ខេត្តត្បូងឃ្មុំ ថ្ងៃចូលឆ្នាំខ្មែរថ្ងៃទី ១ ទទួលបានភ្ញៀវទេសចរណ៍ ៣០.៥៦៩ នាក់

( ត្បូងឃ្មុំ ): ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៣ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរមកកម្សាន្តតាមតំបន់រមណីយដ្ឋាននានាសរុប ប្រមាណជា ៣០.៥៦៩ នាក់ ស្រី ១៦.៦០៦ នាក់ ភ្ញៀវបរទេស ៤ នាក់ ស្រី ១ នាក់ បើប្រៀបធៀបឆ្នាំ ២០២២ មានភ្ញៀវសរុប ៩.៣៣៣ នាក់ មានការកើនឡើងចំនួន ២២៧.៥៤% នេះបើតាមការបញ្ជាក់ពីលោក អឿន ឬទ្ធិ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឲ្យដឹងនារសៀលថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ ។
លោក អឿន ឬទ្ធិ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំបន្តថា ក្នុងនោះផងដែរ មន្រ្តីមន្ទីរទេសចរណ៍បានធ្វើការ ផ្សព្វផ្សាយសារាចរណែនាំលេខ០០៣ សរណន ចុះថ្ងៃ ទី ២០ ខែមីនា ឆ្នាំ ២០២៣ របស់ក្រសួងទេសចរណ៍ ស្តីអំពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ បានសហការជាមួយរដ្ឋបាលខេត្ត មន្ទីរជំនាញ និងដៃគូពាក់ព័ន្ធ រៀបចំព្រឹត្តិការណ៍សង្ក្រាន្តចូលឆ្នាំ និងកម្មវិធីកម្សាន្តសប្បាយនានាតាមទំនៀមទម្លាប់ប្រពៃណី ។
លោក អឿន ឬទ្ធិ បន្ថែមថា មន្ត្រីទេសចរណ៍ខេត្ត បានបន្តជំរុញផ្សព្វផ្សាយការអនុវត្តឱ្យបានយ៉ាងខ្ជាប់ខ្ជួននូវវិធានការទាំងឡាយ ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ “៣ ការពារ” និង “៣ កុំ” ព្រមជាមួយការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាពជូនភ្ញៀវទេសចរ និងលើសពីនេះទៀត បានផ្សព្វផ្សាយដល់អាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ និងរក្សាតម្លៃផលិតផល និងសេវាឱ្យបានសមរម្យ រាល់តម្លៃសេវាស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវសរសេរឱ្យបានច្បាស់ដាក់ក្នុងតារាង ដោយដាក់ភាសាខ្មែរនៅខាងលើ និងភាសាបរទេសនៅខាងក្រោម ដើម្បីជម្រាបជូនភ្ញៀវឱ្យបានដឹងជាមុន ។
លោក អឿន ឬទ្ធិ បញ្ជាក់ទៀតថា មន្ត្រីទេសចរណ៍ប្រចាំការនៅតាមរម្យណីយ៍ដ្ឋាននានាក្នុងខេត្ត បានជួយណែនាំឲ្យភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់រមណីយដ្ឋានឲ្យពួកគាត់វេចខ្ចប់ ទុកដាក់សម្រាមក្នុងធុងសម្រាម និងត្រូវជួយថែរក្សាបរិស្ថានជាដើម ៕

អត្ថបទដែលជាប់ទាក់ទង