ប្រជាពលរដ្ឋនៅលើទីទួលសុវត្តិភាព ទទួលបានបង្គន់អនាម័យចល័ត្ន ពីសាខាកាកបាទក្រហមឃុំចំនួនពីរ និងធុងទឹកស្អាតចំនួនពីរ សម្រាប់ប្រើប្រាស់

( ត្បូងឃ្មុំ ): សាខាកាកបាទក្រហមឃុំជីរោទ៍ទី ១ និងឃុំទន្លេបិត បានដឹកបង្គន់អនាម័យចល័ត្នចំនួន ២ បង្គន់ និងធុងទឹកស្អាតចំនួន ២ ធុង ដាក់ជូនដល់ប្រជាពលរដ្ឋប្រើប្រាស់នៅលើទីទួលសុត្តិភាព នារសៀលថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣ ។
ខណ:ទឹកទន្លេមេគង្គបានហក់ឡើងជាលើកទី ២ នេះ ប្រជាពលរដ្ឋតាមជួរដងទន្លេមេគង្គខេត្តត្បូងឃ្មុំ ដែលប្រឈមនឹងការ រងផលប៉ះពាល់ ដោយជំនន់ទឹកទន្លេចំនួន ២ ឃុំ បានមកបោះតង់ ជម្លៀសគោក្របីរបស់គាត់ មកស្នាក់នៅបណ្ដោះអសន្យ នៅលើទីទួលសុវត្តិភាព ទួលវិហា ក្នុងឃុំជីរោទ៍ទី ២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងនៅរសៀលថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣ ថា ប្រជាពលរដ្ឋដែលរងផល់ប៉ះពាល់នាពេលនេះ មាន ២ ឃុំ គឺឃុំជីរោទ៍ទី ១ មានភូមិចំនួ ៩ ភូមិ រងផល់ប៉ះពាល់ទាំង ៩ ភូមិ ក្នុងនោះប្រជាពលរដ្ឋមានចំនួន ១.៩៩៧ គ្រួសារ ស្មើនឹង ៧.១៧៦ នាក់ នៅក្នុងឃុំទន្លេបិត មានភូមិចំនួន ១៥ ភូមិ ប៉ះពាល់ ១០ ភូមិ ប្រជាពលរដ្ឋសរ៉ុបមានចំនួន ៤.៧១៧ គ្រួសារ រងផលប៉ះពាល់ចំនួន ២.៧២០ គ្រួសារ ស្មើនឹង ១១.៧៣២ នាក់ ។
លោក សេង សុខខឿន បញ្ជាក់ទៀតថា ប្រជាពលរដ្ឋដែជម្លៀគោក្របី ទៅស្នាក់នៅលើទីទួលសុវត្តិភាពនោះ ចំនួន ១០ គ្រួសារ មានមនុស្សចំនួន ៣៥ នាក់ ក្នុងនោះសត្វពាហន:គោ ១១៦ ក្បាល ក្របី ១៥ ក្បាល ដោយឡែកសត្វពពែ មិនទាន់នាំទៅនៅឡើយទេ ។
លោកអភិបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងទៀតថា ខណ:ប្រជាពលរដ្ឋរងផល់ប៉ះពាល់ បានទៅបោះតង់ភ្លាមៗនោះ ខាងសាខាកាកបាទក្រហមឃុំទាំងពីរ បានដឹកយកនូវបង្គន់អនាម័យចល័ត្នចំនួន ២ បង្គន់ និងធុងទឹកស្អាតចំនួន ២ ធុង ហើយនឹងមានរថយន្តទឹកនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដឹកទឹកស្អាតទៅដាក់ជូន សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ នៅលើទីទួលសុវត្តិភាពនោះប្រើប្រាស់ផងដែរ ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង