ស្រូវនៅរដូវវស្សារបស់ខេត្តត្បូងឃ្មុំ ឆ្នាំនេះ សម្រេចបាន ៩៤,៣៧%ហើយ

( ត្បូងឃ្មុំ ): ស្រូវរដូវវស្សា របស់កសិករ ខេត្តត្បូងឃ្មុំ បង្ករបង្កើនផលសម្រេចបានប្រម៉ាណជា ៩៤,៣៧% ហើយ នេះបើគិតមកដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៣ ។
ក្នុងនោះរួមមាន ស្រូវចំនួន ៣ ប្រភេទ គឺស្រូវស្រាល ស្រូវកណ្តាល និងស្រូវធ្ងន់ ។
កសិករនៅក្នុងភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា គ្រួសារគាត់ ក៏ដូចកសិករក្នុងភូមិដែរ គឺនិយមដាំស្រូវរំដួលណាស់ ព្រោះជាប្រភេទស្រូវបាយមានរសជាតិឆ្ងាញ់ មានទីផ្សារល្អស្រួលលក់ដូរ ។
ក្នុងចំណោមប្រជាពលរដ្ឋ ៧៤២ គ្រួសារ នៅក្នុងភូមិនេះ គឺពី ៦០ ទៅ ៧០ % ហើយដែលបានបង្ករបង្កើនផលស្រូវរំដួលនេះ ។

កសិករបន្តថា ឆ្នាំនេះអាកាសធាតុអំណោយផលល្អ ដោយមានភ្លៀងធ្លាក់ ជាហូរហែរ គាត់បានចាប់ផ្ដើមដកស្ទូងឲ្យទាន់ថដូវកាល ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ការបង្ករបង្កើនផលស្រូវរដូវវស្សា ឆ្នាំ ២០២៣ កសិករធ្វើស្រូវរដូវវស្សាភ្ជួររាស់បាន ៧១.៨១០ ហិកតា ស្មើនឹង ៩៤,៤០% នៃផែនការដាំដុះ និងដាំដុះសម្រេចបាន ៧១.៧៨៥ ហិកតា ស្មើនឹង ៩៤,៣៧%នៃផែនការផ្ទៃដី ៧៦.០៧០ ហិកតា ស្មើនឹង ៩៩,៩៧%នៃផ្ទៃដីបានភ្ជួររាស់ ។
លោកប្រធានមន្ទីរបន្ថែមថា ហើយរាល់ការដាំដុះ កម្លាំងមន្ទីរ តែងចុះណែនាំ ផ្តល់បច្ចេកទេស ការប្រើប្រាស់ជី ការកំចាត់សត្វល្អិត និងការជ្រើសរើសពូជ ព្រមទាំងបាន ផ្សព្វផ្សាយដល់កសិករយើងជានិច្ច ៕

អត្ថបទដែលជាប់ទាក់ទង