ប្រធានាធិបតីអ៊ុយក្រែន នឹងមកប្រជុំនៅឥណ្ឌូនេស៊ី បើមិនមានវត្ដមានរបស់ ពូទីន
ប្រធានាធិបតីអ៊ុយក្រែន នឹងមកប្រជុំនៅឥណ្ឌូនេស៊ី បើមិនមានវត្ដមានរបស់ ពូទីន
រដ្ឋធានីកៀវ៖ ប្រធានាធិបតីឥណ្ឌូនេស៊ី នៅក្នុងឋានៈជាប្រធានកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G-20 កាលពីប៉ុន្មានខែមុន បានអញ្ជើញទៅជួបសមភាគីអ៊ុយក្រែន មុននឹងបន្ដដំណើរទៅជួបនឹងសមភាគីរុស្ស៊ី ដែលទំនងជាស្វែងរកដំណោះស្រាយការទូត និង អញ្ជើញមេដឹកនាំទាំង២នេះ មកចូលរួមកិច្ចប្រជុំកំពូល ប៉ុន្ដែឥឡូវ មេដឹកនាំក្រុងកៀវ បានអះអាង ពីការមិនចង់ជួបមេដឹកនាំវិមានក្រឹមឡាំង នៅក្នុងកិច្ចប្រជុំនេះ។
ទីភ្នាក់ងារសារព័ត័មាន Reuters បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ថា លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelenskiy) ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ ថា គាត់នឹងមិនទៅចូលរូមកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន G-20 ប្រារព្ធធ្វើឡើង នៅក្នុងប្រទេសឥណ្ឌូនេស៊ី នោះឡើយ ប្រសិនបើមានវត្ដមានរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន ចូលរួមដែរ។
មេដឹកនាំអ៊ុយក្រែន បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយជំនួបជាមួយនឹងប្រធានាធិបតីក្រិក នៅក្នុងរដ្ឋធានីកៀវ ថា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូវី ដូដូ បានអញ្ជើញរូបគាត់ ឲ្យទៅចូលរួម នៅក្នុងកិច្ចប្រជុំកំពូលនេះ នឹងត្រូវប្រព្រឹត្តទៅ ចន្លោះពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ខាងមុខនេះ។
លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី បានបញ្ជាក់ដោយសម្ដីយ៉ាងម៉ឺងម៉ាត់ ថា «គោលជំហររបស់ខ្ញុំផ្ទាល់ ក៏ដូច ជាគោលជំហររបស់អ៊ុយក្រែន គឺថា ប្រសិនបើមេដឹកនាំរុស្ស៉ីចូលរួម នៅក្នុងសន្និសីទនោះ អ៊ុយក្រែននឹងមិនចូលរួមនោះឡើយ។ យើងនឹងដឹងថា វានឹងទៅជាយ៉ាងណា នៅថ្ងៃខាងមុខនេះ»។
ការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានលើកទ័ពចូលលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ពេលនេះ បានសម្លាប់មនុស្សរាប់ពាន់នាក់ និង បង្ខំឲ្យប្រជាជនរាប់លាននាក់ ត្រូវបង្ខំចិត្តរត់ចោលផ្ទះសម្បែង និង ភៀសខ្លួនទៅកាន់ប្រទេសជិតខាង។ ក្រៅពីនេះ សង្គ្រាមរបស់លោក ពូទីន បានបំផ្លិចបំផ្លាញប្រទេសអ៊ុយក្រែន អស់រាប់ពាន់លានដុល្លារថែមទៀតផង៕