ស្ត្រីមេម៉ាយម្នាក់ មានកូន ៤ នាក់នៅក្នុងបន្ទុកទីទាល់ក្រ ទទួលបានផ្ទះ ១ ខ្នង និងសម្ភារៈប្រើប្រាស់ចំណាយថវិកាប្រមាណជាជិត ៥ ពាន់ដុល្លាពីអភិបាលខេត្តត្បូងឃ្មុំ និងប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤០៦ គ្រួសារ ក្នុងស្រុកក្រូចឆ្មារ ទទួលបានអំណោយមនុស្សធម៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
( ត្បូងឃ្មុំ ): ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញប្រគល់ផ្ទះ ១ ខ្នង និងសម្ភារៈប្រើប្រាស់ ១ កំប្លេរ ជូនដល់លោកស្រី ឡេង ហុង ដែលជាស្ត្រីមេម៉ាយកូន ៤ នាក់ ទីទ័លក្រ នាព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣ រស់នៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ និងបន្តចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ទៅចែកផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួនសរុប ៤០៦ គ្រួសារ ក្នុងនោះ ២៥០ គ្រួសារ នៅឃុំជំនីក និង ១៥៦ គ្រួសារ រស់នៅឃុំស្វាយឃ្លាំង និងឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ នាំនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយនោះឡើយ ដោយមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ និងមានការដោះស្រាយអ្វីឡើយ ស្របតាមទិសស្លោក «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ទៅដល់ជានិច្ច ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បន្តថា ប្រទេសជាតិ មានសន្តិភាព ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ធ្វើអោយមានការអភិវឌ្ឍន៍ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ មានការរីកចម្រើនមកដល់ពេលបច្ចប្បន្ននេះ អរគុណសន្តិភាព និងសូមអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ជូនសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិបន្តបន្ទាប់ និងសូមគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេណ ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិបន្ថែមទៀត ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដ បានធ្វើការក្រើនរំលឹក ដល់លោកតា លោកយាយ បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមលើកកំពស់ការថែទាំសុខភាព អោយបានល្អ រស់នៅត្រូវមានអនាម័យ ជាពិសេសក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួល ក្តៅ- ត្រជាក់នេះ អាចនឹងបង្កឱ្យកើតមានជម្ងឺដំកាត់ផ្សេងៗ ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់បងប្អូនទាំងអស់សូមបន្តយកចិត្តទុកដាក់ អនុវត្តអោយបានខ្ជាប់ខ្ជួន វិធានសុខាភិបាល ”៣ ការពារ ៣ កុំ” និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ ចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមានពិសេសគ្រោះអគ្គិភ័យ អាចបណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិ និងលំនៅដ្ឋានប្រសិនបើមានការធ្វេសប្រហែសណាមួយកើតឡើង ។
លោក វង វ៉ាន់នី នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានឲ្យដឹងដា ផ្ទះ ១ ខ្នង ព្រមទាំងសម្ភារៈប្រើប្រាស់ក្នុងការរស់នៅ ១ កំប្លេរ ដែលឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រគល់ជូនដល់លោកស្រី ឡេង ហុង ជាស្ត្រីមេម៉ាយកូន៤នាក់ទីទ័លក្រ មានទំហុំ ៥ ម៉ែត្រគុណ ៦ ម៉ែត្រ ចំណាយថវិការអស់ជិត៥ពាន់ដុល្លា និងអំណោយមនុស្សធម៍ចែកជូនគ្រួសារក្រីក្របំផុតចំនួន ៤០៦ គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥ គីឡូក្រាម, ត្រីខ ១ យូ, ទឹកត្រី ១ យួរ, ទឹកស៊ីអ៉ីវ ១ យួរ មី ១ កេស និងថវិកាមួយចំនួនផងដែរ ៕