កូរ៉េខាងជើង បាញ់មីស៊ីលមួយគ្រាប់ទៀត ក្រោយទើបតែគំរាមឆ្លើយតបផ្នែក​យោធាទៅ អាមេរិក

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងនៅព្រឹកថ្ងៃសុក្រនេះ បានបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្លោងអន្តរទ្វីប (ICBM) រយៈចម្ងាយឆ្ងាយមួយគ្រាប់ទៀត ដែលសង្ស័យថា ហោះឆ្ពោះទៅសមុទ្រជប៉ុន បន្ទាប់ពីទើបតែបាញ់មួយគ្រាប់កាលពីថ្ងៃព្រហស្បតិ៍ ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាង​ត្បូង​បាន​រាយការណ៍​ថា មីស៊ីល ICBM ​នេះ ​ទំនង​ជា​មីស៊ីលដែល​ជា​ការ​អភិវឌ្ឍចុងក្រោយបំផុតរបស់ទីក្រុងព្យុងយ៉ាង ដែលសារព័ត៌មានអឺរ៉ុបជាច្រើនទើបតែបានរាយការណ៍ផងដែរ ។

ទោះយ៉ាងណា រហូតមកដល់នាពេលនេះ ទាំងអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) និងឆ្មាំឆ្នេរសមុទ្រជប៉ុនបានត្រឹមតែបញ្ចាក់ថា មីស៊ីលនេះ គឺជាមីស៊ីលផ្លោងប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ក្នុង​ការ​ប្រកាស​របស់​ពួកគេ​នោះទេ ។

ទន្ទឹមនោះ ឆ្មាំសមុទ្រជប៉ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យន្តហោះ និងនាវាសមុទ្រត្រូវបានជំរុញឲ្យត្រួតពិនិត្យព័ត៌មាននេះ ដើម្បីជូនដំណឹងដល់ឆ្មាំឆ្នេរ ឲ្យចៀសវាងបំណែកមីស៊ីលណាមួយ ដែលនឹងធ្លាក់នៅជិតពួកគេ” ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍កូរ៉េខាងជើងក៏បានបាញ់មីស៊ីលផ្លោងមួយគ្រាប់ផងដែរ ឆ្ពោះទៅកាន់ដែនទឹកភាគខាងកើតរបស់ខ្លួន ពោលប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបានគំរាមឆ្លើយតបខាងយោធាដ៏ខ្លាំងក្លា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ក្នុងការបង្កើនវត្តមានសន្តិសុខរបស់ខ្លួននៅក្នុងតំបន់ ៕

អត្ថបទដែលជាប់ទាក់ទង