គណៈកម្មាធិការពិគ្រោះយោបលកិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី ៤៧ អាណត្តិទី ៣ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែសីហា និងលើកទិសដៅបន្ត
(ត្បូងឃ្មុំ): គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី ៤៧ អាណត្តិទី ៣ របស់ខ្លួន ក្រោមអធិបតីភាព លោកជំទាវ ខៀវ សាមួន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត(គ.ក.ស.ក) និងជាប្រធានកិត្តិយសនៃក្រុមការងារពង្រឹងការឆ្លើយតបពហុវិស័យចំពោះអំពើហិង្សាទាក់ទង និងយេនឌ័រ” ខេត្ត ។
កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៣ នៅក្នុងសាលប្រជុំ ខ សាលាខេត្តត្បូងឃ្មុំ ។
លោកជំទាវ ខៀវ សាមួន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះ ការសិក្សាលើភាពខ្វះចន្លោះនៃច្បាប់ និងការអនុវត្ត បញ្ហាប្រឈមដែលរាំងស្ទះដល់ប្រសិទ្ធភាព នៃការអនុវត្ត និងការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាតនានា ដោយសមាជិកដែលចូលរួមទាំងអស់ អាចលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អរអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៏ល្អទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ ។
លោកជំទាវ បញ្ជាក់ថា បើទោះបីជា គ.ក.ស.ក គ្រប់លំដាប់ថ្នាក់ទាំងអស់ខិតខំបំពេញភារកិច្ចសំរេចបាននូវលទ្ធផលការងារបានជាច្រើន និងល្អយ៉ាងណាក៏ដោយ ក៏នៅមានចំណុចខ្វះខាតតិចតួចដែលតម្រូវឱ្យសមាជិក ក្នុងអង្គប្រជុំទាំងអស់ ត្រូវរួមគ្នាដើម្បីរកនូវដំណោះស្រាយទៅលើចំណុចខ្វះខាតទាំងនោះ ឱ្យបានទាន់ពេលវេលា ពីព្រោះគោលបំណងដ៏សំខាន់បំផុតក្នុងកិច្ចប្រជុំនេះគឺរៀបចំឡើងដើម្បីត្រួតពិនិត្យទៅលើសមិទ្ធិផលការងារ ដែលសម្រេចបាន ស្វែងរកបញ្ហាប្រឈមចំណុចខ្វះខាត យកមករួមគ្នាពិនិត្យពិភាក្សារកដំណោះស្រាយ ទុកសម្រាប់ជាគន្លឹះក្នុងការអនុវត្តទិសដៅការងារបន្ត ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត ។
លោកជំទាវបានស្នើរដល់សមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ត្រូវចូលរួមឲ្យបានសហការគ្នាអនុវត្តការងារពាក់ព័ន្ធកិច្ចការស្ត្រី និងកុមារ ឲ្យមានប្រសិទ្ធភាព និងចូលរួមដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលជាការសំនូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយស្មារតីទទួលខុសត្រូវ និងជោគជ័យ ៕