កូរ៉េខាងជើង ខឹងសហរដ្ឋអាមេរិកបន្ដធ្វើសមយុទ្ធ បាញ់កាំភ្លើងធំជិត១០០គ្រាប់បន្ថែមទៀត

កូរ៉េខាងជើង ខឹងសហរដ្ឋអាមេរិកបន្ដធ្វើសមយុទ្ធ បាញ់កាំភ្លើងធំជិត១០០គ្រាប់បន្ថែមទៀត

រដ្ឋធានីសេអ៊ូល៖ ក្រោយពេលសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង បានប្រកាស អំពីពង្រីកពេលវេលាធ្វើសមយុទ្ធយោធា គ្មានថ្ងៃកំណត់ច្បាស់លាស់នោះ ក្រុងព្យុងយ៉ាង កាន់តែខឹងសម្បាខ្លាំងឡើង ហើយបានបន្ដបាញ់កាំភ្លើងធំ ប្រហែលជិត៨០គ្រាប់ ធ្លាក់ចូលទៅក្នុងសមុទ្រ បន្ទាប់ពីការបាញ់មីស៊ីលបាលិស្ទីករាប់សិបគ្រាប់ រួមទាំងមីស៊ីលបាលិស្ទីកអន្ដរទ្វីប បំភ័យជប៉ុន ប្រកាសអាសន្នទាំងព្រឹក កាលពីថ្ងៃព្រហស្បតិ៍។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ថា កូរ៉េខាងត្បូង កាលពីព្រឹក ថ្ងៃសុក្រ បានបញ្ជាក់ ថា ក្រុងព្យុងយ៉ាង កាលពីពាក់កណ្ដាលរាត្រី ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រ បានបាញ់កាំភ្លើងធំ ប្រហែល៨០គ្រាប់ ធ្លាក់ចូលទៅក្នុងតំបន់សមុទ្រ។ សកម្មភាពយោធារបស់កូរ៉េខាងជើង បានកើតឡើង ស្របពេលរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក បានប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ប្រឈមមុខនឹងការបាញ់សាកល្បងមីស៊ីលជាបន្ដបន្ទាប់ គ្មានឈប់ឈរពីក្រុងព្យុងយ៉ាង។

ក្រុមមន្រ្ដីយោធាកូរ៉េខាងត្បូង បានបញ្ជាក់ ថា កូរ៉េខាងជើង កាលពីពាក់កណ្ដាលរាត្រី ថ្ងៃព្រហស្បតិ៍ បានបាញ់កាំភ្លើងធំ ប្រហែល៨០គ្រាប់ ធ្លាក់ចូលទៅក្នុងសមុទ្រ។ នេះជាទង្វើបំពានលើកិច្ចព្រមព្រៀងអន្តរកូរ៉េ កាលពីឆ្នាំ២០១៨។ ជាការឆ្លើយតបវិញនោះ កូរ៉េខាងត្បូង បានបញ្ជូនសារព្រមាន ទៅកាន់កូរ៉េខាងជើង ជុំវិញការបាញ់កាំភ្លើងធំទាំងនេះ។

កូរ៉េខាងជើង បានបាញ់កាំភ្លើងធំ ចំពេលរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន និង សមភាគីកូរ៉េខាងត្បូង លោក លី ជុង ស៊ុប (Lee Jong-sup) បានប្ដេជ្ញា ថា នឹងស្វែងរកចំណាត់ការថ្មីៗ ដើម្បីបង្ហាញ អំពីការប្ដេជ្ញាចិត្ត និង សមត្ថភាពរបស់សម្ពន្ធមិត្តរបស់ប្រទេសទាំង២ ក្រោយពេលកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល ជាបន្តបន្ទាប់។

កូរ៉េខាងត្បូង បានអះអាង ថា កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ បានបាញ់មីស៊ីលបាលិស្ទីក ចំនួន៣គ្រាប់ ហើយក្នុងនោះមានមួយគ្រាប់ជាមីស៊ីលបាលិស្ទីកអន្តរទ្វីប (ICBM)។ ប៉ុន្ដែការបាញ់មីស៊ីលបាលិស្ទីកអន្ដរទ្វីបរបស់កូរ៉េខាងជើង បានទទួលបរាជ័យ។ សកម្មភាពយោធារបស់ក្រុងព្យុងយ៉ាង បានកើតឡើង ក្រោយពេលកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល ចំនួន២៣គ្រាប់ កាលពីថ្ងៃពុធ ។

ជាការឆ្លើយតបវិញនោះ កូរ៉េខាងត្បូង បានបញ្ជូនយន្ដហោះចម្បាំងជាច្រើនគ្រឿង បាញ់មីស៊ីល ពីលើអាកាសទៅលើដី ស្ថិតក្នុងដែនទឹក ភាគខាងជើង ព្រំដែនសមុទ្រ។ សកម្មភាពបែបនេះ បានបញ្ឆេះកំហឹងរបស់កូរ៉េខាងជើង ឲ្យបន្ដបាញ់តបត កាន់តែច្រើនឡើង ហើយកាលពីពាក់កណ្ដាលអធ្រាត្រ ថ្ងៃព្រហស្បតិ៍ បានបាញ់កាំភ្លើងធំ ប្រហែល៨០គ្រាប់បន្ថែមទៀត។

សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ ថា ពួកគេនឹងពង្រីកពេលវេលា នៃការធ្វើសមយុទ្ធទ័ពអាកាសបន្ថែមទៀត ហើយក៏មិនបានកំណត់ អំពីពេលវេលា នឹងត្រូវបញ្ចប់នោះដែរ។ ការប្រកាសរបស់សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត នៅអាស៊ីបូព៌ានេះ បានកើតឡើង ក្រោយការបាញ់មីស៊ីលបាលិស្ទីកអន្ដរទ្វីបរបស់កូរ៉េខាងជើង ហើយការសម្រេចចិត្តរបស់ក្រុងព្យុងយ៉ាង នឹងនាំមកនូវគ្រោះថ្នាក់បំផុត៕

អត្ថបទដែលជាប់ទាក់ទង