អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូប្រមាណ ៨០០ នាក់ តំណាងគ្រូបង្រៀនជិត ៥.៣០០ នាក់ បង្រៀននៅសាលាប្រមាណជិត ៥០០ សាលា នៅទូទាំងខេត្ត

( ត្បូងឃ្មុំ ): ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លើកឡើងថា បើគ្មានគ្រូបង្រៀនទេ ពិតណាស់មិនមានធនធានមនុស្ស មិនមានអ្នកចេះដឹង ហើយក៏មិនអាចក្លាយជាមន្ត្រីរាជការដែរ នេះជាវីរៈភាពរបស់លោកគ្រូអ្នកគ្រូ ។
មានប្រសាសន៍បែបនេះនៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៣ ក្នុងឳកាសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូក្នុងខេត្តត្បូងឃ្មុំ ប្រមាណ ៨០០ នាក់ តំណាងគ្រូបង្រៀនជិត ៥.៣០០ នាក់ បង្រៀននៅសាលាប្រមាណជិត ៥០០ សាលា នៅទូទាំងខេត្តត្បូងឃ្មុំ នៅសាលប្រជុំ(ធំ) សាលាខេត្តត្បូងឃ្មុំ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្តលើកឡើងថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ ដូចវិស័យផ្សេងទៀត ដោយបានតម្លើងប្រាក់បៀរវត្សដល់លោកគ្រូ អ្នកគ្រូ ឱ្យបានសមរម្យ ដើម្បីជួយលើតម្កើងកម្រិតជីវភាពពួកគាត់ ឱ្យបានល្អប្រសើរមួយកម្រិតផងដែរ ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត គូសបញ្ជាក់ថា ប្រទេសជាតិមួយជឿនលឿន ក្លាយជាអ្នកមាន មានសីលធម៍សង្គមខ្ពស់ លុះត្រាតែមានអ្នកចេះដឹងពោរពេញដោយសមត្ថភាព។ដូច្នេះសូមឲ្យលោកគ្រូអ្នកគ្រូបញ្ចេញអស់សមត្ថភាព ផ្តល់ឱវាទក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ និងជាពលរដ្ឋល្អ ធ្វើឲ្យទំពាំងពោរពេញដោយសីលធម៍ គុណភាព ជួយរុញច្រានប្រទេសកម្ពុជាបន្តពង្រឹងពង្រីកលើធនធានមនុស្ស ដែលជាកត្តាស្នូល សម្រាប់អភិវឌ្ឍន៍រីកចម្រើនសង្គមជាតិកម្ពុជា ក្លាយជាប្រទេសអ្នកមាននៅឆ្នាំ ២០៥០ ខាងមុខនេះ ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណគុណដល់ លោកគ្រូ អ្នកគ្រូ ដែលជាឪពុកម្តាយទី ២ ក្នុងការផ្ទេរចំណេះដឹង បទពិសោធន៍ កម្លាំងកាយចិត្ត សីលធម៌ គុណធម៌ ដើម្បីឱ្យមនុស្សម្នាក់ពោពេញសមត្ថភាព ចំណេះដឹង និងជំនាញច្បាស់លាស់ ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនបន្ថែមទៀត ។
សារជាចុងក្រោយទៅកាន់លោកគ្រូអ្នកគ្រូទាំងអស់ក្នុងខេត្តត្បូងឃ្មុំ ក៍ដូចជាទូទាំងប្រទេស ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត មានប្រសាសន៍ថា ឆន្ទៈលោកគ្រូអ្នកគ្រូ គឺនៅក្នុងក្រអៅបេះដូងសិស្សានុសិស្ស ឪពុកម្តាយ-អាណាព្យាបាលសិស្ស ព្រមទាំងពលរដ្ឋខ្មែរគ្រប់រូប នៅក្នុងសង្គមជាតិទាំងមូលជាដរាប ។
បើតាមរបាយការណ៍របស់លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ក្នុងឆ្នាំសិក្សា ២០២២ / ២០២៣ បុគ្គលិកទូទាំងខេត្តសរុប ៥.២៧៩ នាក់ ស្រី ២.៥២៥ នាក់ ក្នុងនោះ ក្របខណ្ឌ(ក) ចំនួន ៦៨៨ នាក់ ស្រី ២១៧ នាក់ ក្របខណ្ឌ(ខ) ចំនួន ១.៦៨៩ នាក់ ស្រី ៦៥៤ នាក់ ក្របខណ្ឌ(គ) ចំនួន ២.៩០២ នាក់ ស្រី ១.៦៥៤ នាក់ ហើយក៏មានគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះដឹងទូទៅចំនួន ៩១៤ នាក់ ស្រី ៤៩៨ នាក់ គ្រូបង្រៀន ២ ថ្នាក់ ២ ពេល ចំនួន ៥៦៥ នាក់ ស្រី ៣៣២ នាក់ គ្រូបង្រៀនថ្នាក់គួប ២ កម្រិតចំនួន ១៣៧ នាក់ ស្រី ៥០ នាក់ មន្ត្រីជាប់កិច្ចសន្យាចំនួន ៧ នាក់ ស្រី៣នាក់ គ្រូបង្រៀនក្របខណ្ឌខ្មែរ-ឥស្លាមចំនួន ៣១៧ នាក់ ស្រី ៦៦ នាក់ ក្នុងក្របខណ្ឌ(ក)ចំនួន ៣៥ នាក់ ក្របខណ្ឌ(ខ)ចំនួន ២០៥ នាក់ ក្របខណ្ឌ(គ)ចំនួន ៧៧ នាក់ គ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរ-ឥស្លាម ចំនួន ៤២ នាក់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង