ប្រធានាធិបតីចិន និងបេឡារុស អំពាវនាវឲ្យបង្កើតសន្តិភាពនៅអ៊ុយក្រែន
ប្រធានាធិបតីចិន លោក Xi Jinping និងសមភាគីបេឡារុស្ស លោក Alexander Lukashenko បានអំពាវនាវឱ្យមានបទឈប់បាញ់ និងការចរចាដើម្បីនាំមកនូវដំណោះស្រាយនយោបាយចំពោះជម្លោះ អ៊ុយក្រែន និងរុស្ស៊ី នៅឯកិច្ចពិភាក្សានៅទីក្រុងប៉េកាំង។
មេដឹកនាំទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃពុធ ដែលក្នុងនោះពួកគេបានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង អំពីការវិវត្តនៃជម្លោះប្រដាប់អាវុធនៅក្នុងតំបន់អ៊ឺរ៉ុប និងការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការបង្កើតសន្តិភាពដែលអាចធ្វើទៅបានឆាប់ៗបំផុតនៅក្នុងប្រទេសអ៊ុយក្រែន” នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋបេឡារុស្ស Belta ។
Belta បានបន្ថែមថា “បេឡារុស្ស និងចិនចាប់អារម្មណ៍ក្នុងការទប់ស្កាត់ការកើនឡើងនៃវិបត្តិ និងត្រៀមខ្លួនជាស្រេចក្នុងការខិតខំប្រឹងប្រែងដើម្បីស្តារសន្តិភាព និងសណ្តាប់ធ្នាប់ក្នុងតំបន់”។
រដ្ឋាភិបាលក្រុងប៉េកាំងបានបញ្ចេញសំឡេងកាន់តែខ្លាំងឡើងក្នុងការអំពាវនាវឱ្យមានសន្តិភាព ខណៈដែលជម្លោះអ៊ុយក្រែនអូសបន្លាយ ហើយបានបដិសេធថាខ្លួននឹងមិនផ្តល់អាវុធដល់ទីក្រុងមូស្គូ បន្ទាប់ពីមន្ត្រីអាមេរិកបាននិយាយថា ប្រទេសចិនកំពុងពិចារណាធ្វើដូច្នេះ។
គួររំឭកផងដែរថាៈ កាលពីសប្តាហ៍មុន ចិនបានចេញសេចក្តីថ្លែងការណ៍ ១២ ចំណុច ដែលអំពាវនាវឱ្យមានបទឈប់បាញ់ទូលំទូលាយនៅអ៊ុយក្រែន ដែលភាគច្រើនបានសង្ខេបជំហរពីមុនរបស់ចិន និងបានជួបការសង្ស័យនៅលោកខាងលិច។
ក្នុងជំនួបសមភាគីបេឡារុស្ស លោក Xi Jinpin បានលើកថា “ប្រទេសពាក់ព័ន្ធគួរតែបញ្ឈប់ការធ្វើនយោបាយ និងប្រើប្រាស់សេដ្ឋកិច្ចពិភពលោកជាឧបករណ៍របស់ពួកគេ ហើយចាត់វិធានការដែលជំរុញឱ្យមានបទឈប់បាញ់ ពិតប្រាកដ ហើយបញ្ឈប់សង្រ្គាម និងដោះស្រាយវិបត្តិដោយសន្តិវិធី”។ លោក Xi បានបន្ថែមថា ក្នុងផែនការសន្តិភាពរបស់លោក លោកបានប្រកាសយ៉ាងច្បាស់លាស់ចំពោះសហគមន៍អន្តរជាតិ។
កន្លងមករុស្ស៊ីធ្លាប់បានចោទប្រកាន់សហរដ្ឋអាមេរិក និងអង្គការណាតូពីបទបង្កជម្លោះ និង “ដុតភ្លើង” ដោយផ្តល់ឱ្យអ៊ុយក្រែននូវអាវុធការពារ ខណៈពេលដែលការថ្កោលទោស ការដាក់ទណ្ឌកម្មកប្រឆាំងនឹងរុស្ស៊ី។
គួរឲ្យដឹងផងដែរថាៈ បេឡារុស្ស មានព្រំដែនជាប់ទាំងអ៊ុយក្រែន និងរុស្ស៊ី ដោយរដ្ឋាភិបាលរបស់លោក Lukashenko បានគាំទ្រយ៉ាងខ្លាំងដល់ក្រុងមូស្គូ និងបានអនុញ្ញាតឲ្យទឹកដីរបស់បេឡារុសត្រូវបានប្រើជាទីតាំងសម្រាប់ការឈ្លានពានដំបូងរបស់អ៊ុយក្រែនកាលពីមួយឆ្នាំមុន។
ដោយឡែកប្រទេសចិនក៏មានទំនាក់ទំនងយូរអង្វែងជាមួយលោក Lukashenko ដែលជាប្រធានាធិបតីតែមួយគត់របស់ប្រទេសបេឡារុស ចាប់តាំងពីតំណែងនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ Lukashenko បានគាបសង្កត់យ៉ាងឃោរឃៅចំពោះការតវ៉ានៅឆ្នាំ២០២០ ប្រឆាំងនឹងការបោះឆ្នោតឡើងវិញ ដែលក្រុមប្រឆាំង និងប្រទេសលោកខាងលិចចាត់ទុកថាជាការក្លែងបន្លំ៕