ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងភរិយា អញ្ជើញបោះឆ្នោតរួចហើយ នៅការិយាល័យក្នុងសាលាបឋមសិក្សា ហ៊ុន សែន ខ្នារ

( ត្បូងឃ្មុំ ): ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ម៉េង វ៉ាន់ដានីន នៅព្រឹកថ្ងៃអាទិត្យ ៦ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ នេះ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នៅការិយាល័យបោះឆ្នោតលេខ ១១៦៨ ក្នុងសាលាបឋមសិក្សាហ៊ុន សែន ខ្នារ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
សូមជម្រាបថាៈ ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី ៧ នេះ មានការិយាល័យ ២៣,៧៨៩ ការិយាល័យ ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់ ។ ការបោះឆ្នោតអាណត្តិទី ៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន ១៨ ។
ដោយឡែក ខេត្តត្បូងឃ្មុំ ប្រជាពលរដ្ឋមានអាយុ ១៨ ឆ្នាំឡើង មានចំនួន ៥៣៨.៩៧៩ នាក់ ស្រី ២៧១.៤៤៦ នាក់ ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានចំនួន ៤៨៩.៩៥៨ នាក់ ។
មានការិយាល័យបោះឆ្នោតសរុបចំនួន ១.៣២១ ការិយាល័យ។មានអ្នកសង្កេតការណ៍ជាតិសរុប ៤.៣១១ ស្រី ២.៨៣៥ មកពីអង្គការ និងសមាគមន៍ចំនួន ១៣ ។
មានគណបក្សនយោបាយឈរឈ្មោះសម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ ចំនួន ៩ គណបក្សនយោបាយ រួមមាន: គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរតែ ១ គណបក្សហ៊្វុនស៊ិនប៉ិចគណបក្សខ្មែរឈប់ក្រ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង