ប្រធានក្រុមការងារចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក បានផ្ដល់គ្រឿងឥស្សរិយយស ជូនដល់អាជ្ញាធរឃុំវាលម្លូរចំនួន ៤១ នាក់ ដែលសកម្មការងារ ក្នុងអំឡុងពេលបោះឆ្នោតកន្លងមក  និងជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី ១២ ត្រៀមប្រឡងបាក់ឌុប សរុបប្រមាណជិត ៥០០ នាក់

( ត្បូងឃ្មុំ ):

ឯកឧត្តម  ប៉ា ម៉េងហុក ប្រធានក្រុមការងារចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងកោតសរសើរចំពោះអាជ្ញាធរ មូលដ្ឋានឃុំវាលម្លូរ ដែលបានខិតខំយ៉ាងសស្រាក់សស្រាំ ចុះជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយមិនខ្លាចនឿយហត់ ទើបទទួលបានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ដូចអាណត្តិនេះ ។
ឯកឧត្តមថ្លែងអំណរគុណបែបនេះ កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីស្នាក់ការបក្សឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងពិធីដែលឯកឧត្តម អញ្ជើញផ្ដល់គ្រឿងឥស្សរិយៈយស ជូនដល់អាជ្ញាធរឃុំវាលម្លូរចំនួន ៤១ នាក់ ដែលសកម្មការងារក្នុងអំឡុងពេលបោះឆ្នោតកន្លងមក និងជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី ១២ ជិត ៥០០ នាក់ ព្រមទាំងហូបអាហារសាមគ្គីយ៉ាងស្និតស្នាល ។
ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលជាស្នាដៃ របស់ក្រុមការងារមូលដ្ឋានឃុំវាលម្លូរកន្លងមក នេះបង្ហាញឱ្យឃើញពីការខិតខំរួមគ្នា របស់សមាជិកគណបក្ស គ្រប់ជាន់ថ្នាក់ក្នុងមូលដ្ឋានឃុំ ស្រុក ខេត្ត ជាពិសេសការរួមគ្នាយ៉ាងសកម្ម របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ក្នុងការជួយអភិវឌ្ឍន៍ភូមិនីមួយៗ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងរក្សាការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព លើកកម្ពស់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ឆ្លើយតបបានទាន់វេលា និងមានប្រសិទ្ធភាពខ្ពស់ចំពោះតម្រូវការប្រជាពលរដ្ឋ ។
ឯកឧត្តមក៏បានណែនាំដល់សមាជិកគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ក្នុងមូលដ្ឋានឃុំវាលម្លូរ ត្រូវយកចិត្តទុកដាក់រាល់សំណូមពរនានា ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ភូមិនីមួយៗបន្តទៀត ដើម្បីស្វែងរកប្រជាប្រិយភាព បន្តសកម្មភាពចុះជួយការងារគណបក្ស ទាក់ទាញនូវការជឿជាក់ និងទំនុកចិត្ត ប្រកបដោយភាពកក់ក្តៅ ការស្រឡាញ់គាំទ្រ និងបេះដូងរបស់ប្រជាពលរដ្ឋ មកលើគណបក្សទៅបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា ក្នុងការដណ្តើមប្រៀបឈ្នះ នៅក្នុងការបោះឆ្នោតបន្តបន្ទាប់ទៀត ។
ឯកឧត្តម ានបន្តប្រសាសន៍ថា ការសិក្សាគឺមានតម្លៃយ៉ាងធំធេងណាស់ ហើយចំពោះអ្នកដែលមានចំណេះដឹង ដែលជាលទ្ធផលកើតចេញពីការសិក្សា គឺវាមានតម្លៃស្មើនឹងគ្រាប់ពេជ្រ ។ ដូច្នេះសូមក្មួយៗសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រឱ្យបានសកម្មបំផុត ដោយមិនត្រូវយកពេលវេលាដ៏ល្អនេះ ទៅប្រព្រឹត្តនូវអំពើអ្វីដែលជាការឥតប្រយោជន៍នោះទេ ។
ឯកឧត្តម បានបញ្ជាក់ទៀតថា នៅប៉ុន្មានថ្ងៃខាងមុខនេះ ការប្រឡងនឹងមកដល់ហើយ ក្មួយៗនឹងបញ្ចប់ការសិក្សា នៅមធ្យមសិក្សាទុតិយភូមិ ដូច្នេះក្មួយៗត្រូវខិតខំរៀនសូត្រនូវថ្នាក់ឧត្តមបន្តទៀត ដើម្បីបង្កើនចំណេះដឹង និងជំនាញឆ្លើយតបបានទៅនឹងទីផ្សាការងារនាសម័យសកលភាវូនីយ៍កម្ម ទីផ្សាការងារនៅកម្ពុជាក្នុងតំបន់ និងសកលលោក ដែលកំពុងមានការរីកចម្រើនយ៉ាងលឿន អ្វីដែលសំខាន់នោះគឺក្មួយៗត្រូវខិតខំកសាងខ្លួនឯងឱ្យបានល្អ ជាប្រជាពលរដ្ឋល្អ សិស្សល្អ មិត្តល្អ ជាសសរទ្រូងរបស់ប្រទេសជាតិនាថ្ងៃអនាគតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង