ស្ពានបេតុងមួយដែលជាជំនួយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែនជាចំណងដៃថ្មីមួយទៀតជូនប្រជាពលរដ្ឋស្រុកកោះសូទិន
កំពង់ចាម ព្រឹកថ្ងៃ ទី១៨ ខែមេសា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត នាយករដ្ឋបាល មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងដោយមានការចូលរួមពីប្រធានមន្ទីរធនធានទឹកខេត្ត បានចុះពិនិត្យការដ្ឋានស្ដារអាចម៍ដីដែលបានចាក់លុបទន្លេតូច ឲ្យទៅតាមធម្មជាតិវិញ។
ឯកឧត្តម អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា នេះជាដំណោះស្រាយឈ្នះទាំងអស់គ្នា គឺប្រជាពលរដ្ឋនៅផ្នែកខាងក្រោមទន្លេតូចបានទឹកប្រើប្រាស់ ហើយប្រជាពលរដ្ឋទាំងអស់ទទួលបានស្ពានបេតុងសង់ថ្មីនៅចំទីតាំងគ្រឿងចក្រកំពុងកាយយកអាចម៍ដីចេញនេះ បានធ្វើដំណើរឆ្លងកាត់ ដែលជាជំនួយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន បានឱ្យដឹងថា បេីតាមការសិក្សារបស់មន្ត្រីបច្ចេកទេស គឺក្នុងស្រុកកោះសូទិនទាំងមូល មានគម្រោងសាងសង់ស្ពានបេតុងចំនួន ៤កន្លែងបន្ថែមទៀត នាពេលខាងមុខ ប៉ុន្តែដោយស្ថានភាពចាំបាច់ យើងត្រូវប្រេីប្រាស់គម្រោងឆ្នាំ២០២៣នេះ សម្រាប់សាងសង់ស្ពានបេតុង ១កន្លែងឆ្លងកាត់ទន្លេតូច ត្រង់ចំណុចមុខវត្តពាមប្រធ្នោះ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែលអាចធ្វើដំណើរឆ្ពោះទៅ ខេត្តត្បូងឃ្មុំ ឬតំបន់ផ្សេងៗទៀត។
បើតាមកាលដឹងពីលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឲ្យដឹងថា គ្រឿងចក្រដែលបានចុះការដ្ឋានខាងលើ រួមមាន៖ អេស្កាវ៉ាទ័រ ១គ្រឿង និងឡានបែន ៣គ្រឿង ប៊ុលដូហ្សែ ១គ្រឿង ដែលចាប់អនុវត្តតាំងពីថ្ងៃទី១៦ ខែមេសា ហើយនឹងអាចចំណាយរយៈពេល ៤ថ្ងៃក្នុងការស្តារឲ្យរួចរាល់។
ក្រោយការពិនិត្យ សិក្សាយ៉ាងល្អិតល្អន់ និងយោងតាមសំណើរបស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តមអភិបាលខេត្ត បានសម្រេចលើកគម្រោងក្នុងការសាងសង់ស្ពានបេតុង ១កន្លែង ឆ្លងកាត់ទន្លេតូច ចំណុចខាងមុខវត្តពាមប្រធ្នោះ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន តភ្ជាប់ទៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលជាចំណង ដៃដ៏ថ្លៃថ្លា និងថ្មីស្រឡាងមួយទៀត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រជាពលរដ្ឋក្នុងឃុំពាមប្រធ្នោះ បានទះដៃ ស្រែកហ៊ោ សម្តែងនូវអារម្មណ៍សប្បាយរីករាយជាខ្លាំង ខណៈឯកឧត្តម អ៊ុន ចាន់ដា បានប្រកាសថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនស្ពានបេតុងមួយកន្លែង ឆ្លងកាត់ទន្លេតូចនេះ ដេីម្បីសម្រួលដល់ការធ្វើដំណើរ និងជាចំណងដៃជូនបងប្អូនអ្នកស្រុកកោះសូទិន។ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ បានប្តេជ្ញាបោះឆ្នោតគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគតផងដែរ៕