ពលរដ្ឋគាំទ្រគណបក្សប្រជាជនដោយសារបក្សសំបូរធនធានមនុស្សងាយស្រួលក្នុងការអភិវឌ្ឍប្រទេសប្រកបដោយចេរភាព

( ត្បូងឃ្មុំ ): ឯកឧត្តម ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្តថ្លែងកោតសរសើរដល់សមាជិកបក្ស ក្រុមការងារបក្សទាំង ៧ ក្រុង-ស្រុក ដែលបានបំពេញភារកិច្ចរបស់ខ្លួនបានល្អ បានបញ្ជ្រាបគោលនយោបាយរបស់បក្ស បំរើ ដោះស្រាយបញ្ហាសព្វបែបយ៉ាង ជូនប្រជាពលរដ្ឋដល់គ្រប់មូលដ្ឋាន ក្នុងខេត្ត រហូតទទួលបានសម្លេងគាំទ្រ ១០០ ភាគរយ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ នេះ លទ្ធផលជ័យជំនះជាប្រវត្តិសាស្ត្រ ដូច្នេះសមាជិកបក្សទាំងអស់ ត្រូវរក្សាតំណែងនេះឲ្យគង់វង្ស ត្រូវធ្វើបន្តទៀតដើម្បីផ្តល់នូវសន្តិភាព និងការអភិវឌ្ឍឲ្យរីកចំរើនទ្វេរដង ជូនប្រជាពលរដ្ឋរបស់យើងបន្តថែមទៀត ។
ឯកឧត្តម ស៊ាក ឡេង ថ្លែងបែបនេះ នារសៀលថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ ក្នុង (សាលប្រជុំ”ខ” ជាន់ទី ២) នៅមន្ទីរគណបក្សខេត្ត ក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា អនុម័ត លើសេចក្តីព្រាងរបាយការណ៍ បូកសរុបការងារគណបក្សប្រចាំខែកក្កដា និងទិសដៅភារកិច្ចការងារប្រចាំខែសីហា ឆ្នាំ ២០២៣ ។

ឯកឧត្តមបានបន្តថា ការលើកទិសដៅភារកិច្ចការងារប្រចាំ ខែសីហា ឆ្នាំ ២០២៣ ត្រូវបន្តពង្រឹងថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឲ្យមានភាពរឹងមាំ ដោយជំរុញឲ្យមានការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពជាប់មិនដាច់ និងមានប្រសិទ្ធភាពខ្ពស់បំផុត ។

ឯកឧត្តមបន្ថែមថា បន្តជំរុញ ការដោះស្រាយតាមសំណូមពររបស់ប្រជាពលរដ្ឋ នៅឯមូលដ្ឋាន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ភ្លើង ទឹក មន្ទីរពេទ្យ និងសាលារៀន ។
ឯកឧត្តមបញ្ជាក់ថា បន្តជំរុញផលិតភាពកសិកម្ម ស្របតាមបច្ចេកទេសកសិកម្មថ្មី ធនទៅនឹងការប្រែប្រួលអាកាសធាតុ លើកកំពស់ទាំងបរិមាណ និងគុណភាព សុវត្ថិភាព ធានាសន្តិសុខស្បៀង និងឆ្លើយតបតាមតម្រូវការទីផ្សារ បន្តផ្សព្វផ្សាយអំពីការអនុវត្តគោលនយោបាយគាំពារសង្គម ឲ្យបានស្របតាមផែនការស្តារសេដ្ឋកិច្ចឡើងវិញ ដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ។
លោក ពាង ណារិទ្ធ អភិបាលរងខេត្តបានថ្លែងបញ្ជាក់ថា ក្នុងខែកក្កដា ឆ្នាំ ២០២៣ នេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងក្របខណ្ឌទូទាំងខេត្តបានល្អប្រសើរ ជាពិសេសក្នុងពេលយុទ្ធនាការឃោសនា និងការបោះឆ្នោតជ្រើស រើសតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ នាពេលកន្លងមក ព្រមទាំងពង្រឹងបាននូវកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរ និងកងកម្លាំង មានសមត្ថកិច្ច នៃប្រទេសជិតខាង ដែលជាការផ្តល់ឱកាសឲ្យមានការអភិវឌ្ឍនៅតាមព្រំដែន និងការអភិវឌ្ឍ លើគ្រប់វិស័យនៅទូទាំងខេត្ត ។ លោកអភិបាលរងបន្តថា ពិសេសរចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ បានរៀបចំត្រឹមត្រូវ និងបានពង្រឹងសមត្ថភាពយល់ដឹងក្នុងការអនុវត្តការងារបានច្បាស់លាស់ ។
លោកអភិបាលរងខេត្តបន្ថែមថា ការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ សម្រេចបានជោគជ័យ ដោយលទ្ធផលបោះឆ្នោត នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៣៣៤.៨៩៧ សម្លេង ស្មើនឹង ៨៥,២១ ភាគរយ ។
លោកអភិបាលរងខេត្តបញ្ជាក់ទៀតថា ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ បានធ្វើសកម្មភាពចិញ្ចឹមចលនាមហាជន និងរៀបចំឃោសនាបោះឆ្នោតយ៉ាងផុលផុស នៅឯគ្រប់មូលដ្ឋាន ប្រជាពលរដ្ឋច្រើនលើសលប់ នៅតែមានជំនឿជឿជាក់ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាព្រមទាំងគាំទ្រ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង