ក្រុងវ៉ាស៊ីនតោនសម្លុតក្រុងព្យុងយ៉ាង ពីការកម្ទេចកូរ៉េខាងជើង បើហ៊ានប្រើប្រាស់នុយក្លេអ៊ែរ

ក្រុងវ៉ាស៊ីនតោនសម្លុតក្រុងព្យុងយ៉ាង ពីការកម្ទេចកូរ៉េខាងជើង បើហ៊ានប្រើប្រាស់នុយក្លេអ៊ែរ

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលស្ថានភាព នៅលើឧបទ្វីបកូរ៉េ កាន់តែតានតឹងខ្លាំងឡើង ហើយក្រុងព្យុងយ៉ាង នៅតែបន្ដបាញ់មីស៊ីលជាច្រើនប្រភេទ មិនឈប់ឈរនោះ ប្រមុខការពារជាតិសហរដ្ឋអាមេរិក បានព្រមានដោយត្រង់ៗ ពីការកម្ទេចកូរ៉េខាងជើង ចោល ប្រសិនបើហ៊ានប្រើប្រាស់អាវុធមហាប្រល័យលោក។ទីភ្នាក់ងារសារព័ត៌មាន AP បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ថា សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ បានចេញនូវការព្រមានរួមគ្នា ដល់កូរ៉េខាងជើង ថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយ ប្រឆាំងនឹងក្រុងសេអ៊ូល ឬ សម្ពន្ធមិត្ត នៅក្នុងតំបន់ នឹងទទួលបានលទ្ធផលត្រឡប់មកវិញ គឺការបញ្ចប់នូវរបបគ្រប់គ្រងរបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ ការព្រមានពីសហរដ្ឋអាមេរិក និង សម្ពន្ធមិត្តនៅអាស៊ីបូព៌ា នេះ បានកើតឡើង ដោយសារតែក្រុងព្យុងយ៉ាង បានបន្ដបាញ់មីស៊ីល មិនឈប់ឈរ បង្កើននូវភាពតានតឹង នៅលើឧបទ្វីបនេះ កាន់តែតានតឹងខ្លាំងឡើង។

កូរ៉េខាងជើង កាលពីពាក់កណ្ដាលរាត្រី ថ្ងៃព្រហស្បតិ៍ បានបាញ់កាំភ្លើងធំ ប្រហែល៨០គ្រាប់បន្ថែមទៀត ចូលទៅក្នុងតំបន់ព្រំដែនសមុទ្រ ខណៈលោក ឡយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក និងរដ្ឋមន្ត្រីការពារជាតិកូរេខាងត្បូង បានប្តេជ្ញាចិត្ត បង្ហាញការប្រឈមមុខជាមួយនឹងកូរ៉េខាងជើង បន្ដបាញ់មីស៊ីល និង កាំភ្លើងធំគំរាមកំហែង។ ការបាញ់កាំភ្លើងធំជាង៨០គ្រាប់នេះ បានធ្វើឡើង ស្របគ្នានឹងសហរដ្ឋអាមេរិក បានព្រមាន ពីការកម្ទេចរបបដឹកនាំកូរ៉េខាងជើង ចោល បើសិនជាហ៊ានប្រើប្រាស់អាវុធនុយក្លេអ៊ែរ បាញ់ទៅលើសហរដ្ឋអាមេរិក និង ប្រទេសជាសម្ពន្ធមិត្ត។

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) និង រដ្ឋមន្ត្រីការពារជាតិកូរេខាងត្បូង លោក លី ជុងស៊ុប Lee Jong-sup បានជួបគ្នា នៅឯក្រសួងការពារជាតិសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស្ហ៊ីនតោន ដោយបានប្តេជ្ញាចិត្ត ត្រូវបន្តប្រឈមមុខចំពោះការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើង បើទោះជាមានសម្តីព្រមាន និងការបាញ់គំរាមយ៉ាងណាក៏ដោយ។

លោក Lloyd Austin បានថ្លែងប្រាប់ដល់រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង ថា សហរដ្ឋអាមេរិក ប្តេជ្ញាការពារកូរេខាងត្បូង និង ធានាឲ្យប្រាកដ ថា នឹងមិនមានប្រទេសណាមួយ នឹងអាចប៉ះពាល់កូរ៉េខាងត្បូង នោះឡើយ។ លើសពីនេះទៅទៀត សហរដ្ឋអាមេរិក ក៏នឹងប្តេជ្ញាប្រឆាំង ចំពោះប្រទេសណាមួយហ៊ានប្រើប្រាស់ឧបករណ៍នុយក្លេអ៊ែរ ថែមទៀតផង។

កូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនគ្រាប់ ធ្លាក់ចូលទៅក្នុងសមុទ្រ កាលពីថ្ងៃព្រហស្បតិ៍ រួមទាំង មីស៊ីលផ្លោងអន្តរទ្វីប ICBM ដែលគេសង្ស័យថា ជាគ្រាប់ស្អុយ។ ថ្វីបើមានការបាញ់គំរាម ពីកូរ៉េខាងជើង យ៉ាងក្ដី ក៏សមយុទ្ធទ័ពអាកាស រវាងសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ដែលបានចាប់ផ្តើម តាំងពីថ្ងៃទី៣១ តុលា នឹងនៅតែបន្តបង្កើនពេលវេលាបន្ថែមទៀត។ សមយុទ្ធនេះ មានការចូលរួម ពីយន្តហោះ ២៤០គ្រឿង និង បុគ្គលិកយោធាច្រើនពាន់នាក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង