កូរ៉េខាងជើង បាញ់មីស៊ីលអន្ដរទ្វីបបំភ័យជប៉ុន ប្រកាសអាសន្នទាំងព្រឹក ព្រោះខឹងអាមេរិក
កូរ៉េខាងជើង បាញ់មីស៊ីលអន្ដរទ្វីបបំភ័យជប៉ុន ប្រកាសអាសន្នទាំងព្រឹក ព្រោះខឹងអាមេរិក
រដ្ឋធានីសេអ៊ូល៖ ការធ្វើសមយុទ្ធទ័ពអាកាសទ្រង់ទ្រាយធំ រវាងកងទ័ពសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ធ្វើឲ្យក្រុងព្យុងយ៉ាង ចាត់ទុកជាការហាត់សម ដើម្បីឈ្លានពាន ទើបកូរ៉េខាងជើង បន្ដបាញ់មីស៊ីលជាច្រើនគ្រាប់ សង័្សយ ជាមីស៊ីលអន្ដរទ្វីប (ICBM) ធ្វើឲ្យរដ្ឋាផិបាលជប៉ុន ប្រកាសអាសន្ន ដល់ប្រជាជន នៅតាមតំបន់ជាច្រើនឲ្យស្វែងរកទីមានសុវត្ថិភាព។
សារព័ត៌មាន Japan Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ថា កូរ៉េខាងជើង បានបន្ដបាញ់មីស៊ីលបន្ថែមទៀត កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ រួមទាំង កាំជ្រួចមួយគ្រាប់ ដែលនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) សង័្សយ អាចជាមីស៊ីលបាលិស្ទីកអន្តរទ្វីប (ICBM)។ ការបាញ់មីស៊ីលរបស់ក្រុងព្យុងយ៉ាង បានបង្ខំឲ្យរដ្ឋាភិបាលជប៉ុន ចេញសញ្ញាប្រកាសអាសន្ន ជម្លៀសប្រជាជន នៅតំបន់ភាគខាងជើង និង ភាគកណ្ដាល ប្រទេសអាស៊ីបូព៌ាមួយនេះ។
ការិយាល័យរបស់នាយករដ្ឋមន្រ្ដីជប៉ុន បានបញ្ចេញសំឡេងប្រកាសអាសន្នដល់ប្រជាជន នៅភាគខាងជើង និង កណ្តាល នៃខេត្តមីយ៉ាហ្គិ (Miyagi), យ៉ាម៉ាហ្កាតា (Yamagata) និង នីអ៊ីហ្គាតា (Niigata) ដោយណែនាំឲ្យពួកគេ ចូលទៅក្នុងអគារដ៏រឹងមាំ ឬ នៅក្រោមដី។ ចំណែកសេវាកម្មរថភ្លើង នៅក្នុងតំបន់ទាំងនោះ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ក្រោយពេលមានការជូនដំណឹង អំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង មុនពេលការបាញ់ភ្លាមៗ។
នាយករដ្ឋមន្រ្ដីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានថ្កោលទោសដល់ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។ លោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់ ថា ក្រុមមន្រ្ដីជប៉ុន កំពុងតែវិភាគឲ្យបានល្អិតល្អន់ អំពីមីស៊ីលទាំងនោះ។
រដ្ឋមន្រ្ដីក្រសួងការពារជាតិជប៉ុន លោក យ៉ាស៊ូកាហ្ស៊ូ ហាម៉ាដា (Yasukazu Hamada) បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ថា «យើងបានឃើញការបាញ់បង្ហោះមីស៊ីល បង្ហាញពីសក្ដានុពលហោះមកលើប្រទេសជប៉ុន។ ដូច្នេះហើយទើបជប៉ុនប្រកាសអាសន្ន ប៉ុន្តែបន្ទាប់ពីពិនិត្យមើលការហោះរបស់មីស៊ីលនោះ យើង បានបញ្ជាក់ ថា វាមិនបានឆ្លងកាត់ ពីលើប្រទេសជប៉ុន នោះឡើយ។ មីស៊ីលនោះ បានហោះដល់រយៈកម្ពស់ប្រហែល ២០០០គីឡូម៉ែត្រ និង រយៈចម្ងាយ៧៥០គីឡូម៉ែត្រ»។
លោករដ្ឋមន្រ្ដី បានបន្ដថា មីស៊ីលនោះបានបាញ់ នៅវេលាម៉ោង៧ និង ៤០នាទីព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា (វេលាក្នុងតំបន់។ មីស៊ីលនោះ បានបាត់ពីរ៉ាដា នៅលើសមុទ្រជប៉ុន។
ការបាញ់មីស៊ីល កាលពីព្រឹក ថ្ងៃព្រហស្បតិ៍នេះ ជាការបាញ់សាកល្បងអាវុធជាបន្ដបន្ទាប់ចុងក្រោយរបស់កូរ៉េខាងជើង នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈមានភាពតានតឹង កាន់តែខ្លាំងឡើង នៅក្នុងតំបន់។ ការបាញ់មីស៊ីលទាំងនេះ បានកើតឡើង រយៈពេលត្រឹមតែ១ថ្ងៃ ក្រោយពេលក្រុងព្យុងយ៉ាង បានបាញ់មីស៊ីល ជាង២០គ្រាប់ ត្រឹមតែរយៈពេល១ថ្ងៃប៉ុណ្ណោះ។
កូរ៉េខាងត្បូង បានអះអាង ថា កូរ៉េខាងជើង កាលពីថ្ងៃពុធ បានបាញ់កាំភ្លើងធំ ចំនួន១០០គ្រាប់ ធ្លាក់ចូលទៅក្នុងតំបន់ទ្រនាប់ក្បែរខ្សែបន្ទាត់ព្រំដែនទឹក រវាងប្រទេសទាំងពីរ ត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលជាច្រើនប្រភេទប្រហែល១០គ្រាប់ ទៅកាន់តំបន់ភាគខាងកើត និង ខាងលិចប្រទេសកូរ៉េខាងជើង។ ប៉ុន្ដែក្នុងចំណោមមីស៊ីលទាំងនោះ មានមីស៊ីល១គ្រាប់ បានធ្លាក់នៅក្បែរដែនទឹករបស់កូរ៉េខាងត្បូង។
កូរ៉េខាងត្បូង កាលពីព្រឹក ថ្ងៃពុធ បានបាញ់មីស៊ីល ចំនួន៣គ្រាប់ ចេញពីយន្តហោះចម្បាំង ធ្លាក់នៅចំណុចមួយក្បែរខ្សែបន្ទាត់ NLL ដើម្បីជាការឆ្លើយតប ចំពោះការបាញ់សាកល្បងមីស៊ីលជាច្រើនប្រភេទ សរុប១០គ្រាប់ ពីកូរ៉េខាងជើង កាលពីប៉ុន្មានម៉ោងមុននោះ។ ចំណែកការបាញ់តេស្តមីស៊ីលរបស់ក្រុងព្យុងយ៉ាង គឺក្រុងសេអ៊ូល បានរកឃើញថា មានមីស៊ីល១គ្រាប់ បានធ្លាក់នៅក្បែរដែនទឹកកូរ៉េខាងត្បូង ជាលើកដំបូង។
ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង បានកើតមានឡើង ក្រោយពេលក្រុងព្យុងយ៉ាង កាលពីថ្ងៃអង្គារ បានស្នើដល់សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ត្រូវតែបញ្ឈប់ការធ្វើសមយុទ្ធទ័ពអាកសទ្រង់ទ្រាយធំរបស់ពួកគេ។ កូរ៉េខាងជើង បានចាត់ទុកសកម្មភាពបែបនេះ ជាទង្វើបង្កហេតុ នឹងជំរុញឱ្យមានការចាត់វិធានការឆ្លើយតប ពីក្រុងព្យុងយ៉ាង។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិងកំពុងធ្វើសមយុទ្ធទ័ពអាកាសរួមគ្នា ដោយមានការចូលរួមពីយន្ដហោះចម្បាំងសរុបជាង ២៤០គ្រឿង ហើយនឹងត្រូវបិទបញ្ចប់ នៅថ្ងៃសុក្រ ចុងសប្ដាហ៍នេះ។
ស្របពេលមានភាពតានតឹង នៅក្នុងតំបន់នោះ នាវាផ្ទុកយន្ដហោះរបស់សហរដ្ឋអាមេរិក ដើរដោយថាមពលនុយក្លេអ៊ែរ USS Ronald Reagan កាលពីដើមខែតុលា កន្លងទៅនេះ ក៏បានទៅចូលរួម ធ្វើសមយុទ្ធយោធា នៅលើដែនទឹករបស់កូរ៉េខាងត្បូង ផងដែរ។ ការធ្វើសមយុទ្ធយោធារបស់សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត នៅអាស៊ីបូព៌ា ជាញឹកញាប់នេះ បានកើតឡើង ចំពេលកូរ៉េខាងជើង បាញ់ផ្លោងមីស៊ីល ជាញឹកញាប់ បង្កអសន្ដិសុខ និង ស្ថិរភាព នៅក្នុងតំបន់ និង សហគមន៍អន្ដរជាតិ៕