ឯកឧត្ដម ហ៊ុន ម៉ានី ៖ សុខភាព គឺជាកត្តាមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់រូបនៅលើពិភពលោកទាំងមូល

ព្រៃវែង៖ «សុខភាព គឺជាកត្តាមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់រូបនៅលើពិភពលោកទាំងមូល»។ នេះជាការថ្លែងរបស់ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គចិត្តក្នុងពិធីចុះអប់រំសុខភាព វគ្គសង្គ្រោះបឋម យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ព្រមទាំងពិនិត្យជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ស្ថិតក្នុងឃុំព្រែកសំបួរ ស្រុក ពាមជរ ខេត្តព្រៃវែង នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ការចុះអប់រំសុខភាព វគ្គសង្គ្រោះបឋម យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ព្រមទាំងពិនិត្យជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនេះ គឺជាស្មារតីមនុស្សធម៌ សុទ្ធសាធដែលស្តែងចេញពីសេចក្ដីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយ ណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។

ឯកឧត្តមបានបន្តទៀតថា សកម្មភាពទាំងនេះអាចប្រព្រឹត្តទៅបានក៏ដោយសារប្រទេសជាតិមានស្ថេរភាព និងសុខសន្តិភាព ពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសជាតិឲ្យមានការរីកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិមានស្ថិរភាពនិងសន្តិភាពពិតប្រាកដ។

ជាមួយគ្នានោះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកពិនិត្យសុខភាពនាឱកាសនេះ សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះឲ្យបានគ្រប់ៗគ្នា  ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អសម្រាប់ប្រទេសជាតិយើង។

អត្ថបទដែលជាប់ទាក់ទង