ហ្វីលីពីនបានផ្តល់សិទ្ធិឲ្យអាមេរិកចូលទៅកាន់មូលដ្ឋានទ័ពកាន់តែច្រើន ចំពេលមានការព្រួយបារម្ភពីចិន
ម៉ានីល៖ ប្រទេសហ្វីលីពីនបានផ្តល់សិទ្ធិឱ្យសហរដ្ឋអាមេរិកពង្រីកការចូលទៅកាន់មូលដ្ឋានយោធារបស់ខ្លួន ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការបង្កើនការអះអាងរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ និងភាពតានតឹងលើតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរបាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងត្រូវបានផ្តល់សិទ្ធិចូល ទៅកាន់ទីតាំងចំនួនបួនបន្ថែមទៀត ក្រោមកិច្ចសហប្រតិបត្តិការការពារជាតិ ដែលប្រសើរឡើង (EDCA) ដែលមានអាយុកាលតាំងពីឆ្នាំ២០១៤។
សេចក្តីថ្លែងការណ៍បាននិយាយថា “សម្ព័ន្ធភាពហ្វីលីពីន-អាមេរិក បានឈរលើការសាកល្បង នៃពេលវេលា ហើយនៅតែមានភាពរឹងមាំ។ យើងទន្ទឹងរង់ចាំឱកាសដែលទំព័រថ្មីទាំងនេះនឹងបង្កើតឡើង ដើម្បីពង្រីក កិច្ចសហប្រតិបត្តិការរបស់យើងជាមួយគ្នា”។
សហរដ្ឋអាមេរិកបានប្រកាសថាខ្លួនកំពុងបែងចែកប្រាក់ជាង ៨២ លានដុល្លារ សម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ នៅទីតាំងចំនួនប្រាំដែលមានស្រាប់នៅក្រោម EDCA ។
គួររំឮកថា EDCA អនុញ្ញាតឱ្យសហរដ្ឋអាមេរិកចូលទៅកាន់មូលដ្ឋានយោធាហ្វីលីពីន សម្រាប់ការហ្វឹកហ្វឺនរួមគ្នា ការកំណត់ទីតាំងជាមុននៃបរិក្ខារ និងការកសាងគ្រឿងបរិក្ខារដូចជាផ្លូវរត់ កន្លែងផ្ទុកប្រេងឥន្ធនៈ និងលំនៅដ្ឋានយោធា ប៉ុន្តែមិនមែនជាវត្តមានអចិន្ត្រៃយ៍នោះទេ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយ អូស្ទីន ( Lloyd Austin ) ស្ថិតនៅក្នុងទីក្រុងម៉ានីល សម្រាប់កិច្ចពិភាក្សា ខណៈដែលទីក្រុងវ៉ាស៊ីនតោន ស្វែងរកការពង្រីកជម្រើសសន្តិសុខរបស់ខ្លួន នៅក្នុងប្រទេសហ្វីលីពីន ដែលជាផ្នែកនៃ កិច្ចខិតខំប្រឹងប្រែង ដើម្បីរារាំងរាល់ទង្វើរបស់ប្រទេសចិន ប្រឆាំងនឹងកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង ។
សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ថាទីតាំងថ្មីទាំងនោះនឹងនៅទីណាទេ។ ប៉ុន្តែអតីតប្រមុខយោធាហ្វីលីពីនបាននិយាយថា សហរដ្ឋអាមេរិកបានស្នើសុំចូលទៅកាន់មូលដ្ឋាននៅលើដីភាគខាងជើងនៃ លូហ្សុន ( Luzon ) ដែលជាផ្នែកជិតបំផុតនៃប្រទេសហ្វីលីពីនទៅកាន់តៃវ៉ាន់ និងទៅលើកោះ Palawan ដែលប្រឈមមុខនឹងប្រជុំកោះ ស្ព្រាតលី ដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។
បើទោះជាយ៉ាងនេះក្តី គេមិនឃើញមានការអត្ថាធិប្បាយភ្លាមៗពីស្ថានទូតចិនប្រចាំក្រុងម៉ានីលនោះទេ។
លោក ឡូយ អូស្ទីន ក៏បានជួបជាមួយប្រធានាធិបតីហ្វីលីពីន ហ្វឺឌីនៀន ម៉ាខូស ជូញ្ញា ( Ferdinand Marcos Jr ) នៅវិមានប្រធានាធិបតីកាលពីថ្ងៃព្រហស្បតិ៍ មុនពេលជួបជាមួយសមភាគីរបស់គាត់គឺ Carlito Galvez ជាកន្លែងដែលគាត់បានធានាដល់មេដឹកនាំអាស៊ីអាគ្នេយ៍ថា “យើងត្រៀមខ្លួនរួចជាស្រេចដើម្បីជួយអ្នកតាមគ្រប់ មធ្យោបាយដែលយើងអាចធ្វើបាន” ។
លោក Marcos ដែលចាប់តាំងពីបានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែឧសភា កន្លងទៅ បានជួបជាមួយប្រធានាធិបតីអាមេរិក Joe Biden ពីរដងរួចទៅហើយ ដោយបានរំលឹកឡើងវិញថា គាត់មិនអាចឃើញអនាគតសម្រាប់ប្រទេសរបស់គាត់ដោយគ្មានសម្ព័ន្ធមិត្តសន្ធិសញ្ញាយូរអង្វែងនោះទេ។
លោក Marcos បានប្រាប់ លោក Austin ថា ” ខ្ញុំតែងតែនិយាយថា អនាគតរបស់ហ្វីលីពីន និងសម្រាប់បញ្ហានោះ អាស៊ីប៉ាស៊ីហ្វិកនឹងតែងតែមានការចូលរួមពីសហរដ្ឋអាមេរិក ” ។
ដំណើរទស្សនកិច្ចរបស់លោក Austin ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ របស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក Kamala Harris ទៅកាន់ប្រទេសហ្វីលីពីនក្នុងខែវិច្ឆិកា ដែលរួមមានការឈប់នៅ Palawan។ នៅទីនោះ លោក Harris បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងឈរក្បែរហ្វីលីពីនក្នុងការប្រឈមមុខ នឹងការបំភិតបំភ័យ និងការបង្ខិតបង្ខំនៅសមុទ្រចិនខាងត្បូង។
ងាកមកចាប់អារម្មណ៍ខាងក្រៅទីស្នាក់ការយោធាឯណេះវិញ ក្រុមអ្នកតវ៉ារាប់សិបនាក់បានស្រែកពាក្យស្លោក ប្រឆាំងសហរដ្ឋអាមេរិក ដែលបានដាក់មូលដ្ឋានទ័ពលើទឹកដីរបស់ខ្លួន៕