លោកស្រី Tsai Ing-wen លាលែងតំណែងជាប្រធានគណបក្សភ្លាមៗ ក្រោយចាញ់ការបោះឆ្នោតថ្នាក់តំបន់
ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានលាលែងពីតំណែងជាប្រធានគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចកាលពីថ្ងៃសៅរ៍ បន្ទាប់ពីចាញ់ការបោះឆ្នោតថ្នាក់តំបន់ ។
ការបោះឆ្នោតជ្រើសរើសអភិបាលក្រុង អភិបាលស្រុក និងសមាជិកក្រុមប្រឹក្សាមូលដ្ឋាន គឺផ្ដោតលើបញ្ហាក្នុងស្រុក ដូចជា ជំងឺរាតត្បាតកូវីដ ១៩ និងឧក្រិដ្ឋកម្ម ហើយអ្នកដែលជាប់ឆ្នោត នឹងមិនមានសិទ្ធិសម្រេចអ្វីទាក់ទងនឹងគោលនយោបាយរបស់ប្រទេសចិនដោយផ្ទាល់នោះទេ ។
ប៉ុន្តែលោកស្រី Tsai បាននិយាយថា ទោះយ៉ាងណាការបោះឆ្នោតនេះ ក៏បង្ហាញឲ្យពិភពលោកមើលពីរបៀបដែលតៃវ៉ាន់នឹងការពារលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ចំពេលមានភាពតានតឹងផ្នែកយោធាជាមួយចិន ដែលចាត់ទុកកោះនេះជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ។
ចំណែកអ្នកទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតនោះ បានទៅលើគណបក្សប្រឆាំងធំជាងគេនៅតៃវ៉ាន់គឺគណបក្ស គូមីនតាង (KMT) ដោយដណ្ដើមបានតំណែងអភិបាលក្រុង និងអភិបាលស្រុកចំនួន ១៣ កៅអីក្នុងចំណោម ២១ កៅអី រួមទាំងទីក្រុងតៃប៉ិផងដែរ ខណៈគណបក្ស DPP ទទួលបានតែ ៥ កៅអីប៉ុណ្ណោះ ។
ទន្ទឹមនោះ លោកស្រី Tsai បានប្រាប់អ្នកយកព័ត៌មាននៅឯទីស្នាក់ការគណបក្សថា “លទ្ធផលពេលនេះគឺខុសពីការរំពឹងទុករបស់យើង ។ យើងទទួលយកលទ្ធផលបរាជ័យនេះ ហើយក៏ទទួលយកការសម្រេចចិត្តរបស់ប្រជាជនតៃវ៉ាន់ផងដែរ” ។
គួរបញ្ជាក់ថា ការប្រកាសលាលែងពីតំណែងជាប្រធានគណបក្ស DPP ក៏កើតឡើង ស្របពេលដែលលោកស្រី Tsai មិនអាចឈរឈ្មោះជាប្រធានាធិបតីបានទៀតទេ ដោយសារតែការកំណត់អាណត្តិប្រធានាធិបតីនៅតៃវ៉ាន់គឺបានត្រឹមតែ ២ អាណត្តិប៉ុណ្ណោះ ខណៈបច្ចុប្បន្នលោកស្រីកំពុងកាន់តំណែងអាណត្តិទី ២ របស់លោកស្រី ៕