អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសម្ពោធអាគារសិក្សាថ្មី ១ ខ្នង និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សាស្រែប្រាំង និងបន្តជួបសំណេះសំណាលកម្មករ កម្មាការីនី ក្រុមហ៊ុនចំការដូងក្រអូប សំបុកត្រចៀកកាំ និងជី ក្នុងស្រុកតំបែរ

(ត្បូងឃ្មុំ): ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសម្ពោធអាគារសិក្សា និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សាស្រែប្រាំង ។
ពិធីនេះធ្វើឡើងនាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣ ក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
លោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ បានអានរបាយការណ៍ និងបានលើកឡើងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃនេះ រួមមាន ៖ អគារសិក្សាថ្មី ចំនួន ១ខ្នង មាន ៥បន្ទប់ និងសមិទ្ធផលនានា ក្នុងសាលា គឺជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ ដែលបានឧបត្ថម្ភសាងសង់ឡើង សម្រាប់ទុកជូនដល់ កូនៗក្មួយៗចៅៗ នៅក្នុងឃុំ មានបន្ទប់សិក្សារៀនសូត្រល្អប្រណិត ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចូលរួមអបអរសាទរ ចំពោះសមិទ្ធផលថ្មី របស់សាលារៀនបឋមសិក្សាស្រែប្រាំង ក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ដែលបម្រើឱ្យវិស័យអប់រំ ក្នុងការលើកកម្ពស់ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស នៅមូលដ្ឋានឱ្យកាន់តែរីកចម្រើន ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចាត់ទុកអគារសិក្សាថ្មីនេះ ជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការបណ្តុះបណ្តាលធនធានមនុស្ស និង ការបង្កើតឱកាសការងារ និង ចូលរួមលើកស្ទួយ សេដ្ឋកិច្ចជាតិ ដោយបានបង្ហាញពីភាពរឹងមាំនៃវិស័យអប់រំនៅក្នុងខេត្តត្បូងឃ្មុំទាំងមូល ក៏ដូចជាទូទាំងប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ។
ឯកឧត្តមបណ្ឌិតបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ទៅចូលរួមការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ នៃរដ្ឋសភា នាថ្ងៃអាទិត្យ ទី ២៣ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ ។
ឯកឧតនតមបន្តថា ទន្ទឹមនេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋដែលបាត់ឬខូចអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សូមអញ្ជើញទៅសាលាឃុំ ដើម្បីបញ្ជាក់ឯកសារ(ឯ.អ)សម្រាប់បម្រើឲ្យការបោះឆ្នោតបាន និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានអស់សុពលភាពក្នុង ឆ្នាំ ២០២២ និង ២០២៣ អាចបន្តប្រើប្រាស់អត្តសញ្ញាណបណ្ណនោះសម្រាប់ការបោះឆ្នោតបាន ៕

អត្ថបទដែលជាប់ទាក់ទង