រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបានលើកឡើងថាៈ រុស្ស៊ីគ្រោងនឹងវាយលុកបន្តទៀតនៅថ្ងៃទី២៤ ខែកុម្ភៈ ខាងមុខនេះ
លោក Oleksii Reznikov បាននិយាយថា ទីក្រុងម៉ូស្គូបានប្រមូលផ្តុំកងទ័ពរាប់ពាន់នាក់ ហើយគេអាចនឹង “សាកល្បងអ្វីមួយ” ដើម្បីប្រារព្ធខួបនៃការលុកលុយដំបូងកាលពីឆ្នាំមុនរបស់ខ្លួនមកលើយើង ហើយការប្រារព្ធខួបនេះ គេទំនងនឹងធ្វើនៅថ្ងៃទី២៣ ខែកុម្ភៈ។
គួរឲ្យដឹងផងដែរថាៈ មនុស្សប្រមាណប្រាំបីនាក់បានរងរបួសនៅក្នុងតំបន់ Donetsk បន្ទាប់ពីកាំជ្រួចរបស់រុស្ស៊ីបានវាយប្រហារអគារលំនៅដ្ឋានមួយ។ ហើយទន្ទឹមនឹងនោះ ចំនួនអ្នកស្លាប់ក៏ត្រូវបានគេរំពឹងថាអាចនឹងកើតមានឡើង ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើការរុករកក្នុងគំនរអគារបែបបាក់នៅឡើង។
ប្រធានាធិបតី អ៊ុយក្រែន លោក Zelensky បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីការវាយប្រហារថា ” មធ្យោបាយតែមួយគត់ដើម្បីបញ្ឈប់អំពើភេរវកម្មរបស់រុស្ស៊ី គឺត្រូវតែកម្ចាត់សមភាគីនេះ ដោយការប្រើ ដរថក្រោះ យន្តហោះចម្បាំង និងមីស៊ីលរយៈចម្ងាយឆ្ងាយ “។
គួររំឮកថាៈ ថ្មីៗនេះ អ៊ុយក្រែន បានអំពាវនាវជាថ្មីសម្រាប់យន្តហោះចម្បាំង ដើម្បីជួយការពារខ្លួនពីការវាយប្រហារតាមអាកាស បន្ទាប់ពីប្រទេសអាល្លឺម៉ង់ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានយល់ព្រមបញ្ជូនរថក្រោះទៅពួកគេ។
បើតាមលោក Reznikov បាននិយាយថា មេបញ្ជាការរបស់អ៊ុយក្រែននឹងស្វែងរក ” ស្ថេរភាពផ្នែកខាងមុខ និងរៀបចំសម្រាប់ការវាយលុក ” មុនពេលមានពាក្យចចាមអារ៉ាមថារុស្ស៊ីរីកចម្រើន។ទន្ទឹមនឹងនេះ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Hanna Malyar បាននិយាយថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាកំពុងបន្តនៅក្នុងតំបន់ Donbas ជាកន្លែងដែលកងកម្លាំងរុស្ស៊ី និងទាហានស៊ីឈ្នួល Wagner Group បានព្យាយាមដណ្តើមយកទីក្រុង Bakhmut។
យោងតាមក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបានឱ្យដឹងថា ប្រហែល ៨០% នៃបុគ្គលិករបស់ Wagner នៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានដកចេញពីពន្ធនាគារ។
គួរបញ្ជាក់ថាៈ បច្ចុប្បន្ននេះរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ អ៊ុយក្រែន កំពុងស្ថិតនៅក្នុងប្រទេសបារាំងនៅឡើយ ដើម្បីធ្វើកិច្ចព្រមព្រៀងទិញរ៉ាដាការពារដែនអាកាស MG-200 បន្ថែម ដើម្បីបង្កើនសមត្ថភាពរបស់កងកម្លាំងទ័ពក្នុងការចាប់គោលដៅ អាកាស រួមទាំងកាំជ្រួចស្លាបដែលផ្លោង និងយន្តហោះគ្មានមនុស្សបើកប្រភេទផ្សេងៗ៕ ប្រភពៈ BBC