អភិបាលខេត្តត្បូងឃ្មុំ ចូលរួមជាមួយសិស្សានុសិស្ស យុវជន រាប់ពាន់នាក់ ជួបជុំលេងសង្ក្រាន្តវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង មុនពិធីបុណ្យចូលឆ្នាំថ្មីខ្មែរមកដល់

(ត្បូងឃ្មុំ):

មុនថ្ងៃចូលឆ្នាំថ្មីមកដល់នៅតាមវិទ្យាល័យទូទាំងខេត្តត្បូងឃ្មុំ បានរៀបចំសង្ក្រាន្តឆ្នាំថ្មី ដែលការរៀបចំនេះមានសិស្សាសិស្ស និងយុវជន មកលេងកម្សាន្តយ៉ាងច្រើនកុះករ ជាក់ស្តែងកាលពីរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងអាជ្ញាធរក្រុងសួង សហការជាមួយវិទ្យាល័យ សម្តេចតេជោហ៊ុនសែនសួង បានដឹកនាំរៀបចំសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យ សម្តេចតេជោហ៊ុនសែនសួង ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ។
ព្រឹត្តិការណ៍សប្បាយរីករាយជួបជុំគ្នានេះ ពិតណាស់ក៏ដោយសារពលរដ្ឋមានជីវភាពធូធារ ប្រទេសមានសុខសន្តិភាព ទើបយុវជនជំនាន់សម្តេចតេជោ មានឳកាសគ្រប់បែបយ៉ាង ឳកាសរៀនសូត្រ ឳកាសចាប់យកជំនាញផ្សេងៗ ឳកាសលេងកម្សាន្តសប្បាយ ជាដើម ។
ក្នុងឳកាសនោះ សិស្សានុសិស្សដែលមកចូលរួមសង្ក្រាន្ត វិទ្យាល័យ សម្តេចតេជោហ៊ុនសែនសួង បានលើកឡើងថា ពួកគេពិតជាសប្បាយខ្លាំងណាស់ ហើយចង់ឳ្យមានកម្មវិធីបែបនេះរាល់ឆ្នាំ ព្រោះថាក្រៅពីបានលេងកម្សាន្តសប្បាយហើយ គឺពួកគេបានជួបជុំគ្នា ជាមួយយុវជន និងសិស្សានុសិស្សពីសាលាផ្សេៗក្នុងខេត្តថែមទៀតផងដែរ ។
សូមជម្រាបថា ក្រៅពីតាមបណ្តាវិទ្យាល័យនៅក្នុងខេត្ត នៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏នឹងរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅតំបន់បូរីរដ្ឋបាលខេត្តផងដែរ ដោយមានការលេងល្បែងប្រជាប្រិយខ្មែរចម្រុះ តាំងពីពណ៌ មុខម្ហូប បន្លែបង្ការ និងសមិទ្ធិផលផ្សេងៗដែលប្រជាពលរដ្ឋ និងរដ្ឋខេត្តសម្រេចបាន រួមទាំងមានការប្រគុំតន្ត្រីកម្សាន្តផងដែរ ជាពិសេសមានតំបន់ត្រជាក់ចិត្ត លែងជះទឹក ប៉ាតម្សៅ និងបាញ់ពពុះសំបូរ សប្បាយកុះករជុំគ្នា ។
ជាមួយនឹងការរៀបចំនេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មកចូលរួមលេងកម្សាន្តសប្បាយឲ្យបានគ្រប់ៗគ្នា ៕

អត្ថបទដែលជាប់ទាក់ទង