សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធី “រុក្ខទិវា ៩ កក្កដា” ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ
យាងក្នុងព្រះរាជពិធី “រុក្ខទិវា ៩ កក្កដា” ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

នៅថ្ងៃអាទិត្យ ៧រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងក្នុងព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធី “រុក្ខទិវា ៩ កក្កដា” នៅស្ថានីយ៍ដាំឈើម្សៅក្រដាស ហ៊ុន សែន មា.នក ស្ថិតក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។


នៅក្នុង ពិធី នាព្រឹកថ្ងៃនេះ ក៏មានការអញ្ជើញដង្ហែព្រះរាជដំណើរព្រះមហាក្សត្រ ពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្តាអង្គទូត ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ត្រីរាជការនិងប្រជាពលរដ្ឋ យ៉ាងច្រើន កុះករ។

បុណ្យព្រៃឈើហៅថា «រុក្ខទិវា» ត្រូវបានរៀបចំឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២ ក្រោមព្រះរាជតម្រិះព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ រហូតមកដល់ឆ្នាំ២០២៣នេះ ការបង្កើត «រុក្ខទិវា» គឺមានរយៈពេល ៧១ឆ្នាំ មកហើយ។


ផ្អែកលើចក្ខុវិស័យដ៏ត្រចះត្រចង់របស់ព្រះបរមរតនកោដ្ឋ និងដើម្បីបន្តស្នាព្រះហស្ថរបស់ព្រះអង្គ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបង្កើតឡើងវិញនូវ «រុក្ខទិវា» តាមសេចក្តីសម្រេចចុះថ្ងៃទី១២ ខែមករា ឆ្នាំ១៩៩០ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី៩ ខែកក្កដា ហើយច្បាប់ស្តីពីព្រៃឈើឆ្នាំ២០០២ ក៏បានកំណត់ទិវាពលកម្មដាំដើមឈើជាប្រពៃណីជាតិ ហៅថា «រុក្ខទិវា» នៅថ្ងៃទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំ។ គិតចាប់ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ ២០១៩ ពិធី «រុក្ខទិវា» បានប្រារព្ធធ្វើនៅតាមបណ្តារាជធានី-ខេត្តចំនួន១៤ ទូទាំងប្រទេស សរុបចំនួន២៩លើក នៅលើផ្ទៃដីទំហំជាង ៤៧០ហិកតា។

«រុក្ខទិវា» ត្រូវបានខកខានប្រារព្ធចំនួនពីរឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយសារវិបត្តិជំងឺកូវីដ១៩។ ឆ្នាំ២០២២ «រុក្ខទិវា» ត្រូវបានរៀបចំឡើង នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបួរមាស ក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង៕

អត្ថបទដែលជាប់ទាក់ទង