សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បន្តចុះសួរសុខទុក្ខនាំយកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះបំផុតសរុប ១០០ គ្រួសារ នៅសង្កាត់វិហារលួង ក្រុងសួង

( ត្បូងឃ្មុំ ): ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដ បានបន្តចុះសួរសុខទុក្ខនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ទៅចែកជូនប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះបំផុតសរុប ១០០ គ្រួសារ ។
ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣ នៅសង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើការសួរសុខទុក្ខ ដោយក្តីបារម្ភនឹករលឹក អាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅ និងបាននាំយកអំណោយមួយចំនួន ដើម្បីជួយសម្រាលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ។
ឯកឧត្តមបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស តែងតែខិតខំលះបង់កំលាំងកាយចិត្ត តស៊ូនាំយកសន្តិភាព ថែរក្សាសន្តិភាព និងបន្តអភិវឌ្ឍន៍រីកចម្រើនរហូតដល់សព្វថ្ងៃនេះជាបន្តទៀត ហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពិសេសបោះឆ្នោតជូនសម្ដេចតេជោ ដែលមានលេខរៀងទី១៨ នៅក្នុងសន្លឹកឆ្នោតសម្រាប់គូសនិងបោះឆ្នោត ខាងមុខនេះ គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ ។
ឯកឧត្តមបណ្ឌិតបានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោត ត្រូវត្រួតពិនិត្យឡើងវិញនូវឯកសារពាក់ព័ន្ធ ពិសេសអ្នកមិនទាន់មានអត្តសញ្ញាណប័ណ្ណ សូមអញ្ជើញទៅឃុំ/សង្កាត់  ដើម្បីធ្វើឯកសារឯ.អ ទើបយើងមានឱកាសបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ ដើម្បីជាម្លប់ដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន រក្សាសន្តិភាព ជាបន្តទៀត ។
លោក វង វ៉ាន់នី នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា អំណោយទាំងនោះរួមមាន អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ មី និងថវិកាមួយចំនួនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង