វៀតណាមងាកទៅរកការធ្វើពាណិជ្ជកម្មសព្វាវុធ ដើម្បីកាត់បន្ថយការពឹងផ្អែកភាគច្រើនលើរុស្ស៊ី
វៀតណាម ៖ ប្រទេសវៀតណាម កំពុងសម្លឹងមើលការផ្លាស់ប្តូរផ្នែកការពារជាតិដ៏សំខាន់របស់ខ្លួន ខណៈកំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកភាគច្រើន លើការទិញអាវុធរបស់រុស្ស៊ី និងចាប់ផ្តើមការជំរុញការនាំចេញអាវុ.ធផលិតក្នុងស្រុក ដោយមានអ្នកទិញ ដែលអាចមាននៅក្នុងទ្វីបអាហ្វ្រិក អាស៊ី និងសូម្បីតែរុស្ស៊ីផ្ទាល់។
វៀតណាម ៖ ប្រទេសវៀតណាម កំពុងសម្លឹងមើលការផ្លាស់ប្តូរផ្នែកការពារជាតិដ៏សំខាន់របស់ខ្លួន ខណៈកំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកភាគច្រើន លើការទិញអាវុធរបស់រុស្ស៊ី និងចាប់ផ្តើមការជំរុញការនាំចេញអាវុ.ធផលិតក្នុងស្រុក ដោយមានអ្នកទិញ ដែលអាចមាននៅក្នុងទ្វីបអាហ្វ្រិក អាស៊ី និងសូម្បីតែរុស្ស៊ីផ្ទាល់។
ភាគច្រើននៃការចំណាយទាំងនោះ បានទៅលើរុស្ស៊ីជាប្រវត្តិសាស្ត្រ ដែលជាអ្នកផ្គត់ផ្គង់អាវុ.ធ និងប្រព័ន្ធការពារដ៏សំខាន់របស់វៀតណាម អស់ជាច្រើនទសវត្សកន្លងមកហើយ។ យោងតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) ដែលតាមដានការចំណាយលើវិស័យយោធារបស់ពិភពលោក បានឱ្យដឹងថា វៀតណាមបានក្លាយជាអ្នកទិញអាវុធដ៏ធំបំផុតពីរុស្ស៊ី។
ផ្ទុយទៅវិញ វៀតណាមកំពុងតែងាកទៅរកអ្នកផ្គត់ផ្គង់មកពីអឺរ៉ុប អាស៊ីបូព៌ា ឥណ្ឌា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ហើយវាក៏បានជំរុញឧស្សាហកម្មយោធាក្នុងស្រុក ជាមួយនឹងការគាំទ្រពីអ៊ីស្រាអែល និងដៃគូផ្សេងទៀត ហើយសង្ឃឹមថា នឹងនាំចេញអាវុធផលិតក្នុងស្រុក នាពេលអនាគតដ៏ខ្លី។
លោក Nguyen The Phuong អ្នកស្រាវជ្រាវផ្នែកការពារជាតិនៃសកលវិទ្យាល័យជាតិវៀតណាម បាននិយាយថា មានការពិភាក្សាផ្ទៃក្នុងមួយ កាលពីខែតុលា អំពីថា តើវៀតណាម គួរតែលក់អាវុធទៅឱ្យរុស្ស៊ីដែរឬទេ? បើទោះជាមិនមានការសម្រេចចិត្តលើរឿងនោះ ដែលត្រូវបានគេមើលឃើញថា អាចនឹងកើតមានឡើង យ៉ាងណាក៏ដោយ ខណៈស្ថានទូតរុស្ស៊ីប្រចាំទីក្រុងហាណូយ និងក្រសួងការពារជាតិ រួមនិងក្រសួងការបរទេសវៀតណាម មិនមានការអត្ថាធិប្បាយពាក់ព័ន្ធរឿងនេះទេ។
ដោយឡែក យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា ក្រុមហ៊ុនផលិតអាវុធរបស់អាមេរិក និងរុស្ស៊ី កាលពីថ្ងៃទី០៨ ខែធ្នូ កន្លងទៅ បានដាក់តាំងបង្ហាញសព្វាវុធ និងផ្សព្វផ្សាយគំរូយន្តហោះ នៅឯពិព័រណ៍សព្វាវុធទ្រង់ទ្រាយធំលើកដំបូងនៅវៀតណាម ស្របពេលដែលមហាអំណាចទាំង២ កំពុងប្រជែងគ្នា ដណ្តើមឥទ្ធិពល និងការលក់អាវុធដល់វៀតណាម ជាយុទ្ធសាស្ត្រនៅអាស៊ីអាគ្នេយ៍ ដែលមានព្រំប្រទល់ជាប់ប្រទេសចិន។
នៅក្នុងព្រឹត្តិការណ៍ ដែលធ្វើឡើងនៅឯមូលដ្ឋានទ័ពអាកាសទីក្រុងហាណូយ បានទាក់ទាញអ្នកតាំងពិព័រណ៍ចំនួន ១៧៤ក្រុម ដែលមកពី ៣០ប្រទេស រួមទាំងប្រទេសផលិតអាវុធធំៗទាំងអស់ លើកលែងតែប្រទេសចិន។
ស្ថិតក្នុងឱកាសនោះ លោក Marc Knapper ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាម បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅខាងក្រៅព្រឹត្តិការណ៍នេះថា ពិព័រណ៍អាវុធ តំណាងឱ្យដំណាក់កាលថ្មីមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងសកលភាវូបនីយកម្ម ពិពិធកម្ម និងទំនើបកម្ម ហើយអាមេរិក ចង់ក្លាយជាផ្នែកមួយដ៏សំខាន់នៃដំណាក់កាលថ្មីនេះ។
លោកបន្ថែមថា អាមេរិកចង់ជំរុញកិច្ចសហប្រតិបត្តិការយោធារបស់ខ្លួន ជាមួយវៀតណាម ដែលភាគច្រើនត្រូវបានកំណត់ចំពោះនាវាឆ្មាំឆ្នេរសមុទ្រ និងយន្តហោះហ្វឹកហាត់ ចាប់តាំងពីការបញ្ចប់ការហាមឃាត់អាវុ.ធក្នុងឆ្នាំ២០១៦ ហើយបានត្រៀមខ្លួនរួចរាល់ ដើម្បីពិភាក្សាអំពីតម្រូវការការពារជាតិរបស់ខ្លួន ជាពិសេសលើសមត្ថភាពដែនសមុទ្រ។
សូមជម្រាបថា វៀតណាម និងចិន បានជាប់គាំងនៅក្នុងជម្លោះដែនទឹកដ៏រ៉ាំរ៉ៃមួយលើប្រជុំកោះ និងការរុករកថាមពលនៅក្នុងសមុទ្រចិនខាងត្បូង ជាមួយនឹងក្តីបារម្ភថា នៅថ្ងៃណាមួយវាអាចនាំឱ្យមានការប្រឈមមុខដាក់គ្នា៕ (ដកស្រង់ចេញពី Reuters, Japan Times និង VnExpress)