ដល់សភា ថា ការដឹកនាំជញ្ជូនគ្រាប់ធញ្ញជាតិ ចេញពីកំពង់ផែនានារបស់អ៊ុយក្រែន នៅតាមច្រកសមុទ្រខ្មៅ នឹងចាប់ផ្ដើមបន្ដឡើងវិញ ចាប់ពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃពុធ ទី២ ខែវិច្ឆិកា វេលាក្នុងតំបន់ តាមការគ្រោងទុក។
រុស្ស៊ី កាលពីថ្ងអាទិត្យ សប្ដាហ៍មុន បានប្រកាសដកខ្លួន ចេញពីកិច្ចព្រមព្រៀងផ្ដួចផ្ដើមគំនិត ដោយអង្គការសហប្រជាជាតិ និង តួកគី ក្រោយពេលក្រុងមូស្គូ បានចោទប្រកាន់ទៅលើក្រុងកៀវ ពីការវាយប្រហារ ទៅលើមូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួន នៅឧបទ្វីបគ្រី ដែលរឹបអូសបានពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤ ហើយការសម្រេចចិត្តរបស់រុស្ស៊ី បានធ្វើឲ្យតម្លៃគ្រាប់ធញ្ញជាតិ ហក់ឡើងប្រហែល៥ភាគរយ។
បណ្ដាផ្សព្វផ្សាយល្បីៗរបស់ពិភពលោក បានរាយការណ៍ ថា រហូតមកដល់ពេលនេះ អង្គការសហប្រជាជាតិ សហគមន៍អឺរ៉ុប តួកគី និងអ៊ុយក្រែន កំពុងតែព្យាយាម ដាក់គំនាបទៅលើរុស្ស៊ី ដើម្បីធ្វើយ៉ាងណា ជំរុញឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ដឹកតាមនាវាចំនួន១៦គ្រឿង អាចចាកចេញ តាមច្រកសមុទ្រខ្មៅ ប្រកប ដោយសុវត្ថិភាព ខណៈក្រុងមូស្គូ បានដកខ្លួន ចេញពីការធានាសន្តិសុខ ក្រោយការវាយប្រហារ ដោយដ្រូន មកលើមូលដ្ឋានកងទ័ពរបស់រុស្ស៊ី ប្រចាំសមុទ្រខ្មៅ។
លោក អង់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែង ថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់រុស្ស៊ី ហើយលោកកំពុងតែព្យាយាមស្ដារកិច្ចព្រមព្រៀងនេះឡើងវិញ នៅក្នុងបំណងជួយកាត់បន្ថយបញ្ហាវិបត្តិស្បៀងអាហារ នៅលើពិភពលោក។
ជាមួយនឹងការប្រកាសរបស់រុស្ស៊ី ដកខ្លួនចេញកិច្ចព្រមព្រៀងនាំគ្រាប់ធញ្ញជាតិ តាមច្រកសមុទ្រខ្មៅ ត្រឹមតែមួយថ្ងៃក្រោយមក តម្លៃស្បៀងអាហារ បានឡើងថ្លៃ រហូតដល់ជិត៦ភាគរយ កាលពីថ្ងៃចន្ទ ទី៣១ ខែតុលា។ អ៊ុយក្រែន និង រុស្ស៊ី ជាប្រទេសនាំចេញស្រូវសាលីដ៏ធំបំផុតមួយ នៅលើសកលលោក។ ចាប់តាំងពីថ្ងៃអាទិត្យ មុននេះមក ក្រោយពេលរុស្ស៊ី បានដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិសុខ នាំគ្រាប់ធញ្ញជាតិអ៊ុយក្រែន ទៅកាន់ទីផ្សាររបស់ពិភពលោក មិនមានកប៉ាល់ដឹកគ្រាប់ធញ្ញជាតិណាមួយ ហ៊ានចាកចេញពីកំពង់ផៃនោះឡើយ៕