សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ១ឧសភា
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ១ឧសភា
នៅព្រឹកថ្ងៃអាទិត្យ៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលនិងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ១ឧសភា ដែលពិធីនេះ មានការអញ្ជើញចូលរួមពីសមាគម សហជីព កម្មករ និយោជិត តំណាងមន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបប្រមាណ ៣,៥០០នាក់ នៅសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ។
ការជួបជុំសំណេះសំណាលនាព្រឹកនេះ គឺជាការស្វែងយល់ពីសុខទុក្ខ សកម្មជនសហជីព សាខាគណបក្សតាមរោងចក្រ សមាគមបុគ្គលិកសិក្សា និងបងប្អូនតំណាងកម្មករទូទាំងប្រទេសផង និងប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ១ឧសភា ឆ្នាំ២០២៣ ផងដែរ។
មុននឹងសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងឱកាសឆ្នាំថ្មីនេះ សូមអោយជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗគ្នា។ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ពិតជាសប្បាយរីករាយដែលបានអញ្ជើញមកជួបសំណេះសំណាល ជាមួយ សហជីពកម្មករ តំណាងមន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ក៏ដូចជាការអបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ឧសភា ដែលកម្ពុជាប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកទឹកចិត្ត និងគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់កម្មករកម្មការនី ទៅវិស័យការងារ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ចំពោះភាពរីកចម្រើន និងអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាក្នុងរយៈពេលកន្លងមកនេះ។សម្តេចតេជោក៏បានថ្លែងដោយក្តីមោទនភាពចំពោះកត្តាសុខសន្តិភាពរបស់កម្ពុជា ដែលកត្តាសុខសន្តិភាពនេះ វាបានផ្តល់នូវផ្លែផ្កាជាច្រើនសម្រាប់ភាពរីកចម្រើនរបស់ប្រទេសជាតិយើង។ សម្តេចតេជោក៏បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលធ្វើអោយយើងបានបើកដំណើរការប្រទេសជាតិឡើងវិញ និងបានដំណើរការសកម្មភាពប្រទេសជាតិជាប្រក្រតីឡើងវិញតាមគន្លងថ្មី។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ការស្វែងរកប្រភពវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋយើង គឺជាភាពជោគជ័យដ៏ធំធេងក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយនឹងការចូលរួមសហការទប់ស្កាត់ពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ទើបយើងទទួលបាននូវភាពជោគជ័យក្នុងការងារនេះ។
សម្ដេចតេជោ ក៏បានមានប្រសាសន៍ពីភាពជោគជ័យនៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប និងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាយើងបានធ្វើជាម្ចាស់ផ្ទះកន្លងទៅថ្មីៗនេះ ដែលនោះជាមោទនភាពមួយសម្រាប់កម្ពុជា ដែលកិច្ចប្រជុំនោះ គឺមានការចូលរួមពីមេដឹកនាំបណ្ដាប្រទេសមហាអំណាចធំៗច្រើនមកចូលរួមប្រជុំនៅទីក្រុងភ្នំពេញ តែបានប្រព្រឹត្តទៅដោយរលូន មិនមានបញ្ហាអ្វីរាំងស្ទះឡើយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស។ ជាមួយគ្នានោះ ក៏ត្រូវខិតខំថែរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា។ គ្រប់ស្ថាប័នទាំងអស់ត្រូវចេះសន្សំសំចៃក្នុងការចំណាយផ្សេងៗ និងត្រូវចូលរួមលុបបំបាត់ការរកស៊ីគេចពន្ធ ព្រមទាំងត្រូវខិតខំរកចំណូលសម្រាប់ជាតិឲ្យបានច្រើន។
សម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវអោយមានការចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម បន្តការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពអោយបានខ្ចាប់ខ្ជួនជានិច្ច ដូចជាទប់ស្កាត់ការការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងរួមគ្នាទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានជំរុញឲ្យបន្តយកចិត្តទុកដាក់ដោះស្រាយជីវភាពប្រជាពលរដ្ឋដែលខ្សត់ខ្សោយ ជាពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះផ្សេងៗ ដូចជាពលរដ្ឋដែលរងគ្រោះ ក្នុងវិបត្តិកូវីដ១៩ជាដើម។ ត្រូវចូលរួមក្នុងការដោះស្រាយការងារជូនប្រជាពលរដ្ឋ ទាំងការងារសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺត្រូវបន្តយកចិត្តទុកដាក់ជាប់ជាប្រចាំ ជាពិសេសគោលនយោបាយគាំពារសង្គម ដូចជាការអនុវត្តគាំពារស្ត្រីមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេសជាតិ គឺសម្តេចមិនបណ្តោយអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ហើយដោយយើងមិនបានដឹងនោះទេ គឺយើងត្រូវតែយកចិត្តទុកដាក់មើលឲ្យបានគ្រប់ជ្រុងជ្រោយចំពោះប្រជាពលរដ្ឋដែលជួបទុក្ខលំបាក។
នៅថ្ងៃនេះ សម្តេចតេជោ បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី២៣ ខែមេសា នេះ គឺសល់តែ១២ថ្ងៃទៀតតែប៉ុណ្ណោះ យើងនឹងដល់ព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារីហ្គេម ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះហើយ ដូច្នេះសម្តេចតេជោ សូមឱ្យរៀបចំព្រឹត្តិការណ៍នេះ អោយបានឲ្យបានល្អប្រសើរ និងរលូន ដើម្បីឱ្យភ្ញៀវអន្តរជាតិទាំងអស់ពេលដែលមកដល់កម្ពុជាម្ដងហើយ គេចង់មកម្ដងទៀតនៅពេលក្រោយ។
សម្តេចតេជោមានប្រសាសន៍ទៀតថា បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមរួចហើយនោះ ព្រឹត្តិការណ៍នៃការបោះឆ្នោតជាតិ នឹងត្រូវចូលមកដល់ ដូច្នេះសម្ដេចតេជោបានអំពាវនាវ ធ្វើយ៉ាងណាឲ្យការបោះឆ្នោតជាតិនៅពេលខាងមុខនេះ បានប្រព្រឹត្តទៅដោយរលូន មិនមានការគាបសង្កត់ ដោយសេរី និងយុត្តិធម៌ ពោលគឺត្រូវស្ថិតក្នុងបរិយាកាសល្អបំផុត។
សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្តអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋត្រូវរួមគ្នាបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាបន្តទៀត ត្បិតតែយើងមានការបន្ធូរបន្ថយកាតព្វកិច្ចជាច្រើនក៏ពិតមែន ប៉ុន្តែជំងឺនេះមិនទាន់ចប់នៅឡើយនោះទេ។ ពាក់ព័ន្ធទៅនឹងវិស័យការងារសម្ដេចតេជោក៏បានជំរុញឲ្យ ក្រសួងការងារក៏ដូចជាស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើនការបណ្ដុះបណ្ដាល ធនធានមនុស្សទៅលើវិស័យការងារបន្ថែមទៀតទាំងការងារក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយ រាជរដ្ឋាភិបាលជាអ្នកចេញថ្លៃក្នុងការបណ្ដុះបណ្ដាលចំណេះដឹងធនធានមនុស្សលើវិស័យការងារទាំងអស់នោះ។
សម្ដេចតេជោក៏បានមានប្រសាសន៍ជំរុញឲ្យ អាជ្ញាធរមូលដ្ឋានត្រូវចូលរួមដោះស្រាយបញ្ហាទំនាស់របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន តាមរយ:ការដោះស្រាយក្រៅប្រព័ន្ធតុលាការ ឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន ពីព្រោះការដោះស្រាយក្រៅប្រព័ន្ធតុលាការ វាមិនមានអ្នកឈ្នះ មិនមានអ្នកចាញ់ ហើយមិនមានអ្នកខាត មិនមានអ្នកចំណេញនោះទេ គឺឈ្នះទាំងអស់គ្នា ដោយមិនចាំបាច់ឡើងដល់តុលាការឡើយ។ សម្ដេចតេជោក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានខិតខំ ដោះស្រាយសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យបានល្អប្រសើរ កុំឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ដោយប្រការអ្វីមួយ គឺត្រូវធ្វើឲ្យបានលឿន ប្រកបដោយប្រសិទ្ធភាពជូនពួកគាត់។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានជំរុញអោយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខិតខំដោះស្រាយបញ្ហារបស់ពលករនៅក្រៅប្រទេសឲ្យបានល្អប្រសើរ ជាពិសេសការពារសិទ្ធិកម្មករកុំឲ្យមានការរំលោភបំពានផ្សេងៗ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរបងប្អូនកូនក្មួយសហជីពកម្មករ តំណាងមន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងពិធីជួបជុំថ្ងៃនេះ ជួបតែសេចក្តីសុខចម្រើន ព្រមទាំងពុទ្ធពរទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕