ប្រទេសចំនួន ៤០ សន្យាជួយប្រជាជន អ៊ុយក្រែន ឲ្យឆ្លងផុតរដូវរងាឆ្នាំនេះ

ប្រទេសចំនួន ៤០ បានសន្យាផ្តល់ជំនួយជាង ១ ពាន់លានអឺរ៉ូ ឬប្រហែល ១.១ ពាន់លានដុល្លារជាជំនួយបន្ថែមដល់អ៊ុយក្រែន ដើម្បីជួយប្រជាជនអ៊ុយក្រែនឲ្យឆ្លងផុតរដូវរងាឆ្នាំនេះ ។

កិច្ច​ព្រមព្រៀង​នេះធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​ជំនួយ​មួយ​នៅ​ក្នុង​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​អង្គារ ដោយមានការចូលរួមពីនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal ជាមួយគណៈប្រតិភូមកពីជាង ៤០ ប្រទេស ។

រដ្ឋាភិបាលបារាំងនិយាយថា ៤0 ភាគរយនៃជំនួយដែលបានសន្យានេះ នឹងជួយដល់ការស្តារផ្គត់ផ្គង់ថាមពលឡើងវិញ រួមទាំងការផ្តល់ម៉ាស៊ីនភ្លើងផងដែរ ។ ជាមួយគ្នានោះ ក្រុមហ៊ុនឯកជនជាង ៧០០ នៅប្រទេសបារាំងដែលបានចូលរួមក្នុងសន្និសិទ ក៏បានបង្ហាញពីឆន្ទៈក្នុងការជួសជុលស្ពាន និងផ្លូវដែកក្នុងប្រទេសអ៊ុយក្រែនដូចគ្នា ។

បន្ថែមពីនពទៅទៀត រដ្ឋាភិបាល​បារាំង​មាន​គម្រោង​គាំទ្រ​កិច្ច​ខិតខំប្រឹងប្រែង​ផ្តល់ជំនួយ​ហិរញ្ញវត្ថុដល់អ៊ុយក្រែន ខណៈរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Bruno Le Maire មានប្រសាសន៍ថា វិស័យសាធារណៈ និងឯកជនបារាំងនឹងរួមគ្នាជួយដល់ការកសាងឡើងវិញរបស់អ៊ុយក្រែន ។

ដោយឡែក នាយកប្រតិបត្តិនៃក្រុមហ៊ុនសំណង់ដ៏ធំរបស់បារាំង បាននិយាយថា ប្រទេស​បារាំង​អាច​ដើរ​តួនាទី​សំខាន់​ក្នុង​ដំណើរ​ការ​កសាង​ឡើង​វិញ​នូវហេដ្ឋារចនាសម្ព័ន្ធដែលបានខូចខាតទាំងអស់របស់អ៊ុយក្រែន ៕

អត្ថបទដែលជាប់ទាក់ទង